Ad Code

ឆ្នាំនេះ ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ ​សប្បុរសជន​មកពី​គ្រប់ទិសទី​ប្រមូល​ថវិកា​បាន​ចំនួន​១៣៥,៥៣៩​ដុល្លារ ​កើន​ជាង​ឆ្នាំមុន​



​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្ធ​ពិធី​ខួប​ទី​១៥៦​ ទិវា​ពិភព​លោក​កាកបាទក្រហម​៨​ឧសភា ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា ដោយមាន​ការចូលរួម លោក​ជំទាវ ម៉ៅ​ ម៉ា​ល័យ ​កែ​គឹមយ៉ាន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ លោក​ សួន​ បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​ខេត្ត លោក​ លី​ សារី ​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​ក្រហម​កម្ពុជា​ខេត្ត​ និង​សប្បុរសជន ​បាន​ចូលរួម​ជិត​១.០០០​នាក់​ផងដែរ​។​

ក្នុងនោះ​ លោក​ លី​ សារី​ បាន​មានប្រសាសន៍ថា​ ការ​បង្កើត​សាខា​កាកបាទក្រហម​នេះ​ឡើង ​ក្នុង​គោលបំណង​កៀរគរ​រក​ជំនួយ​ពី​សប្បុរស​ឲ្យ​បាន​ច្រើន ​ដើម្បី​ផ្តល់​សេវាកម្ម​មនុស្សធម៌​យកទៅជួយ​ជន​ដែល​ត្រូវ​រងគ្រោះ​មហន្តរាយ​ផ្សេងៗ​។​

លោក​ លី​ សារី​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ចំណុចខ្លាំង​លើ​លទ្ធភាព​ នៃ​ការ​កៀរគរ​ជំនួយ​សប្បុរស​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា​នេះ​ ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ហើយ​ផ្សព្វ​ផ្សាយ​ និង​បញ្ជូន​លិខិតអញ្ជើញ​ទៅដល់​ដៃ​មុខសញ្ញា​ជា​ឥស្សរជន មន្ត្រីរាជការ កម្លាំង​ប្រដាប់អាវុធ និយោជក ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកធ្វើការ​ឲ្យ​រៃអង្គាស​ដៃគូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន​ផ្សេង​ទៀត ព្រះសង្ឃ គណៈកម្មការ អាចារ្យ​ ដើម្បី​ចូលរួមចំណែក​បរិច្ចាគ​ជំនួយ​សប្បុរស​។

​លោក​ លី សារី បន្ត​ថា ​ក្នុង​ទិវា​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ពិភពលោក​លើក​ទី​១៥៦ ខេត្ត​បន្ទាយមានជ័យ ​នា​ថ្ងៃទី​៦ ​ខែឧសភា ​ឆ្នាំ​២០១៩​នេះ​ សូម​មន្ត្រី អ្នក​ពាក់ព័ន្ធ​ទាំងឡាយ ​សូម​អនុវត្ត​អនុសាសន៍​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ឲ្យ​បាន​ល្អ​ និង​មាន​ប្រសិទ្ធភាព ​ពោល​គឺ​សូម​ធ្វើយ៉ាងណា​ រៀបចំ​ឲ្យ​បានល្អ ហើយ​ទាក់ទាញ​ជំនួយ​សប្បុរស​ឲ្យ​បាន​ច្រើន​ពោល គឺ ​បើ​មិនបាន​លើស ​ក៏​ប្រហាក់ប្រហែល​ឆ្នាំ​២០១៨​ដែរ។

​ក្នុងនោះ​ លោក ​សួន​ បវរ​ បាន​មានប្រសាសន៍​ដែរ​ថា​ ជំនួយ​សប្បុរសធម៌​គិត​ជា​ចំណូល ចំណាយ​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​គិត​ប៉ុន្មាន​ឆ្នាំនេះ បាន​កើន​ឡើងជា​លំដាប់ ឧទាហរណ៍ ឆ្នាំ​២០១៤ បាន​ចំណូល​គិត​ជា​ប្រា​ក់​ជាង​៤​ម៉ឺន​ដុល្លារ ដល់​ឆ្នាំ​២០១៨ ចំណូល​បាន​ជិត​១៥​ម៉ឺន​ដុល្លារ ចំណាយ​អស់​ជិត​១០​ម៉ឺន​ដុល្លារ ចំណែក​ទំហំ​ និង​បរិមាណ​គ្រោះ​ធម្មជាតិ​ក្នុង​ខេត្ត​នេះ ​បាន​កើន​ឡើងជា​លំដាប់​។​

សូមបញ្ជាក់ថា លើ​ ក្រុង ស្រុក ទាំង​៩ គ្រាន់តែ​ក្នុង​១​ខែ​មេសា ​ឆ្នាំ​២០១៩ ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ផ្ទះ និង​សំណង់​ចំនួន​១.៥០០​ខ្នង ក្នុង​នោះ មាន​សាលាឃុំ ២​ខ្នង​សាលារៀន​១៨​ខ្នង សាលា​បាលី ២​ខ្នង កុដិ ៤​ខ្នង សាលាឆាន់ ៣ ខ្នង មូលដ្ឋាន រោង​ដាក់​ម៉ាស៊ីន ​និង សម្ភារៈ ៦ ខ្នង រន្ទះ​បាញ់​ស្លាប់​មនុស្ស​៦​នាក់ របួស​៦​នាក់ រន្ទះបាញ់​ស្លាប់​គោ​១៥​ក្បាល។​

ក្រោយពី​បញ្ចប់​កម្មវិធី​សប្បុរសជន​ជិត​១,០០០​នាក់​ បាន​ចូលក្នុង​កម្មវិធី​កាកបាទក្រហម​ខេត្ត​ទាំង​អស់​សរុប​មាន​ចំនួន​ទឹក​ប្រាក់​រៀល​២២០,១៦៥,៧០០​រៀល ប្រាក់​បាត​៦៥,៥០០​បាត ប្រាក់​ដុល្លារ​៧៩,៨២៥​ដុល្លារ សរុប​គិត​ជា​ដុល្លារ​១៣៥,៥៣៩​ដុល្លារ ​សម្រាប់​យកទៅជួយ​ជនរងគ្រោះ​ដែល​មាន​ទុក្ខ​លំបាក​ផ្សេងៗ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu