Ad Code

ភ្លៀង​១​មេ​ធំ​ រលំ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​ឌុយ​ម៉ិច​ឌុយ​ប្រូ ​កាត់​ទទឹង​ផ្លូវ​ សង្កត់​អ្នក​ដំណើរ ​របួសធ្ងន់​ម្នាក់



ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ បូករួម​នឹង​ខ្យល់​កន្ត្រាក់ បាន​បោកបក់​បាក់​រលំ​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ឌុយ​ម៉ិច​ឌុយ​ប្រូ កាត់​ទទឹង​ផ្លូវ បណ្ដាលឲ្យ​សង្កត់​កិន​ម៉ូតូ​អ្នកដំណើរ របួស​ធ្ងន់​ម្នាក់ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី ​ថ្ងៃទី៦ ខែ​ឧសភា ​ឆ្នាំ២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ចំណុច​ក្រុម​៣ ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។​

ភ្លាម​ៗ គេ​ឃើញ​សមត្ថកិច្ច​ និង ​អាជ្ញាធរ​ បាន​ចុះទៅ​អន្តរាគមន៍​ជួយ​លើក​ម៉ូតូ​ម៉ា​កមូ ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1FM 8539​ ចេញពី​កន្លែងកើតហេតុ​ និង ​នាំ​ជនរងគ្រោះ ឈ្មោះ ​ថោង​ សុខ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ផងដែរ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​លាយឡំ​នឹងមាន​ខ្យល់​កន្ត្រាក់ ​បាន​បោក​បក់​រលំ​ផ្ទាំង​ប៉ាណូ​មួយ​ផ្ទាំង​ធំ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ឌុយ ម៉ិច​ឌុយ​ប្រូ បណ្ដាលឲ្យ​សង្កត់​ទទឹងផ្លូវ​ច្រងាង និង​សង្កត់​អ្នក​ធ្វើដំណើរ​ដោយ​ម៉ូតូ​ម្នាក់ ​បណ្ដាល​ឲ្យ​របួសធ្ងន់។ ខណៈ​នោះ​ផ្លូវជាតិ​លេខ​៥​ កាត់ផ្ដាច់​ចរាចរណ៍​មួយរយៈ ដោយ​សមត្ថកិច្ច​បញ្ចៀស​ផ្លូវ​ផ្សេង។​

ជាមួយគ្នា​នោះ ​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​សង្កាត់ ខណ្ឌ​ បាន​​ចុះ​មកជួយ​អន្តរាគមន៍​បញ្ជា​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ។ ក្រៅពី​រលំ​ប៉ាណូ​ដ៏​ធំ​មួយ​នេះ​ នៅ​ខណ្ឌ​ឫស្សី​កែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ ក៏មាន​រលំ​ផ្ទាំង​ប៉ាន់​ណូ​តូចៗ​ជា​ផ្ទាំង​ស្លាក​សញ្ញា​គណបក្ស​ដទៃទៀត​ជាច្រើន៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu