Ad Code

ចុះ​ពិនិត្យ​បោះ​ព្រំដី​ទួល​ប្រាសាទ​ប្រុស នៅ​ឃុំ​ច្រ​ណូ​ក ​ខណៈ​មាន​ពលរដ្ឋ​២​នាក់​ បាន​ឈូសឆាយដី​ធ្វើស្រែ ប៉ះពាល់​ដី​ទួល​ប្រាសាទ​បុរាណ​



កំពង់ឆ្នាំង​ ៖ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក នៅ​ព្រឹក​ថ្ងៃទី 19 ខែ​មេសា ឆ្នាំ 2019 បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ និង​បោះ​ព្រំដីទីទួល​ប្រាសាទ​សក្ល ឬ​ហៅថា​ប្រាសាទ​ប្រុស ស្ថិតនៅ​ក្នុង​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខណៈដែល​មាន​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ បាន​ឈូសឆាយ​ពង្រាប​ដីស្រែ​ប៉ះពាល់​ដី​ទីទួល​ប្រាសាទបុរាណ​ដ៏​ចំណាស់​មួយ​នេះ ដែលមាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ​នោះ។​

លោក ហ៊ូ ប៊ុនថន អភិបាលរង​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹងថា​ តាម​ការស្រាវជ្រាវ កាលពី​ថ្ងៃ 13 ខែមេសា ឆ្នាំ​2019 ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​០2​គ្រួសារ រស់នៅ​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​បាននាំគ្នា​ឈូសឆាយ​ពង្រាបដី​ស្រែវស្សា​របស់ខ្លួន ប៉ះពាល់​ដី​ទីទួល​ប្រាសាទ​សក្ល ដែល​មាន​អាយុ​ជាង​១​ពាន់​ឆ្នាំ​ហើយ។ ជាក់ស្តែង​តាម​ការត្រួតពិនិត្យ​វាស់វែង​របស់​ក្រុមចម្រុះ​ពិនិត្យ​ឃើញ​ថា ដី​ប្រាសាទ​នៅ​ផ្នែក​ខាងត្បូង​ ត្រូវ​បាន​ ឈ្មោះ សុខ សារី​ម រស់នៅ​ភូមិ​កង្កែប ឈូសឆាយ​ដីស្រែ​ប៉ះពាល់​ដី​ទួល​ប្រាសាទ ទំហំ 22 ម៉ែត្រ គុណ​នឹង 25 ម៉ែត្រ ចំណែក​នៅ​ផ្នែក​ខាងកើត មានឈ្មោះ ជៀប តិ​ប ឈូសឆាយ​ប៉ះពាល់​ដី​ប្រាសាទ​ទំហំ 12 ម៉ែត្រ​គុណ 04​ម៉ែត្រ។​

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​ចម្រុះ បាន​លើកឡើងថា​ ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​បេតិកភណ្ឌ​ជាតិ គឺ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ជុំវិញ​ប្រាសាទ ប្រវែង1.000 ម៉ែត្រ មិនអាច​ជន​ណា​ប៉ះពាល់ រុករាន​ឈូសឆាយ យក​ដី​ជា​កម្មសិទ្ធិ​បានឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល គឺ​អាស្រ័យ​ផល​បាន តែ​មិនអាច​ឈូសឆាយ​ប៉ះពាល់​ដី​ទួល​របស់​ប្រាសាទ​ខុសពី​ទម្រង់​ដើម​បានឡើយ ជនល្មើស​នឹង​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ទៅតាម​បញ្ញត្តិ​ច្បាប់។ ដោយឡែក ប្រាសាទ​សក្ល ឬ​ប្រាសាទ​ប្រុស​នេះ បាន​កសាងឡើង​នៅក្នុង​រជ្ជកាល ស្តេច​ស្រី​មួយអង្គ ព្រះនាម​ជ័យ ទេវី តាម​រចនាប័ទ្ម​កំពង់​ព្រះ នៅក្នុង​សតវត្សទី​8 ឬ​ទី​9 មុន​សម័យអង្គរ។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​19មេសា​នេះ ក្រុមការងារ​ចម្រុះ​បាន​វាស់វែង​កំណត់​ព្រំ​ប្រាសាទ​សក្ល​ឡើងវិញ ដែលមាន​ទំហំ​ផ្នែក​ខាងជើង​ប្រាសាទ​ប្រវែង 36 ម៉ែត្រ ផ្នែក​ខាងត្បូង និង​ផ្នែក​ខាងលិច​ប្រវែង 26 ម៉ែត្រ ខាងកើត 34 ម៉ែត្រ និង​ដី​តួ​ប្រាសាទ​ទំហំ 6 ,80 ម៉ែត្រ សរុប​ដី​ទីទួល​ប្រាសាទ មាន​ទំហំ 4046 ម៉ែត្រការ៉េ។ ក្រោយពី​បាន​បោះ​ព្រំ​កំណត់​រួចមក មន្ទីរជំនាញ​ និង​អាជ្ញាធរ​ស្រុក បានកំណត់​ឲ្យ​មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក អាជ្ញាធរ​ឃុំ និង​ឆ្មាំ​ប្រាសាទ ត្រូវ​បោះបង្គោល​ព្រំ​ជុំវិញ​ប្រាសាទ​ជាក់ស្ដែង​ឡើងវិញ។ ចំណែក​មន្ទីរ​វប្បធម៌ នឹង​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​នឹង​ទីតាំង​ប្រាសាទ ដោយ​ធ្វើការ​សិក្សា​តាម​នីតិវិធី​ច្បាប់ ដើម្បី​ធ្វើការ​គ្រប់គ្រង​ថែរក្សា​ការពារ​ទីទួល​ប្រាសាទ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់​ជាន់ថ្នាក់។​ ​

ដោយឡែក ក្រុមការងារ​ចម្រុះ​ក៏បាន​កោះអញ្ជើញ​ប្រជាពលរដ្ឋ​ទាំង​០២​គ្រួសារ​ខាងលើ ទៅ​សាលា​ឃុំ​ច្រ​ណូ​ក ដើម្បី​ណែនាំ​អប់រំ​អំពី​ផ្លូវច្បាប់ និង​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​មានការ​ឈូសឆាយដី​ស្រែ​ប៉ះពាល់​ដី​ទួល​ប្រសាទ​ជា​បន្តទៀត និង​តម្រូវឲ្យអ្នក​ពាក់ព័ន្ធ​ទាំង​២លើក​ភ្លឺ​ក្រវាត់​ព្រំប្រទល់​ប្រាសាទ​ទៅតាម​ព្រំ​ចាស់​ឡើងវិញ។ ចំពោះ​ករណីនេះ ប្រជាពលរដ្ឋ​ទាំង​២​នាក់​ខាងលើ ក៏បាន​សុខចិត្ត​ធ្វើ​កិច្ចសន្យា ដោយ​ទទួល​យកទៅ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រុមការងារ​ចម្រុះ​ផងដែរ ដើម្បី​រួមគ្នា​ថែរក្សា​ការពារ​ប្រាសាទ​សក្ល ឬ​ប្រាសាទ​ប្រុសឲ្យ​បាន​គង់វង្ស​យូរអង្វែង​រហូត​ទៅ៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu