Saturday, May 25, 2019

សិស្ស​វិទ្យាល័យ ជាស៊ីម សាមគ្គី​ម្នាក់​ ក្លាយ​ខ្លួន​ជា​ឆក់​ទូរស័ព្ទ​ដៃ ប៉ូលិស​ចាប់​វាយ​ខ្នោះ​​ភ្លាមៗ​ជាមួយ​​ជនសង្ស័យ​ម្នាក់​ទៀត



ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវ​ច្បាប់ ខណៈ​ដែល​ជនសង្ស័យ​២​នាក់​នេះ ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​បុរស​ម្នាក់​បាន​សម្រេច ហើយ​នៅពេល​ជិះ​ម៉ូតូ​គេចខ្លួន​ទៅបុក​រថយន្ត​អ្នកដំណើរ ទើប​ប៉ូលិស​ចាប់វាយ​ខ្នោះ​តែម្តង​។​

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ ចំណុច​ក្បែរ​ភោជនីយដ្ឋាន​យីហោ ស៊ីត​ធី ហ្គោល ផ្លូវ​២០២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក។​

ជនសង្ស័យ ទី​១.ឈ្មោះ ពេជ្រ សូ​ណា​រ៉ុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ទី​២.ឈ្មោះ ទូច ណា​រាជ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ជាស៊ីម សាមគ្គី ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ។​

ជនរងគ្រោះ​ឈ្មោះ រ៉ា រី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​សំណង់​ស៊ីវិល ស្នាក់​នៅ​ក្នុង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

បើតាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស័​រ​ស្មាស​វី (Suzuki Smash-V) ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង 1S-4391 ចេញ​មកពី​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ នៅ​ហាង​ស៊ីត​ធី ហ្គោល បំណង​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០២ ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​ក៏បាន​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន អ៊ិ​ច​ម៉េ​ក (Iphone X Max) បម្រុង ដាក់ចូល​ក្នុង​ហោប៉ៅ​ខោ ខណៈនោះ ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​ ស៊េរី​០១៩ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 1HO-3378 ដោយ​ជិះ​មកពី​ក្រោយ រួច​ក៏បាន​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​បានសម្រេច ហើយក៏​ព្យាយាម​បើក​ម៉ូតូ​រត់គេចខ្លួន​។​ ភ្លាមៗ នោះ​ជនរងគ្រោះ ក៏​ស្រែក​ចោរៗ​ជិះ​ដេញតាម​រ​ហូត​ទៅដល់​ខាងមុខ​ចំណុច​ផ្សារ​សំណង់​១២ ក៏​បណ្ដាល​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ បោះចោល​ទូរស័ព្ទដៃ ដែល​ធ្វើ​សកម្មភាព​ឆក់​បាន​ពី​ជនរងគ្រោះ រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត​មិន​ស្គាល់​ម៉ាក បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ហើយក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ នាំ​គ្នា​ជួយ​ចាប់​ឃាត់​បាន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង​ឡើង​ទ្រោម​ខ្លួន រួច​ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំយកទៅ​សាកសួរ​។ ចំណែក ទូរស័ព្ទដៃ ដែល​ក្រុម​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​ឆក់​ពី​ជនរងគ្រោះ​បានសម្រេច​ហើយ ក្នុងអំឡុងពេល​ជិះ​រត់​ទាំង​ភ័យ​ស្លន់ស្លោ​នោះ បាន​យក​ទៅ​បោះចោល​ហើយ​រក​មិនឃើញ​នោះទេ​។​

ក្រោយ​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួមទាំង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋា​ន នាំមក​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ទឹកល្អក់​ទី​៣ កសាង​សំណុំរឿង​បញ្ជូនទៅ អធិការដ្ឋាន​នគរបាល ខណ្ឌ​ទួល​គោក ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​វិញ​ច្បាប់​៕​





Source: Kampuchea Thmey Daily

0 comments:

Post a Comment