Ad Code

កិច្ច​ចរចា​អាមេរិក​-​តា​លី​បង់​ត្រូវ​ជាប់ គាំង​ដោយសារ​បញ្ហា​ដកទ័ព​



​អ្នកនាំពាក្យ​របស់​ក្រុម​តា​លី​បង់​បាន​ប្រាប់ AFP កាលពី​ថ្ងៃអាទិត្យ​ថា ការ​ចរចា​រវាង​ក្រុម​តា​លី​បង់​និង​សហរដ្ឋអាមេរិក​ត្រូវ​ជាប់​គាំង​លើ​បញ្ហា​សំខាន់​មួយ​ទាក់ទង​នឹង​ពេលវេលា​ដែល​កងកម្លាំង​បរទេស​អាច​ចាក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​។ ​ក្រុម​តា​លី​បង់​និង​បេសកជន​សន្តិភាព​អាមេរិក​លោក Zalmay Khalilzad បាន​ជួប​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ទីក្រុង​ដូហា​របស់​ប្រទេស​កាតា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ក្នុង​គោលបំណង​បញ្ចប់​សង្គ្រាម​ដ៏​កាច​សាហាវ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​។


ចំណុច​ស្នូល​នៃ​ការចរចា​នេះ​គឺជា​បញ្ហា​ជា​មូលដ្ឋាន​ទាក់ទង​នឹង​កាលវិភាគ​សម្រាប់​កងកម្លាំង​អាមេរិក​និង​បរទេស​អាច​ចាក​ចេញពី​អាហ្វហ្គានីស្ថាន​បន្ទាប់ពី​ជម្លោះ​រយៈពេល​ជាង​១៧​ឆ្នាំ​។បន្ទាប់ពី​លោក Khalilzad បាន​បង្ហាញ​សុទិដ្ឋិនិយម​កាលពី​ខែ កុម្ភៈ​នោះ កិច្ចព្រមព្រៀង​ដែល​បាន ស្នើ​ឡើង​នេះ​គឺ​ស្ថិតនៅ​ក្នុង​ការ​ឈាន​ដល់​មួយ​ត្រឹម​ខែ កក្កដា​ដោយ​គូស ត្រូវ​ទាំងពីរ​ត្រូវ​ឈាន ដល់​ចំណុច​សំខាន់​មួយ​។ ​មុន​ពេល​សហរដ្ឋអាមេរិក​ព្រមព្រៀង​ដក​កងទ័ព ខ្លួន​ទាមទារ​ឲ្យ​ក្រុម​តា​លី​បង់​ដាក់​ការធានា​សន្តិសុខ​កិច្ច ព្រមព្រៀង​ចំពោះ​បទ​ឈប់​បាញ់​មួយ​និង​ការ​ប្ដេជ្ញា​ចិត្ត​ដទៃ​ទៀត​។ប៉ុន្តែ​ក្រុម​បះបោរ​នេះ​បាន​ទទូច​ថា ពួកគេ​នឹង​មិន​ធ្វើ​អ្វីមួយ​ឡើយ​ទាល់តែ​សហរដ្ឋអាមេរិក​ប្រកាស​អំពី​កាលវិភាគ​នៃ​ការ​ដក​ទ័ព​។​

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ AFP លោក Suhail Shaheen អ្នកនាំពាក្យ​នយោបាយ​របស់​ក្រុម​តា​លី​បង់​ក្នុង​ទីក្រុង​ដូ​ហា​បាន​និយាយថា ភាគី​ទាំងពីរ​កំពុង​ព្យាយាម​កាត់បន្ថយ​ភាព​ខ្វែងគំនិត​គ្នា​និង​មាន​កិច្ចព្រមព្រៀង​មួយ​លើ​កាលវិភាគ​ដែល​អាច​ទទួលយកបាន​ពី​ភាគី​ទាំងពីរ​។ ​លោក Shaheen បាន​ថ្លែង​ថា “​រហូត​មក​ទល់​ពេលនេះ មិនទាន់​សម្រេច​បាន​ជោគជ័យ​ទេ​”​។​

​នៅ​ពេល​សួរ​ថា​តើ​នេះ​មានន័យថា​គ្មាន​អ្វី​អាច​នឹង​បន្ត​ឆ្ពោះ​ទៅមុខ​បានទេ​រហូត​ទាល់តែ​អាមេរិក​ប្រកាស​ពី​កាលវិភាគ​នៃ​ការ​ដក​ទ័ព​មែន​ឬ​អត់​នោះ​, លោក Shaheen បាន​ថ្លែង​ថា “​ជា​ការ​ពិត​ណាស់​”​។ លោក​បាន​បន្ថែម​ថា បញ្ហា​នេះ​ប្រហែលជា​មិន​អាច​ដោះស្រាយ​បានទេ​នៅក្នុង​កិច្ចពិភាក្សា​ជុំ​នេះ​។​ ស្រប​ពេល​ជាមួយគ្នា​នោះដែរ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​កា​ប៊ុល​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ​ប៉ុន្តែ​លោក Khalilzad បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ដក​ទ័ព​គឺជា​បញ្ហា​តែមួយគត់​នៅ​ក្នុង​កិច្ចចរចា​៕ AFP






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu