ភ្នំពេញ ៖ លោក Jean Davit Levitte អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបារាំង ដែលបានចូលរួមក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាកន្លងមក និងលោក Gibert Guillaume អតីតប្រធានចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាចៅក្រមចំពោះកិច្ចរបស់កម្ពុជាក្នុងពេលដែលកម្ពុជាស្នើសុំឲ្យតុលាការអន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ លើរឿងក្តីប្រាសាទព្រះវិហារបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១០ថ្ងៃ ហើយដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ លោក Gibert Guillaume និងលោក Jean Davit Levitte បានចូលជួបសម្ដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥លោក កុយ គួង មន្ត្រីអ្នកនាមពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានថ្លែងអំណរគុណចំពោះលោក Gibert Guillaume ដែលលោកបានខិតខំតស៊ូយ៉ាងសកម្មដើម្បីភាពជោគជ័យរបស់កម្ពុជា។ លោក កុយ គួង បានបញ្ជាក់ថា ដោយសារតែលោក Gibert Guillaume អតីតប្រធានចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទើបលោកមានឥទ្ធិពលធ្វើឲ្យតុលាការបានទទួលយកការស្នើសុំបកស្រាយសាលក្រមឆ្នាំ១៩៦២ លើរឿងក្តីប្រាសាទព្រះវិហារនេះ។
លោក កុយ គួង អះអាងថា កម្ពុជាបានដាក់ពាក្យស្នើសុំនេះកាលពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០១៣ ទើបតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបើកសវនាការ ហើយរយៈពេល២ឆ្នាំនេះ លោក Gibert Guillaume បានខិតខំយ៉ាងខ្លាំងតាមបទពិសោធន៍ និងសមត្ថភាពដ៏ខ្ពស់របស់លោក ទើបធ្វើឲ្យតុលាការសម្រេចជាវិជ្ជមានជូនកម្ពុជា ដូច្នេះការសម្រេចកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ជាជោគជ័យប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ហើយនៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអរគុណចំពោះលោក Jean Davit Levitte អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបារាំង ដែលបានចូលរួមក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាកន្លងមក ហើយនៅក្នុងដំណើរការនេះ លោក Jean Davit Levitte បានខិតខំដោះស្រាយបញ្ហាលំបាកៗជាច្រើន ជាពិសេសបានខិតខំសម្របសម្រួលឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួបគ្នាជាបន្តបន្ទាប់ រហូតដល់មានការស្រុះស្រួលគ្នា ឈានទៅដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១។
សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់លោក Gibert Guillaume អតីតប្រធានចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាចៅក្រមចំពោះកិច្ចរបស់កម្ពុជា ក្នុងពេលដែលកម្ពុជាស្នើសុំឲ្យតុលាការអន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ លើរឿងក្តីប្រាសាទព្រះវិហារ និងលោក Jean Davit Levitte អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបារាំង ដែលបានចូលរួមក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាកន្លងមក រយៈពេល១០ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាប្រមុខការទូតកម្ពុជា ដើម្បីឲ្យលោកមានឱកាសថ្លែងអំណរគុណនូវកិច្ចខិតខំរបស់អ្នកទាំងពីរ ហើយរយៈពេល១០ថ្ងៃនៅកម្ពុជានេះ លោកបានទៅមើលច្រើនកន្លែងដូចជា ប្រាសាទអង្គវត្តខេត្តសៀមរាប ខេត្តបាត់ដំបង និង កន្លែងជាច្រើនទៀត ហើយលោកក៏បានចាប់អារម្មណ៍ពីការរីកចម្រើនរបស់ប្រទេស ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕
កោះកែវ


0 Comments