Ad Code

នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ចោរឆក់​ស្ទើរភ្លើង​២​នាក់​បញ្ជូន​ទៅ​តុលាការ​


ភ្នំពេញ ៖ ក្រុម​ចោរ​ស្ទើរភ្លើង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចតុមុខ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ព្រលប់​ថ្ងៃទី​២០​ ខែមករា​ ឆ្នាំ​២០១៥​ នៅមុខ​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​២៤០ ភូមិ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ មានឈ្មោះ​ ឈឹម សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក និង​ម្នាក់ទៀត​ឈ្មោះ​ លី ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ជុំ កា​ដែ​ត​បូ​ស៊ី​យ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ បុគ្គលិក​ធនាគារ​មេឃ​ប៊ែ​ង ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ​លេខ​១៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម្នាក់ឯង​ចេញពី​កន្លែង​ធ្វើការ​ឆ្ពោះ​មក​ផ្ទះ​ ហើយ​បើក​តាមផ្លូវ​លេខ​២៤០​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​មុខ​ផ្ទះ​លេខ​១១ ស្រាប់តែ​មាន​យុវជន​ស្ទាវ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ​លា​យស បាន​ជិះ​អែប​ខាងឆ្វេង​ដៃ ហើយ​យុវជន​ដែល​អង្គុយ​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបយួរ​របស់​ខ្លួន​ដែល​ដាក់​នៅ​ប្រឡោះ​ជើង​លើ​ម៉ូតូ​បានសម្រេច ហើយ​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន ​ពេល​នោះ​រូប​គាត់​បាន​ស្រែក​ឆោឡោ​ដើម្បី​ឲ្យ​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជួញ​ដេញ​ចាប់​ជនសង្ស័យ​។

បើ​តាម​ការ​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ស្ត្រី​រង​គ្រោះ​ស្រែក​ឆោឡោ​ក្នុងករណី​ចោរឆក់​កាបូប​នេះ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ និង​នគរបាល​ប៉ុស្តិ៍​ចតុមុខ​កំពុង​ជិះ​ម៉ូតូ​ល្បាត ក៏​ប្រទះឃើញ ហើយ​តាម​ប្រមាញ់​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំងពីរ​នាក់ រួម​ទាំង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព ព្រមទាំង​ដកហូត​បាន​កាបូប​យួរ​ឲ្យ​ស្ត្រី​រងគ្រោះ​វិញ​ផង​ដែរ។​

នគរបាល​ខណ្ឌដូនពេញ​បញ្ជាក់​ថា​ ក្រុម​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១​ ខែមករា ​ឆ្នាំ​២០១៥​នេះ​តែម្តង ​ដើម្បី​ឲ្យ​ស្ថាប័ន​តុលាការ​ចោទ​ប្រកាន់​ទៅតាម​នីតិ​វិធី​ច្បាប់៕

រស្មី​

Post a Comment

0 Comments

Close Menu