Ad Code

អាជ្ញាធរ​ស្រុក​ត្រាំកក់ ​សម្រេច​បើកផ្លូវ​ឲ្យ​ពលរដ្ឋ តែ​ធ្វើ​ឲ្យ​គ្រួសារ​១​កើត​ទុក្ខ​មិន​សុខចិត្ត​ ព្រោះតែ​បាត់បង់​ដី​របស់​ខ្លួន​តែ​ម្ខាង​



តាកែវ​ ៖​ ការ​កើត​ទុក្ខ​មិន​សុខចិត្ត​មួយ​ បាន​កើត​ឡើងលើ​គ្រួសារ​ លោក​ពូ អូក ញ៉ និង អ្នក​មីង ម៉ី ផាន្នី រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ក្រោយ​ពី​អាជ្ញាធរ​​​បានសម្រេច​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​បាត់បង់​ដី​ផ្ទាល់ខ្លួន​របស់គាត់​ទាំង​ដែល​មិនមាន​ដំណោះស្រាយ​ណា​មួយ​សមស្រប​ដែល​អាច​ទទួល​យក​បាន។

​គ្រួសារ​រងគ្រោះ​ដោយ​ការបាត់បង់​ដី លោកពូ អូក ញ៉ និង អ្នក​មីង ម៉ី ផាន្នី បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា ដើមឡើយ​ ការ​ទំនាស់​ដីធ្លី​ចំពោះ​ពលរដ្ឋ​ និង​គ្រួសារ​របស់គាត់​ គឺមាន​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ លើ​បញ្ហា​សុំ​បើកផ្លូវ​លើផ្លូវ​ចាស់​ដែល​មាន​ស្រាប់​ ដែលជា​ផ្លូវ​ភ្លឺស្រែ​តែប៉ុណ្ណោះ រហូត​កើត​ក្ដីក្ដាំ​​តវ៉ា​គ្នា​តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ។

លុះ​មក​ដល់​ពេល​បច្ចុប្បន្ន​ ភាគី​ទាំងសងខាង ​នៃ​ផ្លូវ​បានសម្រេច​ផ្តល់​ដី​របស់ខ្លួន​ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទំហំ​២.៥​ម៉ែត្រ ធំ​ជាង​មុន​ដែលជា​ផ្លូវ​ភ្លឺស្រែ​នោះ​អាច​បើកបរ​រថយន្ត​ចេញចូល​បាន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោយ​។ ដោយមាន​មហិច្ឆតា​ចង់បាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោយ​ ក៏​កើតមាន​រឿង​សុំ​បើកផ្លូវ​សាជាថ្មី​ម្តងទៀត ដែល​ក្នុងនោះ ក្រោម​ការដឹកនាំ​របស់​អតីត​អភិបាលស្រុក​ត្រាំកក់ លោក តឹក តុង​លីម បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​លើ​ករណី​ពង្រីក​ផ្លូវ​នេះ​ទៅ​ថ្នាក់​ខេត្ត​យ៉ាង​ច្បាស់​ថា ដើមឡើយ​ផ្លូវ​នេះ ​គឺជា​ផ្លូវ​ភ្លឺស្រែ​តែប៉ុណ្ណោះ ដោយមាន​សភាព​តូច​ចង្អៀត ពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោយ​បានស្នើ​សុំ​ឲ្យ​ម្ចាស់​ដី​ដែល​នៅខាងមុខ គឺ​ លោកពូ អូក ញ៉ និង​ភាគី​ដី​ម្ខាង​ទៀត​ នៃ​ផ្លូវ ​មេត្តាជួយ​បើកផ្លូវ​ឲ្យ​បាន​ធំ​ជាង​នេះ ក្រោយមក​ភាគី​ទាំងសងខាង​បាន​សម្រេច​បើកផ្លូវ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ឲ្យ​ធំ​ជាង​មុន ក្នុង​ទំហំ​២.៥ ម៉ែត្រ​។ លុះ​អភិបាលស្រុក​ចាស់​ត្រូវ​ចូល​និវត្តន៍​ប្តូរ​អភិបាលស្រុក​ថ្មី​ដោយ ​លោក កៅ វគ្គ​សែ​ល ក៏​កើត​មានរឿង​សុំ​បើកផ្លូវ​សាជាថ្មី​ម្តងទៀត​ ដែលមាន​ទំហំ​រហូតដល់​៥​ម៉ែត្រ ដែល​អនុវត្ត​ដីកា​របស់​សាលាដំបូង​ខេត្តតាកែវ ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ឲ្យ​វាយកម្ទេច​របង​ផ្ទះ​របស់គាត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ផ្ទាល់ខ្លួន​របស់​ លោកពូ អូក ញ៉ ជាច្រើន​ម៉ែត្រ​ថែមទៀត​។ អ្វីដែល​គ្រួសារ​គាត់​នោះ​មិន​សុខចិត្ត ការពង្រីក​ផ្លូវ​គឺ​ទាល់តែ​មានការ​ចូលរួម​វិភាគទាន​គ្នា​ទាំង​ម្ចាស់​ដី​សងខាង​ នៃ​ផ្លូវ ហេតុអ្វី​បានជា​ពង្រីក​ផ្លូវ​យក​ដី​គាត់​តែ​ម្ខាង តើ​នេះ​ជា​រឿង​យុត្តិធម៌​ដែរ​ឬទេ​? ដោយ​កើតជា​ចម្ងល់​ លោកពូ អូក ញ៉ និង​ អ្នក​មីង ម៉ី ផាន្នី តែងតែ​ទៅ​ជួប​លោក កៅ វគ្គ​សែ​ល ដែលជា​អភិបាលស្រុក​ត្រាំកក់ ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ តែ​ត្រូវ ​លោក កៅ វគ្គ​សែ​ល ប្រើ​ពាក្យ​សម្ដី​មិន​សមគួរ​ និង​ស្ដីបន្ទោស​គ្រប់​ពេលដែល​ជួប​។ ពួកគាត់​បាន​លើក​ឡើង​ថា តើ​មន្ត្រី​ទាំងនោះ ជា​ចៅហ្វាយ​រាស្ត្រ​ ឬ​ជា​អ្នកបម្រើ​រាស្ត្រ​? បើ​ពេល​ជួប​ម្តងៗ​សុំ​ឲ្យ​ធ្វើការ​ដោះស្រាយ​ជូន​ដូច​ទៅ​ជួប​ចៅហ្វាយនាយ​អញ្ចឹង​! ដែល​ការអនុវត្ត​របស់លោក​អភិបាលស្រុក​ត្រាំកក់​រូបនេះ​វា​ផ្ទុយ​ទៅ​នឹង​ប្រសាសន៍​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល ​សម្ដេច ​តែងតែ​និយាយ​ថា មន្ត្រីរាជការ ​គឺជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយនាយ​នោះទេ​។​

​ជុំវិញ​ករណីនេះ លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់​មិន​អា​សុំ​ការ​បំភ្លឺ​បានទេ​នៅ​រសៀល​ ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល តែ​មិនមាន​អ្នកទទួល​។

ដោយឡែក​ លោក នួន សុធា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​តាកែវ បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា រឿងនេះ​ លោក​មិនសូវ​ដឹង​ច្បាស់​នោះ​ទេ ព្រោះ​ភូមិបាល​ស្រុក​ត្រាំកក់​ជា​អ្នកធ្វើ ហើយ​មន្ទីរ​គ្រាន់​តែ​មាន​សិទ្ធ​គូស​ផ្គង​ប្លង់​តែប៉ុណ្ណោះ ចំណែក​រឿង​ពង្រីក​ផ្លូវ​ចូល​ដី​ភាគី​តែ​ម្ខាង​ គឺ​លោក​មិនបាន​ឆ្លើយតប​អ្វី​ទាំងអស់ ហាក់បីដូចជា​មានការ​ឃុបឃិត​គ្នា​ធ្វើបាប​ម្ចាស់​ដី​តែ​ម្ខាង​ គឺ លោកពូ អូក ញ៉ និង ​អ្នក​មីង ម៉ី​ផាន្នី​។

គ្រួសារ​រងគ្រោះ ​ដែល​មាន​ការ​គាបសង្កត់​ពី​អាជ្ញាធរ​ បាន​លើកដៃ​សំពះ​ស្នើសុំ​ឲ្យ​ សម្ដេច​តេ​ជោ ជួយ​រក​យុត្តិធម៌​ពួកគាត់​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu