Ad Code

ផ្ទះ​៣​ល្វែង ​ដែល​គេ​ទុកចោល ​ត្រូវ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ដុត ​បង្ក​ឲ្យ​​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​



​ភ្នំពេញ ៖​ បុរស​ម្នាក់ ដែល​គេ​សង្ស័យ​ថា ប្រើប្រាស់​ថ្នាំញៀន ​រហូត​បែក​ថ្នាំ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​ បណ្ដាលឲ្យ​រង​របួស ខណៈដែល​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​ដុត​ក្រដាស​ក្នុងផ្ទះ​របស់​គេ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គេ​ទុកចោល​យ៉ាង​សន្ធោសន្ធៅ​អស់​៣​ល្វែង ហើយ​ក្នុង​ហេតុការណ៍​នេះ​ក៏បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់ ដួល​សន្លប់​ផងដែរ​។​

ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៨​និង​១០​នាទី ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ជនសង្ស័យ​មាន​ ឈ្មោះ គង់ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ ស្នាក់នៅ​មិន​ពិតប្រាកដ។​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ផ្សែង និង​អណ្ដាតភ្លើង បានចេញ​ពីក្នុងផ្ទះ​កើតហេតុ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ មួយ​សន្ទុះ​ក្រោយមក ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​លោត​ចុះពីលើផ្ទះ​កើតហេតុ ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​សមត្ថកិច្ច។ ក្នុងករណី​នេះដែរ ក៏មាន​ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​ស្ដូកស្ដឹង ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ​ផងដែរ។​

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ហើយ​ចំពោះ​ករណី​អគ្គិភ័យ​ខាងលើនេះ មកពី​ជនសង្ស័យ​បាន​ដុត​ក្រដាស ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​បែបនេះ តែ​មិន​បណ្តាល​ឲ្យ​មានការ​រាលដាល​ដល់ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​

​ចំពោះ​ករណី​អគ្គិភ័យ​ខាងលើនេះ ​សមត្ថកិច្ច​បានចេញ​រថ​យន្ត​១៤​រឿង មក​អន្តរាគមន៍ និង​បាន​ប្រើប្រាស់​អស់​៤​គ្រឿង ទើប​រលត់ទៅវិញ​នៅ​ម៉ោង​០៩​និង​១០​យប់​ថ្ងៃ​ដដែល៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu