Sunday, May 26, 2019

​ក្រុមហ៊ុន​British Airways​នឹង​បន្ត​ជើងហោះហើរ​ទៅកាន់​ប៉ា​គី​ស្ថាន​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​ផ្អាក​អស់​ជាង​១​ទសវត្សរ៍



​ក្រុមហ៊ុន​អាកាសចរណ៍​British Airways​នឹង​បន្ត​ជើងហោះហើរ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​សប្ដាហ៍​ក្រោយនេះ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​អស់​១​ទសវត្សរ៍ ដោយសារ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ក្នុង​សណ្ឋាគារ​ធំ​មួយ ហើយ​នេះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​លោកខាងលិច​ដំបូង​គេ​ហើយ​ដែល​បើក​ឱ្យមាន​ការហោះហើរ​ឡើងវិញ​ទៅកាន់​ប្រទេស​អាស៊ី​ភាគខាងត្បូង​មួយ​នេះ​។​

តាម​ការ​ឱ្យដឹង ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បាន​ផ្អាក​ការហោះហើរ​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ក្នុង​សណ្ឋាគារ Marriott កាលពី​ឆ្នាំ​២០០៨ ក្នុង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាត ដែល​បាន​កើតឡើង​ក្នុងពេល​មាន​ហិង្សា​យោធា​ពួក​ឥស្លាម​និយម​ដ៏​សាហាវ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។​

ក្រោយមក ស្ថានភាព​សន្តិសុខ​ក៏បាន​ល្អប្រសើរ​ឡើងវិញ ដោយ​ការវាយប្រហារ​យោធា​បាន​ថមថយ​ក្នុងប្រទេស​មូស្លីម​ដែលមាន​ប្រជាជន​ប្រមាណ​២០៨​លាន​នាក់​មួយ​នេះ និង​បាន​ស្រោចស្រង់​ប្រទេស​ប៉ា​គី​ស្ថាន​ឱ្យ​ក្លាយជា​គោលដៅ​សម្រាប់​ទេសចរ​និង​អ្នកវិនិយោគ​ឡើងវិញ​។​
British Airways ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន IAG របស់​អេ​ស្ប៉ា​ញ​បានឱ្យដឹង​ក្នុង​
សេចក្ដីថ្លែងការណ៍​មួយ​ថា ខ្លួន​នឹង​បើក​ឱ្យមាន​ជើងហោះហើរ​ពី​ព្រលានយន្តហោះ Heathrow ទីក្រុង​ឡុង​ដ៍​ទៅកាន់​ក្រុង​អ៊ី​ស្លា​ម៉ា​បាត ដោយ​ប្រើ​យន្តហោះ​ខ្នាត​វែង​ដ៏​ថ្មី​សន្លាង​របស់ខ្លួន​គឺ ម៉ូ​ដែល Boeing 787 Dreamliner​។​

បច្ចុប្បន្ននេះ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន (PIA) ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ​និង​បាន​ខាតបង់​ប្រាក់ចំណេញ​ផង​នោះ មាន​ជើងហោះហើរ​ផ្ទាល់​ពី​ប៉ា​គី​ស្ថាន​ទៅ​ចក្រភព​អង់គ្លេស​ដែរ ប៉ុន្តែ​យន្តហោះ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​របស់ខ្លួន​តែងតែ​ត្រូវ​អ្នក​ដឹកជញ្ជូន​ត្អូញត្អែរ​ជា​ញឹកញាប់។

ក្រុមហ៊ុន​អាកាសចរណ៍​នៅ​មជ្ឈិមបូព៌ា​ដូចជា Qatar Airways, Etihad Airways និង Emirates បាន​មាន​វត្តមាន​យ៉ាងរឹងមាំ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន និង​បាន​នាំឱ្យ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PIA មានការ​ធ្លាក់ចុះ​៕ REUTERS


Source: Kampuchea Thmey Daily

1 comment: