Ad Code

ក្រសួងមហាផ្ទៃ បញ្ជា​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​មនុស្ស​មក​ផ្ដន្ទាទោស​ឲ្យ​ខាង​តែ​បាន



​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​មនុស្ស​ឲ្យ​បាន ខណៈ​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​នៅតែ​បន្ត​កើតមាន​។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្តី​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិសដៅ​២០១៩ នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​សហការ​គ្នា និង​ពង្រឹង​ការទប់ស្កាត់​ករណី​ជួញដូរ​មនុស្ស និង​ផ្លូវភេទ​គ្រប់​រូបភាព​ទាំងអស់​អោយ​កាន់​តែមាន​ប្រសិទ្ធភាព។



សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ករណី​ជួញដូរ​មនុស្ស​នេះ នៅតែ​បន្ត​កើតមាន បើ​ទោះបី​ជា​ឆ្នាំ​២០១៨ មានការ​ធ្លាក់ចុះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ទោះជា​យ៉ាង ណាក៏ដោយ​ត្រូវតែ​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បាន​ទើប​បញ្ហា​នេះ​មិន​កើតមាន​បន្តទៀត​។



លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ប្ដេជ្ញា​បន្ត​សហការ​គ្នា​ជា​មួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ទប់ស្កាត់​ករណី​ជួញដូរ​មនុស្ស និង​ផ្លូវភេទ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ក្នុង​ឆ្នាំ​២០១៨​សរុប​ចំនួន ១៣/១៥៩​ករណី​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មានការ​ថយ​ចុះ​ចំនួន ២​ករណី ស្មើនឹង ១៤,៧២%៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu