Ad Code

អាមេរិក​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​និង​កងកម្លាំង​យន្តហោះ​បំផ្ទុះ​គ្រាប់បែក​ទៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ព្រមាន​អ៊ីរ៉ង់​



ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថាសហរដ្ឋអាមេរិក​នឹង​បញ្ជូន​នាវា​ដឹក​យន្តហោះ​មួយ​គ្រឿង​និង​ក្រុមការងារ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដើម្បី​ជា​ការ​ព្រមាន​ដ៏​ច្បាស់លាស់​មួយ​ចំពោះ​ប្រទេស​អ៊ីរ៉ង់​។

​លោក Bolton បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​និង​ការព្រមាន​ជាច្រើន​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង​និង​បញ្ហាសហរដ្ឋអាមេរិក​នឹង​ដាក់​ពង្រាយ​នាវា​ដឹក​យន្តហោះ USS Abraham Lincoln និង​កងកម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​បញ្ជា​កណ្ដាល​របស់​អាមេរិក​”​។

​លោក Bolton បាន​និយាយថា “​ការដាក់​ពង្រាយ​នេះ​គឺមាន​គោលបំណង​ផ្ញើ​សារ​ច្បាស់លាស់​និង​ប្រាកដប្រជា​មួយ​ទៅកាន់​របប​អ៊ីរ៉ង់​ថាការវាយប្រហារ​ណាមួយ​ទៅលើ​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក​ឬ​ទៅលើ​សម្ព័ន្ធមិត្ត​របស់​យើង​នឹងត្រូវ​ជួបប្រទះ​នឹង​កម្លាំង​ដែល​មិន​បង្អង់​ដៃ​”​។

​លោក​និយាយទៀតថា “​សហរដ្ឋអាមេរិក​មិន​ចង់​ស្វែងរក​សង្គ្រាម​ជាមួយនឹង​របប​អ៊ីរ៉ង់​ទេ​ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​ដើម្បី​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ណាមួយ​មិន​ថា​ដោយ​កងកម្លាំង​ឆ្មាំ​បដិវត្ត​ឥស្លាម​ឬ​កងកម្លាំង​អ៊ីរ៉ង់​ធម្មតា​នោះទេ​”​។

​ថ្វីបើ​លោក​មិនបាន​លើកឡើង​អំពី​សកម្មភាព​ជាក់លាក់​របស់​អ៊ីរ៉ង់​ដែល​បង្ក​ឲ្យ​មាន​កង្វល់​ថ្មី​ក៏ដោយ​ប៉ុន្តែ​ប្រទេស​អ៊ីរ៉ង់​ទើបតែ​ព្រមាន​ថាខ្លួន​នឹង​រារាំង​ច្រក​សមុទ្រ Hormuz ប្រសិនបើ​ខ្លួន​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ប្រើប្រាស់​ផ្លូវ​ទឹកជា​យុទ្ធសាស្ត្រ​នេះ​។ ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ប្រេង​ដែល​ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក​គឺ​បាន​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​នេះ​។

​វា​កត់សម្គាល់​ជា​សកម្មភាព​ចុងក្រោយ​បំផុត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ដែលមាន​គោលបំណង​បង្កើន​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​ ការដាក់​ពង្រាយ​នេះ​ក៏​កើតឡើង​ផង ដែរ​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​តេ​រ៉ង់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu