ភ្នំពេញ ៖ បឺត សំរេច អ្នកប្រដាល់ក្លឹបសាលវ័នកីឡាដែលបានបាត់មុខជាយូរមកហើយនោះ ពេល នេះបានមកសុំជួបសាកកណ្ដាប់ដៃជាមួយ ឡេះ តើក ដែលជាអ្នកប្រដាល់ក្លឹបពុទ្ធសេរីវង្សកីឡា នៅ លើសង្វៀនSEA-TV នាល្ងាចថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០១៥នេះ។
សំរេច ជាអ្នកប្រដាល់ចាស់វស្សាយូរមកហើយ ប៉ុន្តែពេលមុននោះគេពុំមែនជាដៃគូជាមួយឡេះ តើកឡើយ ព្រោះថា សំរេចមានទម្ងន់ខុសគ្នាជាមួយ ឡេះ តើក តែឥឡូវគេ(សំរេច) មានទម្ងន់រហូតដល់៦៩គីឡូក្រាមឯណោះ គឺលើស ឡេះ តើក ប្រមាណពីរគីឡូថែមទៀត ប៉ុន្តែយ៉ាងណា ឡេះតើក នៅតែស្វាគមន៍សំរេចដែរ។
បឺត សំរេច បានលេចមុខមកឡើងសង្វៀនវិញ ក្នុងអំឡុងខែធ្នូកន្លងមកនេះប៉ុណ្ណោះ ដោយបានឡើងប្រកួតចំនួន២ប្រកួតជាមួយ ជួង ទីតា អ្នកប្រដាល់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ ដោយវាយឈ្នះម្តងចាញ់ម្តង។
ការជួបប្រកួតជាមួយ ឡេះ តើក លើកនេះ សំរេច ប្រហែលជាមិនអាចយកឈ្នះបានទេដោយសារ ឡេះ តើក គេល្អជាងទាំងក្បាច់ប្រដាល់ ទាំងល្បិចកលប្រកួត ហើយមួយទៀត ឡេះ តើក មួយរយះចុងក្រោយនេះ គេមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេ។ សូម្បីតែ លួន សុខខេង ជើងខ្លាំងក្លឹបអាស៊ីកីឡា ដែលជួបប្រកួតចុងក្រោយនេះ ក៏មិនអាចយកឈ្នះ ឡេះ តើក បានដែរ គឺបានត្រឹមស្មើប៉ុណ្ណោះ។ ដូច្នេះចាំមើលតើ បឺត សំរេច គេអាចយកឈ្នះ ឡេះ តើក បានដែរឬអត់ សម្រាប់ការជួបគ្នាលើកដំបូងនេះ ? សេន កុសល អ្នកប្រដាល់ជើងថ្មី នៃក្លឹបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយជើងចាស់ ហ៊ល ដារ៉ា អ្នកប្រដាល់ក្លឹបសាលវ័នកីឡាដោយប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម។ អ្នកប្រដាល់ សេន កុសលនេះឡើងមកប្រកួតនៅភ្នំពេញប៉ុន្មានប្រកួតនេះ គេវាយពុំដែលចាញ់ទេ។ ការប្រកួតចុងក្រោយនេះ កុសល ប្រកួតឈ្នះ សល់ ប៊ុនអ៊ីម អ្នកប្រដាល់ក្លឹប កុសល កីឡាដោយពិន្ទុ។ កុសលនេះគេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងថែមទៀត។ ជាមួយនេះ គេក៏ស៊ូក្នុងការប្រកួតផងដែរ។ ហ៊ល ដារ៉ា ទោះជាអ្នកប្រដាល់ជើងចាស់ក្តី ប៉ុន្តែមិនប្រាកដថាឈ្នះ សេន កុសល នោះឡើយ ព្រោះ ដារ៉ា មានចិត្តមិនសូវធំ ហើយក៏ពុំមានផ្លែល្អនោះដែរ។ ដារ៉ា បានតែជង្គង់ប៉ុណ្ណោះ ពេលប្រកួតគេដើរចូលទៅតែចាប់គូប្រកួតដើម្បីអុកជង្គង់ទេ ប៉ុន្តែជាមួយសេន កុសល ដែលមានកណ្ដាប់ដៃល្អនោះ ដារ៉ា ច្បាស់ជាចូលមិនចុះទេ។ ការប្រកួតចុងក្រោយនេះ ដារ៉ាវាយឈ្នះ ព្រំ វី អ្នកប្រដាល់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ដោយពិន្ទុ។
ទោះជាយ៉ាងណាក៏ដោយ រវាង ហ៊ល ដារ៉ា និង សេន កុសល ដែលជួបប្រកួតគ្នានេះ អ្នកណាឈ្នះ អ្នកណាចាញ់នោះ មិនអាចទាយមុនបានឡើយ ?
បឺត សង្ឃឹម អ្នកប្រដាល់ក្លឹបរ៉ាហាប់ស្វាយប៉ាក នឹងត្រូវជួបប្រកួតជាមួយសយ សី អ្នកប្រដាល់ក្លឹបពន្លឺវិបុលរិទ្ធី។ ពួកគេពីរនាក់នេះ ក៏ពុំធ្លាប់ដែលជួបប្រកួតគ្នាដែរពីមុនមក។ ប៉ុន្តែតាមកម្រិតសមត្ថភាព និងបច្ចេកទេសនោះ សង្ឃឹមប្រហែលជាមិនអាចឈ្នះ សយ សីនោះឡើយ។
ចំណែក ម៉ន វ៉ាន់នី អ្នកប្រដាល់ក្លឹបការិយាល័យទី០៥ កងទ័ពជើងគោក ត្រូវប្រកួតជាមួយហឿន សុខលី អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ។ ពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក។
ហឿន សុខលី ជាអ្នកប្រដាល់ថ្មីទើបគាស់ពីកេស ហេតុនេះពុំដឹងថា គេល្អឬអន់នោះទេ។ ចាំមើល តើ ម៉ន វ៉ាន់នី អាចយកឈ្នះ ហឿន សុខលី បានឬអត់៕
វិសិទ្ធ(រូប៥)



0 Comments