Ad Code

ការ​ប្រណាំង​រថយន្ត​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​’​ព្រៃ​ឡង់​’​ ក្រោម​ប្រធានបទ ​’​រួមគ្នា​ថែរក្សា​បរិស្ថាន និង ធនធានធម្មជាតិ​’



សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រោម​ការ​ឧបត្ថម្ភ​ពី​ប្រេង​តូ​តា​ល់ បានរៀបចំ​ការប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​តំបន់​ដែនជម្រកសត្វព្រៃ​’​ព្រៃ​ឡង់​’ Khmer Rally Raid 2019 ក្រោម​ប្រធានបទ​’​រួមគ្នា​ថែរក្សា​បរិស្ថាន និង ធនធានធម្មជាតិ។

ការប្រណាំង​រថយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស រ៉ា​លី​រ៉េដ ២០១៩ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧​ឧសភា​នេះ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​២០​ ខែ​ឧសភា ឆ្នាំ​២០១៩។​

ក្នុង​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃទី​៦​ឧសភា លោក​ពៅ តិច​ឡេង​ដែលជា​នាយក​ក្រុមហ៊ុន​Ka ra ដែលជា​ក្រុមហ៊ុន ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ដ​នោះបាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ដ​ឆ្លងកាត់​ឧបសគ្គ​នេះ​គឺ​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​’​ព្រៃ​ឡង់​’​ក្រោម​ប្រធានបទ​’​រួមគ្នា​ថែរក្សា​បរិស្ថាន និង ធនធានធម្មជាតិ​’។​

​នេះ​ជា​លើក​ទី​៤​ហើយ​ដេ​ល​Kara​ទទួល​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ។ ការប្រណាំង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧​ដល់​ ២០​ឧសភា ដោយ​ឆ្លងកាត់​ភ្នំ វាលភក់ វាលស្រែ និង​ស្ថានភាព​ផ្លូវ​លំបាកៗ​ជាច្រើន​ទៀត។

ការប្រណាំង​នៅ​ថ្ងៃទី​១​ គឺ​ថ្ងៃទី​១៧​ឧសភា ​គឺ​ប្រជុំ​បច្ចេកទេស​ថ្ងៃទី​១៨​ ដែលជា​ថ្ងៃទី​២​ ក្បួន​ប្រណាំង​នឹង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ ខេត្ត​កំពង់ធំ​ លើ​ចម្ងាយ​ផ្លូវ​ជា​២០៣​គីឡូម៉ែត្រ​។ ​នៅ​ថ្ងៃទី​៣​ក្បួន​ប្រណាំង​ចេញដំណើរ​ពី​ខេត្តកំពង់ធំ ​ឆ្ពោះទៅ​ខេត្តព្រះវិហារ​លើ ចម្ងាយ​ផ្លូវ​ជាង​២៧​គីឡូម៉ែត្រ និង​ថ្ងៃទី​៤ ចេញដំណើរ​ពី​ខេត្តព្រះវិហារ​លើ​ចម្ងាយ​ផ្លូវ​១៩៣​គីឡូម៉ែត្រ។​

ការប្រណាំង​នេះ​មាន​ប្រទេស​ចំនួន​៨​ចូលរួម ដោយមាន​រថយន្ត​ចូលរួម​ប្រណាំង​ចំនួន​១៥​គ្រឿង ​និង​ម៉ូតូ​ចំនួន​២០​គ្រឿង មាន​កីឡា​ការិនី​ចំនួន​៣​រូប​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​នេះដែរ។​

លោក​ហូរ សិទ្ធី​គុណ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សហព័ន្ធ​នេះ ​កម្ពុជា​បង្កើតឡើង​នៅ​ឆ្នាំ​២០១៣ ហើយពី​ពេលនោះ​មកទល់ពេលនេះ កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ដោយ​រួមមាន​ទាំង​ការប្រណាំង​ជា​លក្ខណៈ​អន្តរជាតិ​ឆ្លងកាត់​ប្រទេស​ទៀត​ផង។​

លោក​បន្តថា សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បានការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​ប្រណាំង​ម៉ូតូ​អន្តរជាតិ​(FIM) និង​សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត​អន្តរជាតិ​(FIA)។ ការប្រណាំង​ត្រូវ​គិត​ទៅលើ​ថិរវេលា និង​បច្ចេកទេស និង​ច្បាប់ ព្រោះ​ការប្រណាំង​នៅតាម​ទីប្រជុំជន​សហព័ន្ធ​ត្រូវ​កំណត់​ល្បឿន​ឲ្យ​បើកបរ​គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​លឿន​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន។

លោក​អនុប្រធាន​សហព័ន្ធ​បន្តថា ​កា​ប្រណាំង​នេះ គឺមាន​ការចូលរួម​ពី​អាជ្ញាធរ ភ្នាក់ងារ​មាន​សមត្ថកិច្ច​គ្រប់​ទីកន្លែង​ដែល​ការប្រណាំង​ឆ្លងកាត់។​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ជា​លើក​ទី​២​ហើយ ដែល​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា រៀបចំ​ការប្រណាំង​រថ​យន្ត​នេះ។ សម្រាប់​ឆ្នាំនេះ ការប្រណាំង​ឆ្លងកាត់​៣​ខេត្ត​ដែរ ​គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ និង​សៀមរាប ពិសេស​ក្បួន​បាន​ឆ្លងកាត់​មួយផ្នែក​ នៃ​ដែនជម្រកសត្វព្រៃ​ឡង់។​

លោក​អះអាងថា ដែនជម្រកសត្វព្រៃ​ឡង់​មាន​ទំហំ​ជាង​៤៣​ម៉ឺន​ហិកតា ដែល​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​៤​ គឺ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង ខេត្ត​ស្ទឹងត្រែង។ ក្បួន​ប្រណាំង​នេះ នឹង​ជួយ​អប់រំ​ប្រជាជន​ឲ្យ​បោះបង់ចោល​ការចូល​ព្រៃ​បរបាញ់​សត្វ និង​កាប់​ព្រៃ​ដោយ​ណែនាំ​ពួកគាត់​ឲ្យ​ងាក​មក​ចាប់​អាជីព​ដែល​ទាក់ទង​នឹង​ទេសចរណ៍​ដើម្បី​ចិញ្ចឹម ជីវិត​ដូចជា​លក់​ម្ហូបអាហារ ឬ ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរណ៍​វិញ។​

សូម​បញ្ចា​ក់ថា ជាមួយនឹង​ការធ្វើ​សន្និសីទកាសែត​នេះ ក្រុមហ៊ុន​តូ​តា​ល់ និង ក្រុមហ៊ុន​Kara​ក៏បាន​ចុះ​MOU​ស្ដី ពី​ការបន្ត​សហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​បន្តទៀត។​

កាលពី​ឆ្នាំ​២០១៨ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ បាន​ឆ្លងកាត់​៣​ខេត្ត គឺ​ខេត្ត​កំពង់​ស្ពឺ ខេត្ត​កំពត និង ខេត្ត​ព្រះសីហនុ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu