Ad Code

ការ​រញ្ជួយ​ដី​ថ្មី​វាយប្រហារ​ប្រទេស​ហ្វីលីពីន ​ខណៈ​ការស្វែងរក​អ្នក​រស់រាន​មានជីវិត​នៅតែ​បន្ត​



​ក្រុម​អ្នក​ជួយសង្គ្រោះ​ហ្វីលីពីន​កំពុង​ព្យាយាម​ស្វែងរក​មនុស្ស​ជាង​២០​នាក់​ដែល​ត្រូវ​បាន​គេ​បារម្ភ​ថា​កប់​នៅ​ក្រោម​អគារ​មួយ​ក្បែរ​ទីក្រុង​ម៉ានីល​ដែល​បាន​ដួល​រលំ​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ខណៈ​ការ​រញ្ជួយ​ថ្មី​ដ៏​ខ្លាំងក្លា​បាន​វាយប្រហារ​ប្រទេស​នេះ​។

​ក្រុម​ស្ទាបស្ទង់​ភូមិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា ការ​រញ្ជួយ​ដី​ថ្មី​នៅ​លើ​កោះ Samar គឺ​មាន​កម្រិត​៦,៣​រ៉ិច​ទ័រ​ពោលគឺ​វា​មាន​កម្លាំង​ខ្លាំង​ជាង​ការ រញ្ជួយ​មួយ​ដែល​វាយប្រហារ​ជិត​រដ្ឋធានី​នៅ​ភាគ​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ​។អាជ្ញាធរ​កំពុង​ធ្វើការ​វាយតម្លៃ​អំពី​ការខូចខាត​ពី​ការ​រញ្ជួយ​ដី​ចុងក្រោយបង្អស់​ដែល​បាន​វាយប្រហារ​នៅ​ជម្រៅ​៧០​គីឡូម៉ែត្រ​។

​មន្ត្រី​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ការខូចខាត​ដ៏​អាក្រក់​បំផុត​ពី​ហេតុការណ៍​ថ្ងៃ​ចន្ទ​គឺ​នៅ​ក្នុង​ខេត្ត Pampanga ដែល​នៅ​ទីនោះ​មាន​អ្នក​ស្លាប់​ចំនួន​១១​នាក់​។ យោង​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ជាង​១០០​នាក់​ទៀត​បាន​រង​របួស​ដោយ​ការ​ធ្លាក់​កម្ទេច​កម្ទី​លើ​ដោយ​រួម​ទាំង​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ផង​ដែរ​។

​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើងជា​បន្ត​ទៀត​ខណៈ​ដែល​ក្រុមការងារ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​តំបន់​ជនបទ​ភាគច្រើន​ដើម្បី​វាយតម្លៃ​ការខូចខាត​នៅ​កន្លែង​ដាច់ស្រយាល​ដែល​ដាច់​ចរន្តអគ្គិសនី​និង​ការ​ទំនាក់ទំនង​។អ្នក​ជំនាញ​ខាង​រញ្ជួយ​ដី​ហ្វីលីពីន​បាន​និយាយ​ថា មានការ​រញ្ជួយ​តូច​ៗ​ជាង​៤០០​លើក​ចាប់​តាំងពី​ការ​រញ្ជួយ​ដី​លើកដំបូង​។

​ក្រុម​អ្នក​ជួយសង្គ្រោះ​ជាច្រើន​នាក់​នៅ​ក្នុង​ទីក្រុង Porac បាន​ប្រើ​ម៉ាស៊ីនស្ទូច​និង​ឧបករណ៍​បុក​ថ្ម​ដើម្បី​ទាញ​យក​បំណែក​ថ្ម​នៃ​អគារ​ផ្សារ​ទំនើប​កម្ពស់​បួន​ជាន់​មួយ​ដែល​នៅ​ទីនោះ​កាកបាទក្រហម​បាន​និយាយ​ថា មនុស្ស​ចំនួន​២៤​នាក់​កំពុង​បាត់​ខ្លួន​។

អភិបាលខេត្ត Pampanga ឈ្មោះ Lilia Pineda បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អ្នក​ជួយសង្គ្រោះ​នៅតែ​អាច​ឮ​សំឡេង​មនុស្ស​យ៉ាងតិច​ម្នាក់​ដែល​ជាប់​នៅ​ក្រោម​បំណែក​ថ្ម​ប៉ុន្តែ​ការ​ជីក​មានការ​ប្រុងប្រយ័ត្ន​ដើម្បី​ជៀសវាង​ការ​សង្កត់​ថ្ម​ជនរងគ្រោះ​ដោយ​ចៃដន្យ​។

​ការរញ្ជួយ​ដី​នេះ​ក៏បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ព្រះវិហារ​ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​ជាច្រើន​ផងដែរ​។អ្នកដំណើរ​រាប់ពាន់នាក់​ត្រូវ​ជាប់គាំង​បន្ទាប់ពី​អាជ្ញាធរ​អាកាសចរណ៍​បាន​បិទ​ព្រលានយន្តហោះ Clark​។គួរ​បញ្ជាក់ថា ប្រទេស​ហ្វីលីពីន​គឺជា​ផ្នែក​មួយ​នៃ “Ring of Fire” ប៉ាស៊ីហ្វិក​ដែលជា​ទីតាំង​មាន​សកម្មភាព​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ដែល​លាតសន្ធឹង​ពី​ប្រទេស​ជប៉ុន​តាម​អាស៊ីអាគ្នេយ៍​និង​ឆ្លងកាត់​តំបន់​ប៉ាស៊ីហ្វិក​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu