Ad Code

MCL 2019 ៖​ ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង​ខណៈ​ខេត្តកំពង់ចាម នៅ​បាត​តារាង​ប្រចាំ​សប្ដាហ៍​ទី​៦



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​ឆ្លងកាត់​ប្រកួត​សប្ដាហ៍​ទី​៦ មកនេះ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​ឈ្នះ​៥​លើក និង​ស្មើ​១​លើក មាន​ពិន្ទុ​ក្នុង​ដៃ​ច្រើនជាងគេ ស្របពេល​ក្រុម​ខេត្តកំពង់ចាម ស្ថិតនៅ​បាត​តារាង​។



ជា​លទ្ធផល​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​៦ ក្នុងចំណោម​សប្ដាហ៍​សរុប​២៦​សប្ដាហ៍​នៃ​លី​គ​កំពូល​កម្ពុជា ឃើញថា ​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្រុម​វិសាខា យកឈ្នះ​ក្រុម​ខេត្តកំពង់ចាម ១៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​វិសាខា ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៣​ទល់​២​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។



​ចំណែក​៤​គូ​ផ្សេងទៀត​នៅ​ថ្ងៃអាទិត្យ ទី​៥​ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ស្មើគ្នា​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា ២​ទល់​២ លើ​ទីលាន AEU Sport Park ហើយ​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ៣​ទល់​០​លើ​ទីលាន​ស្តា​ត​ចាស់ ខណៈ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ចាញ់​ក្រុម​បឹងកេត ៣​ទល់​១ លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ ក្នុងស្រុក​បាទី​ខេត្តតាកែវ និង​ចុងក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ស្មើគ្នា​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៦​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​១៦​ពិន្ទុ​ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​២ មាន​១៥​ពិន្ទុ ក្រុម​វិសាខា ឈរ​លេខ​៣ មាន​១៣​ពិន្ទុ ហើយ​ក្រុម​បឹងកេត ឈរ​លេខ​៤ មាន​១៣​ពិន្ទុ ក្រុម អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៥ មាន​១២​ពិន្ទុ ចំណែក​ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៦​មាន​មាន​១១​ពិន្ទុ​។ ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៧ មាន​៧​ពិន្ទុ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៨ មាន​៧​ពិន្ទុ​ដូចគ្នា ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៩ ស្មើគ្នា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​១០​។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​១១ មាន​៤​ពិន្ទុ ស្របពេល​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១២ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈរ​លេខ​១៣ ក្រុម​ខេត្តកំពង់ចាម លេខ​១៤​មាន​៣​ពិន្ទុ​ស្មើគ្នា។

​សម្រាប់​គម្រោង​ប្រកួត​សប្ដាហ៍​ទី​៧​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​ក្រសួងការពារជាតិ ត្រូវ​ទទួល​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ស្តា​ត​ចាស់ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ណាហ្គា​វើ​ល នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​អគ្គីសនី​កម្ពុជា និង​ក្រុម​វិសាខា ទទួល​បឹងកេត​អែ​ហ្វ​ស៊ី នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​វិសាខា​។ ៤​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium ហើយ​ក្រុម​ខេត្តកំពង់ចាម ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​ខេត្តសៀមរាប និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៣និង៣០​រសៀល​លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu