Ad Code

​កិច្ចប្រជុំ​ប្រចាំឆ្នាំ រវាង​រាជរដ្ឋាភិបាល​និង​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ផ្ដោតលើ​ការ​គាំពារ​សង្គម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ ឧសភា ឆ្នាំ​២០១៩​នេះ​ បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នៃ​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ដឹក នាំ​ដោយ​លោកស្រី ប៉ូ​លីន ថា​មេ​ស៊ី​ស (Pauline Tamesis) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ដែល​នៅក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​៣ ដែល​ពាក់ព័ន្ធ​កិច្ច​គាំពារ​សង្គម ,​ទិន្នន័យ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់ជាតិ​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។



លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ ពី​ជំនួប​នោះ​ថា​ លោកស្រី ប៉ូ​លីន ថា​មេ​ស៊ី​ស​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ថា​៖ អង្គការសហប្រជាជាតិ​សូម​សំដែង​ការអបអរសាទរ​ចំពោះ​ការងារ​ដែល​បាន​អនុវត្ត​នា​ឆ្នាំ​កន្លង​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​និង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​។


លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ទៀតថា នៅ​កិច្ចប្រជុំ​នោះ​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​នូវ ៣​ចំណុច​។ ចំណុច​ទី​១-​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​គាំពារ​សង្គម​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បានលើកឡើង​នូវ​៣​ចំណុច​ទី​១.​គឺ​ការសម្របសម្រួល​រវាង​ស្ថាប័នរដ្ឋ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការកសាង​សមត្ថភាព​, ទី​២-​កិច្ចការ​គាំពារ​សង្គម​និង​ហិរញ្ញវត្ថុ​និង​ទី​៣-​ការ​គាំពារ​សង្គម​ជាមួយនឹង​ការអនុវត្ត​ប្រកបដោយ​សមភាព​។



ទាក់ទង​បញ្ហា​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ដោយ​ក្រសួង​ចំនួន ៧ ធ្វើការ​បកស្រាយ​ជូន​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ក្នុងនោះ​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​,​ក្រសួងសុខាភិបាល​,​ក្រសួងផែនការ​,​ក្រសួង​កិច្ចការនារី ក្រសួង​សង្គមកិច្ច និង​ក្រសួង​អប់រំ​។



​ពាក់ព័ន្ធ​បញ្ហា​នេះ​ផងដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ន្ត្រី​កម្ពុជា​ក៏បាន​ជម្រាបជូន​ភ្ញៀវ​ថា​៖ កម្ពុជា ការ​ដើមឡើយ​មាន​ភាពក្រីក្រ​រហូតដល់ ១00% ហើយក៏​មានការ​ចាប់ផ្ដើម​ឡើង​និង​មានការ​គាំពារ សង្គម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​មន្ត្រីរាជការ​,​រហូតដល់​មានការ​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលជា​កម្មការិនី​នៅតាម​រោងចក្រ និង​ចុងក្រោយ​មានការ​គាំពារ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ភាពក្រីក្រ​និង​ក៏បាន​ធ្វើ​ការងារ​មួយចំនួន​ថែមទៀត​រួមទាំង​កាត់បន្ថយ​ការកាត់បន្ថយ​តម្លៃ​អគ្គិសនី ការកាត់បន្ថយ​ថ្លៃ​ទឹក​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​,​ការជីក​អណ្តូងទឹក ស្រះ​ទឹកជា​ដើម​នោះ​គឺ​សុទ្ធតែជា​កិច្ច​គាំពារ​សង្គម​តែម្ដង​។



លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ទៀតថា​ចំណុច​ទី​២ ដែល​ក្រុម​អង្គការសហប្រជាជាតិ​បាន​លើក ឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ គឺ​ពាក់ព័ន្ធ​ទៅ​ទិន្នន័យ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។



ចំណុច​ទី​២​នេះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ចំនួន​៤ ធ្វើការ​បកស្រាយ​ជូន​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ក្នុងនោះ​មាន​ក្រសួងផែនការ​,​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​,​ក្រសួង​កិច្ចការនារី​និង​ក្រសួង​អប់រំ យុវជន និង កីឡា​។

​ចំណុច​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​បញ្ជាក់​ចំពោះ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដែល​ស្នើ​ឲ្យ​មានការ​បង្កើន​នូវ​ថវិកាជាតិ​និង​ពង្រឹងសមត្ថភាព​មន្ត្រី​ស្ថាប័ន​ការងារ​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បកស្រាយ​ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​និង​ផ្ដល់​ថវិកាជាតិ​ជាប្រចាំ សង្ឃឹមថា នឹង​បង្កើន​ថវិកា​ថែមទៀត​សម្រាប់​ការងារ​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ​នេះ។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​សមត្ថភាព​ស​ម្ដេចក៏​បាន​ធ្វើ​ការណែនាំ​ឲ្យ​ធ្វើ​យ៉ាង​ណា​មានការ​ជំរុញ​ឲ្យ​មានការ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ក៏ដូចជា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​ ដើម្បី​ជំរុញ​ការអប់រំ​រហូតដល់​ថ្នាក់​បញ្ញា​និង​បញ្ញា​ជាន់ខ្ពស់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ​នេះ​។



ចំណុច​ទី ៣ ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​មានការ​ចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់​ជាតិ​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​នៅ​ខែកក្កដា​ឆ្នាំ ២០១៩​នេះ និង មានការ​ចូលរួម​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។

ចំណុច​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​ក្រសួងផែនការ​ធ្វើការ​បកស្រាយ​ហើយ​សម្តេច​បាន​បន្ថែម​ផងដែរ​ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ប្រជុំ​នៅ​ខែ កក្កដា​ខាងមុខនេះ​។ ពាក់ព័ន្ធ​ការស្នើ​ឲ្យ​មានការ​គាំទ្រ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​សម្ដេច​បាន​លើកឡើងថា ​រាល់​ថ្ងៃ​នេះ​ប្រព័ន្ធ​ការងារ​គឺ​មាន​ការ​សម្របសម្រួល​គ្នា​ដោយមាន​ការចូលរួម​ជាពិសេស​ពី​ឧ​ត្ត​ម​ក្រុម​ប្រឹក្ស​សេដ្ឋកិច្ចជាតិ​ផងដែរ​។

គួរ​បញ្ជាក់​ថា ជំនួប​រវាង​ប្រតិភូ​ក្រុម​ការ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​និង​រាជរដ្ឋាភិបាល​តែង​ជួបគ្នា ១​ឆ្នាំ​ម្តង​ជា​រៀងរាល់​ឆ្នាំ​ហើយ​នេះ​ជា​លើក​ទី ៥ ហើយ​ដែល​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ជួប​ជាមួយនឹង​រាជរដ្ឋាភិបាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu