Saturday, May 25, 2019

សរុប​ព្រឹ​ត្តិ​ការណ៍​ ៖ ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ គ្មាន​អំពើ​ហិង្សា គ្មាន​ការគំរាមកំហែង មាន​សន្តិសុខ​ល្អ និង​សណ្តាប់ធ្នាប់​ល្អ



​**គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវគោរព និង​អនុវត្តតាម​ច្បាប់បោះឆ្នោត គោលការណ៍​ណែនាំ របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌​នានា​សម្រាប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព គ្មាន​ការគំរាមកំហែង និង​គ្មាន​អំពើហិង្សា !

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​៨ថ្ងៃ​កន្លង​មក​នេះ គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស នៅ​តាម​មណ្ឌល​រាជធានី ខេត្ត និង​មណ្ឌល​ក្រុង ស្រុក ខណ្ឌ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ល្អ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង មាន​សន្តិសុខ​ល្អ សណ្តាប់ធ្នាប់​ល្អ និង​មានការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ជាមួយគ្នា​នោះ ក៏បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវអនុវត្ត​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា ដើម្បីឱ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​នេះ ទទួលបាន​ជោគជ័យ​។



នេះ​ជាការ​បញ្ជាក់​របស់លោក ឯម សូផាត សមាជិក គ​.​ជ​.​ប នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ ”​ការសរុប​ព្រឹ​ត្តិ​ការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត និង​នីតិវិធី​នៃ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត ការគ្រោង​បិទ​ផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣” កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ។



លោក ឯម សូផាត បាន​ថ្លែងថា ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​៨ ថ្ងៃ​កន្លងមកនេះ គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​នៅតាម​មណ្ឌល​រាជធានី ខេត្ត និង​មណ្ឌល​ក្រុង ស្រុក ខណ្ឌ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង មាន​សន្តិសុខ​ល្អ សណ្តាប់ធ្នាប់​ល្អ និង​មានការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ លោក​បន្តថា នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ស និង​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ជា​ថ្ងៃ បោះឆ្នោត គ្រប់​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​មិនអាច​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​បានឡើយ ប្រសិន​ប្រព្រឹត្តល្មើស នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។



នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក ឯម សូផាត ក៏បាន​លើកឡើង​នូវ​ចំណុច​មួយចំនួន ដែល​អ្នកបោះឆ្នោត ភ្នាក់ងារ​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ​នៅមុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​។



ទាក់ទង​នឹង​ប្រធានបទ នីតិវិធី​នៃ​ការបោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត លោក ឯម សូផាត បាន​លើក​ឡើង​ថា ទី​១- ការ​ត្រួតពិនិត្យ​វត្តមាន​សមាសភាព​គណៈ​កម្ម​ការ​ការិយាល័យ​បោះឆ្នោត (​គ​.​ក​.​ប​) និង​គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹកឆ្នោត (​គ​.​ក​.​រ​) សម្ភារ ឯកសារ និង​ទីតាំង​ការិយាល័យ​បោះឆ្នោត​នៅ​មួយ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត ទី​២- សង្ខេប​នីតិវិធី​សំខាន់ៗ​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ទី​៣- ការបិទ​ការបោះឆ្នោត និង​ការងារ​ត្រូវធ្វើ​នៅមុន​ពេល​រាប់​សន្លឹកឆ្នោត ទី​៤- ការ​រាប់​សន្លឹកឆ្នោត ទី​៥- ការរៀបចំ និង​ការ​វេច​ខ្ចប់​កញ្ចប់​សុវត្ថិភាព “​ក​” ស្បោង “​ខ​” និង​សម្ភារ ឯកសារ​នៅសល់ និង​ការ​បញ្ជូន​ទៅ គ​ធ​.​ខ​ប ទី​៦- ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ទី​៧- ការ​ដាក់​ពាក្យ​បណ្តឹង​តវ៉ា និង​ពាក្យ​បណ្តឹង​ជំទាស់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត។



មុននឹង​បិទ​កិច្ចប្រជុំ​នេះ លោក ឯម សូផាត បាន​សង្កត់ធ្ងន់​ថា ដើម្បី​ធានា​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព គ្មាន​ការ​គំរាមកំហែង និង​គ្មាន​អំពើហិង្សា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់បោះឆ្នោត គោលការណ៍​ណែនាំ របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌​នានា​សម្រាប់​ភាគី​ពាក់ព័ន្ធ​៕




Source: Kampuchea Thmey Daily

0 comments:

Post a Comment