Ad Code

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​ ហ៊ាន​ប្ដឹង​ជំទាស់​ជាមួយ​ការ​សម្រេច​របស់​ចៅហ្វាយខេត្ត​មែន​?



កំពង់ស្ពឺ ៖​ លោក​ ឈៀង ​តុលា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​ ពិតជា​ថ្លើម​ធំ​ ហ៊ាន​ប្តឹង​ជំទាស់​ការសម្រេច​របស់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​ ជុំវិញ​ករណី​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ រស់នៅ​លើ​អតីត​ដី​ចំ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ស្វាយចន្ទី​អ៊ុក​ឃុន​មែនឬ​?​។​

ប្រភពពី​មន្ត្រី​ដែល​ស្និត​នឹង​លោក ​វ៉ី​ សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បង្ហើប​ប្រាប់ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៦​ ខែឧសភា ​ឆ្នាំ​២០១៩​​​ថា​ លោក​ឈាង​ តុលា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​ ដែល​ធ្លាប់តែ​ល្បីល្បាញ​ពាក់ព័ន្ធ​រឿងអាស្រូវ​ក្នុង​បទល្មើស​ព្រៃ​ឈើ និង​ប្តូរ​ដី​ជា​ច្រើន​កន្លែង​ តាំងពី​ពាយ័ព្យ​(​ឧ​ត្តរ​មានជ័យ​) ភូមិភាគ​ឦសាន្ត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ក្លាយជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ ក្រោយពី​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​។​

ក្នុងការ​ដឹកនាំ​កន្លងមក​លោក ​ឈាង ​តុលា​ ឮ​តែ​កូនចៅ​ប្តឹង​មិនចេះចប់​មិនចេះ ​ហើយ​មិនទាន់​ដោះ​ស្រាយ​ចប់សព្វគ្រប់​ផង ស្រាប់តែ​ពេលនេះ ​លោក​ ឈៀង ​តុលា ​ប្តឹង​ទាស់​លិខិត​របស់ លោក ​វ៉ី​សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​ មិន​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ទៀត​។​

មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​ភូមិបាល​ខេត្ត​កំពង់ស្ពឺ​ សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​«​មន្ត្រី​របស់​យើង​ខិតខំ​អនុវត្តន៍​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់​ ក៏ដូចជា​លិខិតបទដ្ឋាន​នានា​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ ដើម្បី​ផ្តល់​សិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​តាំង​ពីមុនមក​ដល់ពេលនេះ ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​ តែ​លទ្ធផល​ចុង​ក្រោយ ​លោក​ ឈៀង​ តុលា​ បែរជា​ប្តឹង​ទាស់​មិនឲ្យ​ខេត្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ទៅ​វិញ​។ តើ​ថ្នាក់ដឹកនាំ​ខេត្ត​ និង​រាជរដ្ឋាភិបាល​ ទុក​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ ឬ​យ៉ាងណា​?​។​

អាជ្ញាធរ​ឃុំ​ត្រែងត្រយឹង​បាន​និយាយថា ​«​ដី​ដែល​មន្ត្រ​សុរិយោដី​កំពុង​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នោះ ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​អ៊ុក​ ឃុន​ ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ​ជាមួយ​ប្រជា​ពល​ជាង​២០​ឆ្នាំ​មក​ហើយ​»​។​

ក្រុមហ៊ុន​នេះ​ចេះតែ​អះអាង​ថា ​ខ្លួន​បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ ប៉ុន្តែ​ការពិត​ទីតាំង​ទំនាស់​នោះ​សុទ្ធ​តែ​ភូមិឋាន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​អាស្រ័យ​ផល​ចម្ការ​ដំណាំ ​សាលារៀន​ មន្ទីរពេទ្យ ​វត្ត​អារាម​ទីតាំង​អង្គភាព​យោធា​ជា​ច្រើន​ ទើប​រដ្ឋាភិបាល ​សម្រេច​ប្រគល់​ជូន​ផ្នែក​ជំនាញ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​តាម​លក្ខណ​ប្រព័ន្ធ​។

ប្រសិនបើ​ លោក ​ឈាង​ តុលា​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​ ប្តឹង​ទាស់​បែបនេះ​មែន​នោះ ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​តាម​លំដាប់ថ្នាក់​ ពិតជា​មិន​យល់ព្រម​ទេ ​ហើយ​នឹង​លើក​សំណើ​ជូនទៅ​លោក​អភិបាល​ខេត្ត​ជា​ម៉ែឪ​ឲ្យ​ជួយ​ដោះស្រាយ​រឿងនេះ​ជាមិនខាន​ឡើយ​។

សូមបញ្ជាក់ថា ​ក្រុមហ៊ុន​អ៊ុក​ ឃុន ​បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ​ តែ​ក្រុមហ៊ុន​នេះ​ មិនបាន​អភិវឌ្ឍន៍​តាម​ផែន​ការណ៍​របស់ខ្លួន​ទេ​ ចេះតែ​កាង​ដី​ទុក​បង្ក​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ​រហូតមក ​ទើប​រដ្ឋាភិបាល​សម្រេច​ប្រគល់​ចម្ការ​ស្វាយ​ចន្ទី​៥០​ហិកតា​ឲ្យ​ទៅ​តំណាង​ក្រុមហ៊ុន​សិង្ហបុរី​។

ក្រៅពីនោះ ​រដ្ឋាភិបាល​ បាន​ឲ្យ​ក្រសួង​ដែនដី​នគររូបនីយកម្ម​ និង​រដ្ឋបាលខេត្ត​ វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​២០១៧​មក ​ទើប​តែ​ថ្ងៃទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ លោក​ ឈៀង​តុលា​ បុរស​ខ្លាំង​ធ្លាប់​ចល័ត​ខ្លួន​ពេញ​ផ្ទៃ​ប្រទេស​ ហ៊ាន​ចេញ​លិខិត​ប្តឹង​ទាស់​ជាមួយ​រដ្ឋបាល​ខេត្ត​ ក៏​ដូចជា​រដ្ឋាភិបាល​តែម្តង​។​

សូម​រង់ចាំ​មើល​បន្តទៀត​ លើ​លិខិត​ប្តឹង​របស់ លោក​ ឈៀង ​តុលា​ តើ​មាន​ប្រសិទ្ធភាព​ជាង​រដ្ឋបាល​ខេត្ត​ ឬ​យ៉ាងណា​?

អាជ្ញាធរ​ស្រុក​ភ្នំស្រួច​បានឲ្យ​ដឹងថា ​បច្ចុប្បន្ន​នេះ ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ អ៊ុក ​ឃុន​ នៅ​ឃុំ​ត្រែងត្រយឹង​ កាន់តែ​បង្ក​ភាព​ស្មុគស្មាញ​ក្នុង​ករណី​ទំនាស់​ដីធ្លី​ ធ្វើឲ្យ​អាជ្ញាធរ​ពិបាក​ដោះស្រាយ​យ៉ាងខ្លាំង​។​

ប្រភព​បន្តទៀតថា ​«​ក្រុមហ៊ុន​អ៊ុក​ឃុន ​បាន​កែន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ មក​ចាប់​ទន្ទ្រាន​ហ៊ុមព័ទ្ធ​ពុះ​ចែក​ដី​ឡូត៍​លក់​ដូរ​យ៉ាង​អនាធិបតេយ្យ ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ ​ហើយ​ពេលនេះ ​ក្នុង​តំបន់​នោះ ​ស្ទើរ​ក្លាយជា​តំបន់​អភិគម​(​ភាព​អនាធិបតេយ្យ​)»​។​

អាជ្ញាធរ​ស្រុក​ភ្នំស្រួច​បានឲ្យ​ដឹងថា ​«​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន​ បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​លោកស្រី​សុខ ​សុភាព ​និង​មាន​លោក ​អ៊ុក​ វិច្ឆិកា ​កូនប្រុស​ជា​ដំណាង​ក្រុមហ៊ុន ​ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​»​។​

សូម​រម្លឹកថា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន​ បានទទួល​សិទ្ធិ​វិនិយោគ​សម្រាប់​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ ស្ថិតនៅក្នុង​ឃុំ​ចំនួន​០៣ ​គឺ​ឃុំ​ត្រែងត្រយឹង ​ឃុំ​អូរ​ និង​ឃុំ​ដំបូក​រូង ​ស្រុក​ភ្នំ​ស្រួច​ លើ​ផ្ទៃដី​ទំហំ​សរុប​ប្រមាណ​ជាង​១២.៥០៦​ហិកតា ​ដោយបាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​១៩៩២​។​

នៅ​អំឡុង​ឆ្នាំ​១៩៩២ ​នៅ​ស្រុក​ភ្នំស្រួច​ពុំ​ សង្គ្រាមស៊ីវិល​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ​ជាពិសេស​ភូមិសាស្ត្រ​ឃុំ​ត្រែងត្រយឹង​ ជា​តំបន់​ដែល​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​វាយឆ្មក់​ជា​ញឹកញាប់​។ ​សម្រាប់​ការផ្តល់​សិទ្ធិ​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​អ៊ុក​ឃុន ​នាពេលនោះ ​ក្រុមការងារ​ជំនាញ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ពុំបាន​ចុះ​ធ្វើការ​សិក្សា​អំពី​ផលប៉ះពាល់​ឲ្យ​បាន​លំអិត​ឡើយ​ដោយ​ក្រុមការងារ​គូស​នៅ​លើ​ផែនទី​ភ្ជាប់​នឹង​កិច្ចសន្យា​វិនិយោគ​តែម្តង​។​

ការ​គូស​ផែនទី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​ពេលនោះ​ទៀត​សោត​ ជាន់​ទៅលើ​ទីតាំង​ដី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រួមមាន​ ដី​លំនៅដ្ឋាន​ដីស្រែ​ចម្ការ ​ទីតាំង​វត្ត​អារាម​ សាលារៀន​ សាលាឃុំ ​និង​ទីតាំង​កម្លាំង​កងទ័ព​ឈរជើង​ផងដែរ​។​

បន្ទាប់​ទទួលបាន​សិទ្ធ​វិនិយោគ​ពី​រដ្ឋាភិបាល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន ​មិនបាន​ធ្វើតាម​កិច្ចសន្យា​នោះឡើយ​ ដោយ​ធ្វើ​ការដាំដុះ​ស្វាយចន្ទី​បានតែ​ប្រមាណ​ជាង​១០០​ហិកតា​ប៉ុណ្ណោះ​។​

នៅ​ថ្ងៃទី​២១ ​ខែសីហា ​ឆ្នាំ​២០១៥ ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​លេខ​៩៥៦​ស​.​ជ​.​ណ​បាន​សម្រេច​ប្រគល់​ដី​ចំការ​ស្វាយចន្ទី​៥២​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន​គ្រប់គ្រង ​និង​៥០​ហិកតា​ទៀតឲ្យ​ទៅ​ក្រុមហ៊ុន​សិង្ហបុរី​ ក៏ប៉ុន្តែ​ក្រុមហ៊ុន​អ៊ុក​ឃុន​ មិន​អនុវត្តន៍​តាម​ឡើយ​ នៅតែ​បន្តធ្វើ​សកម្មភាព​រញ៉េរញ៉ៃ​ដដែល​។​

ជាក់ស្ដែង ​បច្ចុប្បន្ន​នេះ ​ក្រុមហ៊ុន​អ៊ុក​ឃុន​ ធ្វើ​សកម្មភាព​យក​ដី​សម្បទាន​របស់​រដ្ឋ​ក្នុង​ទំហំ​៥២​ហិកតា​ដោយ​ពុះ​ជា​ឡូត៍​ៗ​ លក់ដូរ​យ៉ាង​អនាធិបតេយ្យ​, ធ្វើការ​កែន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជាច្រើន​គ្រួសារ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​របស់​ឈ្មោះ​ពិត​និមល​នៅ​ចំណុច​អូរ​ចោទ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​, ដឹកនាំ​ប្រជាពលរដ្ឋ​ទន្ទ្រាន​ចូលកាន់​កាប់​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ហាយ​ផាត​នើ​រ​អ៊ែ​សេត​ឯក​(​ក្រុមហ៊ុន​កូរ៉េ​) នៅ​ចំណុច​អូរ​ចោទ​ក្នុងភូមិ​ទី​៦​ ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​។​

ក្រោយមក​ក្រុមហ៊ុន​អ៊ុក​ឃុន​ បាន​កែន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជាច្រើន​គ្រួសារ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​សម្បទាន​របស់ លោក​ទា​វ​ ឃី​ន​សេង ​ជនជាតិ​សិង្ហបុរី ​ដែលមាន​ទំហំ​៥០​ហិកតា ​ដោយបាន​ព័ទ្ធ​ជា​របង​បន្លា​លួស​ពុះ​ជា​ឡូត៍​ៗ​សង់​ជា​រោង​ប្រក់​ស្បូវ​ប្រក់​ស័ង្កសី​ច្រើន​ខ្នង​ និង​បាន​លើក​ស្លាក​សញ្ញា​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតផង​។​

ក្នុងនោះ​បុគ្គល​ ឈ្មោះ​ រិ​ន​ ដា​ ភេទ​ប្រុស ​ប្រធាន​សន្តិសុខ​របស់​ក្រុមហ៊ុន​អ៊ុក​ឃុន​ និង​ឈ្មោះ​អូន​ ទូច​ភេទ​ប្រុស​ បាន​ដឹកនាំ​កម្មករ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន ​ប្រមាណ​ជា​៣០​ទៅ​៤០​នាក់​ ចូល​ទន្ទ្រាន​កាន់កាប់​ដោយបាន​ធ្វើការ​សាងសង់​រោង​ជាច្រើន​ខ្នង​លើដី​កម្មសិទ្ធិ​របស់​ ឈ្មោះ​ឡេង​ សុង​ នៅ​ចំណុច​អូរ​ចោទ​ភូមិ​ទី​៦​ ឃុំ​ត្រែងត្រយឹង​, ធ្វើការ​រារាំង​ការអនុវត្ត​ការងារ​របស់​ក្រុម​មន្ត្រី​ជំនាញ​ ដែល​បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​តាម​ស្មារតី​ នៃ​លិខិត​លេខ​៩៥៦​ស​.​ជ​.​ណ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។​

នៅ​ដើមខែ​តុលា ​ឆ្នាំ​២០១៨​ ក្រុមកម្មករ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន​ បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ដំណាំ​ស្វាយចន្ទី​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​សិង្ហបុរី​ និង​សង់រោង​ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​១២​ខ្នង​, រោង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​៥០​រោង​ និង​ធ្វើ​របង​បន្លា​លួស​ពុះ​ជា​ឡូត៍​ប្រមាណ​ជា​៥០០​ឡូត៍​លក់ដូរ​យ៉ាង​អធិបតេយ្យ​។​

កន្លងមក ​ក្រុមការងារ​ថ្នាក់ស្រុក​ខេត្ត​ ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ធ្វើការ​ហាមឃាត់​ជា​ច្រើនលើកច្រើនសា ​ប៉ុន្តែ​មនុស្ស​ទាំងនោះ​មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ​។​

ជុំវិញ​ករណី​ក្រុមហ៊ុន​អ៊ុក​ឃុន​បង្ក​ភាពអនាធិប្បតេយ្យ​រញ៉េរញ៉ៃ​ធ្វើឲ្យ​អាជ្ញាធរ​ឈឺក្បាល​រហូត​ដូច​សព្វថ្ងៃ​នេះ​ ចំពោះ​វិធានការ​របស់​ស្ថាប័ន​តុលាការ​ និង​អាជ្ញាធរខេត្ត​ អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ បាន​ឃាត់ខ្លួន​ឈ្មោះ​អ៊ុក​ វិច្ឆិកា​ ដែលជា​កូនប្រុស​របស់លោក​ស្រី​ សុខ ​សុភាព​ នាយិកា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន​ ពីបទ​ដឹកនាំ​កម្លាំង​ធ្វើ​សកម្មភាព​រំលោភបំពាន​កម្មសិទ្ធិ​អ្នកដទៃ​ដោយ​ខុសច្បាប់​ ប៉ុន្តែ​ក្រោយមក​ក៏មាន​ការដោះលែង​វិញ​ ដោយ​ដាក់​ស្ថិតនៅក្រោម​ការ​ឃ្លាំ​មើល​ពី​ស្ថាប័ន​តុលាការ​។​

ក្នុងនោះ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ដើម្បី​ចុះ​ធ្វើការ​ដោះស្រាយ​ករណី​ទន្ទ្រាន​កាន់​កាប់​ដី​របស់​ក្រុមហ៊ុន​សិង្ហបុរី​ដែលមាន​ទំហំ​៥០​ហិកតា​ ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​នោះទេ​។​

នៅ​ថ្ងៃទី​២៩​ និង​៣០​ ខែមករា ​ឆ្នាំ​២០១៩​កន្លងមកនេះ ​ក្រុមការងារ​ចម្រុះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់​ស្ពឺ​ ចុះ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ក្រុមហ៊ុន​អ៊ុក​ឃុន​ នៅ​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ផងដែរ​។​

កាលពី​ថ្ងៃ​អង្គារ​៩​រោច​ ខែបុស្ស ​ឆ្នាំ​ច ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២៩ ​ខែមករា​ ឆ្នាំ​២០១៩ ​លោក​អ៊ុំ​ ដេ​ត​អភិបាលរង​ស្រុក​ភ្នំស្រួច ​រួមសហការ​ជាមួយ​ក្រុមការងារ​ថ្នាក់ឃុំ​ បាន​ចុះ​ឃាត់​គ្រឿងចក្រ​ពាក់ព័ន្ធ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម អ៊ុក​ឃុន ​ដែល​បានធ្វើ​សកម្មភាព​ទន្ទ្រាន​ឈូសឆាយ​ និង​កាយ​ដី​លើដី​របស់​ប្រជាពលរដ្ឋ​០២​គ្រួសារ​ នៅ​ចំណុច​ភូមិ​ពាម​ទុង ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​។​

សូម​រម្លឹក​ទៀត​ បន្ទាប់​ពី​មាន​ចលនា​បំផុសបំផុល​ឲ្យ​មាន​សកម្មភាព​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​រំលោភ​ដីធ្លី​ក្នុង​តំបន់​ខាងលើ ​ក៏​កើតមាន​អំពើ​ឃាតកម្ម​បាញ់សម្លាប់​យុវជន​ម្នា​ក់ នៅ​យប់​ថ្ងៃទី​២៧ ​ខែមករា​ឆ្នាំ​២០១៦ ចំណុច​ភូមិ​ទី​១​ឃុំ​ត្រែ​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​។

ជនរងគ្រោះ​មិនមែនជា​មនុស្ស​រស់នៅ​កន្លែងកើតហេតុ​ឡើយ​ គឺ​មនុ​ស្សមក​ស៊ីឈ្នួល​យាម​ដី​ឲ្យ​គេ​ដែលមាន​ឈ្មោះ​ស៊ុន​ ដាវី​ត ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​អណ្តូង​ថ្មី​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ភ្នំពេញ​ គិត​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ឃាតក​រកមុខ​មិនទាន់​ឃើញ​នៅឡើយ​។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច ​ចុះ​ថ្ងៃទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០១៥​ ទាក់ទង​នឹង​ការវាយតម្លៃ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៥​ក្រុមហ៊ុន ​ស្ថិតក្នុង​ខេត្តរតនគិរី​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ខេត្តព្រះវិហារ​ ខេត្តក្រចេះ​ និង​ខេត្តកំពង់ស្ពឺ​។​

ក្នុងនោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដូចតទៅ ​៖១-ប្រគល់​ដី​ដែលមាន​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន​១៩៥៤​ហិកតា ​ជូន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ ពិនិត្យ​ដោះស្រាយ​។​ ដោយឡែក​ចំពោះ​ដី​វត្ត​ដី​សាលារៀន​ និង​ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់​ជាក់ស្តែង ​ត្រូវ​ពិនិត្យ​ដោះស្រាយ​តាម​បទ​បញ្ចា​លេខ​០០១​បប ​ចុះ​ថ្ងៃទី​០១ ​ខែឧសភា ​ឆ្នាំ​២០១២ ​របស់​រាជរដ្ឋាភិបាល​។ ២-​ប្រគល់​ដី​របស់​ក្រុមហ៊ុន​ដែល​រាជរដ្ឋាភិបាល​សម្រេច​រួច​ហើយ​តាមរយៈ​លិខិត​លេខ​៥៧៤​ស​.​ជ​.​ណ​ ចុះ​ថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១២ ​គឺ​បែងចែក​ដី​ដំណាំ​ស្វាយចន្ទី​ទំហំ​៥០​ហិកតា​ ប្រគល់​ឲ្យ​ទៅ​លោក​ទាវ​ ឃិន​សេង​ ជនជាតិ​សិង្ហបុរី ​ហើយ​ប្រគល់​ដី​ដំណាំ​ស្វាយចន្ទី ​ទំហំ​៥២​ហិកតា ឲ្យ​ទៅ​ភាគី​លោកស្រី ​សុខ​ សុភាព ​នាយិកា​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន ​សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​។​ ៣-​ដី​ដែល​បាន​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯក​ជន ​និង​បុគ្គល​មួយចំនួន​នៅ​លើដី​សម្បទាន​របស់​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម​អ៊ុក​ឃុន ដែល​មាន​ទំហំ​ធំ ​ត្រូវ​ផ្ទេរ​មកជា​ដី​សម្បទាន​សេដ្ឋកិច្ច​ ដោយ​ធ្វើការ​ចុះកិច្ចសន្យា​ឡើងវិញ​ ជាមួយ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​។​

នៅ​រសៀល​ថ្ងៃទី​០៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ ​អ្នកយកព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនងទៅ ​លោក​ឈៀង​ តុលា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តកំពង់ស្ពឺ​ សុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​លោក​ធ្វើលិខិត​ប្តឹង​ទាស់​នឹង​ការសម្រេច​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​នេះ​ ប៉ុន្តែ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu