Ad Code

បើកឡាន​កុងតឺន័រ​ កៀរ​កិន​អ្នកជិះ​ម៉ូតូ​ អូស​ជាង​១០​ម៉ែត្រ រួច​បើក​គេច​ចូល​ទីតាំង​ក្រុមហ៊ុន​បាត់​



​ភ្នំពេញ ៖ បុរស​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង ត្រូវបាន​រថយន្ត​កុងតឺន័រ បើក​កៀរ​ រួច​កិន​ពីក្រោយ ​អូស​ជាង​១០​ម៉ែត្រ​ ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រេ​ន​ស្តារ តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ( ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​) ស្ថិតក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

សព​ជនរងគ្រោះ​មាន ឈ្មោះ ល័​ក្ខ អាយុ​ប្រហែល​២៦​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​SUZUKI ស្មា​ក់​រ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AR -2216 មុខរបរ​កម្មករ​សិប្បកម្ម​ឈើ មាន​ស្រុកកំណើត​នៅ​ភូមិ​៣២ ឃុំ​បុល​ខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ប្រពន្ធ​ និង ​កូនស្រី​២​នាក់ ក្នុង​បន្ទុក​ផងដែរ​។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ធ្វើដំណើរ​តែ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មមៗ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​បង្កហេតុ មិន​ចាំ​ស្លាក​លេខ បាន​បើក​មកពី​ក្រោយ ហើយ​កៀរ​ជនរងគ្រោះ​ឲ្យ​ដួល អូស​ទាំង​ម៉ូតូ​ និង​ ម្ចាស់ ប្រហែល​១០​ម៉ែត្រ និង ​កិន​ជនរងគ្រោះ ចំពាក់​កណ្ដាល​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ រួច​រថយន្ត​បន្ត​ល្បឿន ចូល​ទៅ​ក្រុម​ហ៊ុន​បាត់ស្រមោល​តែម្ដង។​

បើតាម​សម្ដី​មេជាង​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​ទើបតែ​ត្រឡប់​មកពី​លេង​ស្រុកកំណើត នៅឯ​ខេត្តកំពង់ចាម ហើយ​តេ​ទៅប្រាប់​ប្រពន្ធ​កូន​ថា រូបគេ​មកដល់​ភ្នំពេញ​ហើយ​ សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ។​ បន្តិចក្រោយមក​ ជនរ​ង​គ្រោះ ក៏​ខ្ចី​លុយ​គាត់​ជា​មេជាង​ចំនួន​៥$ រួច​ជិះ​ម៉ូតូ​ចេញ​ក្រៅ​បាត់ មិនទាន់បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែមាន​គេ​តេ​មក​ប្រាប់ ថា ម្ចាស់​ទូរស័ព្ទ​ត្រូវ​រថយន្ត​កិន​ស្លាប់​ហើយ​។​

ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ និង​បានធ្វើការ​ស្រាវជ្រាវ​ក្រែង​អាច រក​រថយន្ត​បង្ក​ និង​តៃកុង មក​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​បាន។ ចំណែក​សព​ ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu