Ad Code

នាយករដ្ឋមន្ដ្រី​ប្រទេស​នេ​ប៉ាល់ ​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ នៅ​កម្ពុជា



ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​លោក K.P. Sharma Oli នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ ឧសភា​។ នេះ​បើ​តាម​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​លោក កេ​ត សោ​ផាន់ មិនទាន់​អាច​ប្រាប់​លម្អិត​ពី​ជំនួប​មេដឹកនាំ​កម្ពុជា​និង​នេ​ប៉ាល់​បាន​នៅឡើយ​ទេ​។

​តែ​យ៉ាងណា​លោក Pradeep Kumar Gyawali រដ្ឋមន្ត្រី​ក្រសួងការបរទេស​នេ​ប៉ាល់ បាន​និយាយ​ថា ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ពិភាក្សា​គ្នា​ទាក់ទង​វិស័យ​ទេសចរណ៍ ,​ការវិនិយោគ និង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​។ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​លោក K.P. Sharma Oli នឹង​បន្តដំណើរ​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។ នេះ​បើតាម The Himalayan Times ដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​នេ​ប៉ាល់​។

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​កម្ពុជា​ដំបូង​គេ​ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​នៅពេលដែល​សម្ដេច​បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​នៅ​ទីក្រុង Kathmandu កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​មេដឹកនាំ​កម្ពុជា​និង​នេ​ប៉ាល់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ចំនួន​បួន រួមមាន​៖​ទី​១-​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ ។ ទី​២-​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ដឹកជញ្ជូន​ផ្លូវអាកាស​។ ទី​៣-​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កា​ពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច​និង​វប្បធម៌ និង ទី​៤.​គឺ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​វប្ប​ធម៌​។ ព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិការ​រួមគ្នា​លើ​វប្បធម៌​សេដ្ឋកិច្ច និង​នយោបាយ រួម​ទាំង​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការបើក​ស្ថានទូត​កម្ពុជា​នៅក្នុង​ប្រទេស​នេ​ប៉ាល់​ទៀតផង​។

សូម​បញ្ជាក់​ជូន​ថា ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៦៤ ប៉ុន្តែ​ត្រូវ​កាត់​ផ្តាច់​ក្នុង​សម័យ​ខ្មែរក្រហម។ រហូតមកដល់​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ១៩៩៩ ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាថ្មី​ឡើងវិញ​បន្ទាប់ពី​ការ​អាក់ខាន​មួយ​រយៈ​ពេល​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ទីក្រុង Kathmandu​ប្រទេស​នេ​ប៉ាល់​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ខាន់​ហ្កា ប្រាសាត សា​ម៉ា អូ​លី នាយក​រដ្ឋ​ន្ត្រី​នៃ​សាធារណ រដ្ឋ​សហព័ន្ធ ប្រជាធិបតេយ្យ​នេ​ប៉ាល់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី​៤ ​ខែធ្នូ ​ឆ្នាំ​២០១០​ក្នុងឱកាស​នៃ​ការអញ្ជើញ បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​អញ្ជើញ​ចូលរួម​មហាសន្និបាត​លើក​ទី​៦​នៃ​សន្និបាត​អន្តរជាតិ​របស់​គណបក្ស​នយោបាយ​តំបន់​អាស៊ី​នៅ​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ដែរ​ថា គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គ្រោង​នឹងធ្វើ មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ​នា​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu