Ad Code

មា​ជ សុខ​រ៉ា និង ខាំ ផានី វាយ​ចាញ់​ថៃ ​ក្នុង​ទឹក​៣​ដូចគ្នា ​នៅ​សង្វៀន​ស្ទឹងមានជ័យ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង​ខាំ ផានី អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩​នោះ បាន​វាយ​ចាញ់​ថៃ​ក្នុង​ទឹក​ទី​៣​ដូចគ្នា។​

មា​ជ សុខ​រ៉ា គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​គ្រៀង ក្រៃ​(Kreangkrai Tor.Silachai) ហើយ ខាំ ផានី ចាញ់ ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម (Phet chchharchai Sor.Bunyeam) ក្នុងការ​ប្រកួត​ទម្ងន់​៦៧​គីឡូ​ក្រាម​ដូចគ្នា​នោះ។

គ្រៀង ក្រៃ និង មា​ជ សុខ​រ៉ា ប្រកួត​គ្នា​ក្នុង​លក្ខ​ណះ​វាយ​ប្តូរ​កែង និង ​កណ្ដាប់ដៃ​គ្នា​យ៉ាងខ្លាំង​ក្លា​បំផុត ដែល​ក្នុងនោះ​បានធ្វើ​ឲ្យ​គ្រៀង ក្រៃ បែក​ឈាម​ក្បាល​ផងដែរ។ ទោះជា​យ៉ាងណា មកដល់​ទឹក​ទី​៣ គ្រៀង ក្រៃ បាន​វាយ​ចំ​ធុង​ទឹក​(​ពោះ​)​រប​ស់ មាជ​ សុខ​រ៉ា ធ្វើឲ្យ ​សុខ​រ៉ា ​ដួលសន្លប់​តែម្តង។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មិនធម្មតា​ទេ ដោយ​គេ​មាន​កាយសម្បទា​រឹងមាំ ស្នៀត​ប្រដាល់​ល្អ វាយ​ចេញ​ចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ។

ចំពោះ​ការប្រកួត​របស់​ខាំ ផានី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​វិញ គេ​ត្រូវ អ្នក​ប្រដាល់​ថៃ​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម ទាត់​ឲ្យ​ខូច​ជើង​ខាងស្តាំ​នៅក្នុង​ទឹក​ទី​៣ ដែល​ធ្វើ​ឲ្យ​ផានី មិនអាច​បន្ត​ការប្រកួត​តទៅទៀតបាន​ និង​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែ​ឲ្យ​ប្រកួត។​
​ ​
នេះ​ជា​លើក​ទី​៧ ដែល​ខាំ ផានី ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដែល​ការជួប​៧​លើក​នេះ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាល្លឺម៉ង់​Ali ទឹក​ទី​៣ បន្ទាប់មក​ចាញ់​Erhan Gungor(​អាល្លឺម៉ង់​)​ទឹក​ទី​៣​វិញ វាយ​ចាញ់​ថៃ​Kong Thailen ក្នុង​ទឹក​ទី​៣ វាយ​ឈ្នះ​ផេ​ត ស្រ៊ី​គាវ ក្នុង​ទឹក​ទី​៣ និង​ចាញ់​កេង កាត់ វ៉​.​ស៊ូ​ង​នឹ​ន​ដោយ​ពិន្ទុ ចាញ់​គ្រៀង ក្រៃ ក្នុង​ទឹក​ទី​២ ហើយ​ចុង​ក្រោយនេះ ចាញ់​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម នេះ​ឯង។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ចាញ់ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។ ពួកគេ​ទាំងពីរ ធ្លាប់​ជួបគ្នា​កន្លងមក តែ​យ៉ុ​ន ដា​រ័ត្ន មិនដែល​ឈ្នះ​សុខ សុវណ្ណ នោះទេ។
​ដោយឡែក នៅក្នុង​ការប្រកួត​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កាលពី​ថ្ងៃទី​០៤​ ខែ​ឧសភា ឆ្នាំ​២០១៩

ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ផ្ដួល​ជើង​ថ្មី​មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី មិន​ដល់​មួយ​ទឹក​នោះទេ។

មាឃ វណ្ណា​រ៉ា បាន​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​១ បន្ទាប់ពី​ត្រូវ​ជ័យ ស៊ី​នេ​ត ទាត់​ឲ្យ​ខូច​ជើង​ខាង​ស្តាំ​នោះ។

ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ជើងចាស់ បាន​វាយ​ចាញ់ អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​កុសល​កីឡា ដោយ​ពិន្ទុ។ ចំណែក ជុន សាវុធ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ក៏​ប្រកួត​ចាញ់ រិ​ន ដេវីត អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ​ដែរ ក្នុង​ការជួប​ប្រកួត​គ្នា​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។

ចំណែក លី តឿន អ្នក​ប្រដាល់​ជើងចាស់​ក្លិប​មកុដ​រាជសីហ៍ ក៏​ប្រកួត​ចាញ់ នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ស្រករ​ក្រោយ ​នៃ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ក្នុង​ទឹក​ទី​១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu