Ad Code

ម៉ឺន មេ​ឃា ជួប​ស៊ុប​ភើ ពែ​ក ខណៈ​កូយ ឡាយ​ សាក​ជាមួយ​ចេ​ន សឹក នៅ SEATV



​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​២​រូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​Wurkz លើស​ង្វៀន​SEATV រសៀល​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ ។ នោះ​គឺ អ្នក​ប្រដាល់​វ័យក្មេង ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ស៊ុប​ភើ ពែ​ក (Super Pek) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គ​.​ក្រ។

ស៊ុប​ភើ ពែ​ក គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​ម្តង​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​ស៊ុប​ភើ ពែ​ក​នេះ មាន​កម្ពស់​ទាប​ជាង​មេ​ឃា​តែ​បន្តិច​ប៉ុណ្ណោះ គឺ​១,៦៩​ម៉ែត្រ​ ខណៈ​មេ​ឃា​១,៧០​ម៉ែត្រ ប៉ុន្តែ​មាន​កំណត់ត្រា​ប្រកួត​ច្រើនជាង​មេ​ឃា គឺ​៥៦​លើក ឈ្នះ​៤៨​លើក ចាញ់​០៨​លើក មិនដែល​ស្មើ ។ ទោះជា​យ៉ាងនេះ​ក្តី ស៊ុប​ភើ ពែ​ក មិន​ប្រាកដថា អាច​យកឈ្នះ​លើ​ម៉ឺន មេ​ឃា បាន​នោះ​ឡើយ តែ​យ៉ាងណា​មេ​ឃា ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បានដែរ។

ម៉ឺន មេ​ឃា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​អតីត​ជើង​ខ្លាំង​អេ​ភូ​ថង​នោះ គេ​មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ កាយសម្បទា​រឹងមាំ។ គេ​មាន​កំណត់ត្រា​ប្រកួត​តែ​៣៧​លើក​ទេ ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៣៣​លើក​ទៅហើយ ដោយ​ចាញ់​តែ​០៤​លើក​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ម៉ឺន​មេ​ឃា គេ​ប្រហែលជា​មិន​ពិបាក​ក្នុង​ការជួប​ស៊ុប​ភើ ពែ​ក នោះទេ ព្រោះ​អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា​រូបនេះ ថ្វីត្បិតតែ​ជា​ជើង​ថ្មី និង​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​នៅឡើយ​ក្តី ក៏​អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ មិន​អន់​នោះដែរ។ ជា​លើក​ទី​៥ របស់​មេ​ឃា ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​។ ដូច្នេះ ចាំមើល​ តើ​ ម៉ឺន មេ​ឃា អាច​យកឈ្នះ ស៊ុប​ភើ ពែ​ក បាន​ឬ​អត់?។​

ចំពោះ​កូយ ឡាយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ ចេ​ន សឹក (Chen Sak) ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​ដែរ។

ចេ​ន សឹក គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​នេះ (១០​មីនា​២០១៩)​ដោយ​វាយ​ចាញ់​ម៉ឺន មេ​ឃា ក្នុង​ទឹក​ទី​២។ អ្នក​ប្រដាល់​ថៃ ចេ​ន សឹក នេះ មាន​កម្ពស់​ប្រហាក់ប្រហែល​កូយ ឡាយ គឺ​១,៦៧​ម៉ែត្រ ខណៈ​ដែល​កូយ​ឡាយ ១,៦៨​ម៉ែត្រ តែ​កំណត់ត្រា​ប្រកួត​ច្រើនជាង​កូយ​ឡាយ គឺ​៦០​លើក ឈ្នះ​៤៨​លើក ចាញ់​១២​លើក មិនដែល​ស្មើ។

ទោះជា​យ៉ាងនេះ​ក្តី ចេ​ន សឹក មិន​ប្រាកដថា អាច​យកឈ្នះ​លើ​កូយ ឡាយ បាន​នោះឡើយ តែ​យ៉ាងណា​កូយ​ឡាយ ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បានដែរ។

កូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំង ខណៈ​ដែល ​ចេ​ន សឹក គេ​មិនជា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ កម្លាំង​វាយ​ចេញ គឺ​ខ្សោយ​ជាង​កូយ ឡាយ ហើយ​ត្រូវ​បាក់​លោង​ក្រោម​ទម្ងន់​ជើង​ទាត់​របស់​មេ​ឃា​ម្តង​ហើយ​នោះ។ ទោះជា​បែបនេះ​ក៏ដោយ ក៏​កូយ ឡាយ មិនអាច​មើលងាយ ចេ​ន សឹក នោះដែរ ។
​ចេ​ន សឹក គេ​មក​ប្រកួត​ចុងក្រោយ​នៅ​ស្រុក​ខ្មែរ គឺ​វាយ​ចាញ់​ម៉ឺន មេ​ឃា ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​១០​ខែ​មីនា​ ឆ្នាំ​២០១៩។ ចំណែក​ការប្រកួត​ចុងក្រោយ​របស់​កូយ ឡាយ វិញ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ដោយ​ពិន្ទុ។​

សម្រាប់​ការជួបគ្នា​រវាង​កូយ ឡាយ និង ចេ​ន សឹក​នេះ មិនដឹងថា​នរណា​ជា​អ្នកទទួលបាន​ជ័យជម្នះ​នោះឡើយ?​។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ រីឯ លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu