Sunday, May 26, 2019

ចិន​ថ្កោលទោស​ពាក្យ​ចចាមអារ៉ាម​របស់​អាមេរិក​ដែលថា Huawei មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​




កាលពី​ថ្ងៃ​សុក្រ​នេះ
ប្រទេស​ចិន​បានចេញ​មុខ​ថ្កោលទោស​រដ្ឋលេខាធិការ​ស​ហ​រដ្ឋ​អាមេរិក​លោក
Mike Pompeo
ដែល​បាន​ប្រឌិត​ពាក្យ​ចចាមអារ៉ាម​ថា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន
Huawei Technologies Co Ltd
របស់​ចិន​បាន​និយាយ​កុហក​អំពី​ទំនាក់ទំនង​ក្រុមហ៊ុន​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។





សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន
Huawei
ទៅក្នុង​បញ្ជីខ្មៅ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​កាលពី​សប្ដាហ៍​មុន
ដោយបាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ឈប់​ឱ្យ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ
និង​បង្កើន​កម្ដៅ​សង្គ្រាម​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ឆេះឆួល​ឡើង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។​





ក្រុមហ៊ុន
Huawei បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀតថា
ក្រុមហ៊ុន​របស់ខ្លួន​មិនត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន
យោធា ឬ​សេវា​ស៊ើបការណ៍​សម្ងាត់​ណាមួយ​ឡើយ​។​





លោក​រដ្ឋលេខាធិការ​អា​មេ​រិ​ក
Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍
និង​បាន​ច្រានចោល​ការអះអាង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន
Huawei លោក Ren Zhengfei
ថា​ក្រុមហ៊ុន​របស់លោក​នឹងមិន​ចែករំលែក​ការសម្ងាត់​របស់​អ្នកប្រើប្រាស់​ឡើយ​។
លោក Pompeo
ជឿថា​នឹងមាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ទៀត​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​។​





អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន
លោក Lu Kang បាន​ថ្លែងថា
"​ថ្មីៗ​នេះ
អ្នកនយោបាយ​អាមេរិក​មួយចំនួន​បាន​បន្ត​បង្កើត​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ក្រុមហ៊ុន
Huawei
តែ​មិនដែល​បា​នរក​ភស្តុតាង​ច្បាស់លាស់​មក​បង្ហាញ​តាម​ការស្នើសុំ​របស់​បណ្ដា​ប្រទេស​នានា​ឡើយ​។​"





លោក Lu
បានបញ្ជាក់​ជាថ្មី​ថា
សហរដ្ឋអាមេរិក​គួរតែបញ្ឈប់​ការប្រើ​អំណាច​ជាតិ​របស់ខ្លួន​ដើម្បី​គាបសង្កត់
និង​បង្ខូចឈ្មោះ​ក្រុមហ៊ុន​របស់​ប្រទេស​ដទៃ
និង​បាន​បន្ថែមថា
ចិន​ចង់​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ដោយ​ប្រើ​វិធី​ផ្សេង
តាមរយៈ​កិច្ចចរចា​មិត្តភាព
និង​ការពិគ្រោះ​យោបល់​ទៅវិញទៅមក​៕
REUTERS





​ តរុណី








Source: Kampuchea Thmey Daily

0 comments:

Post a Comment