កំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបុណ្យទន្លេខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បាននិយាយឲ្យដឹងថាបច្ចុប្បន្ននេះ គណៈកម្មាធិការបុណ្យទន្លេខេត្តកំពង់ឆ្នាំងទាំង១៧ កំពុងមមាញឹកក្នុងការរៀបចំធ្វើការងាររៀងខ្លួន ដើម្បីឆ្ពោះទៅគោលដៅ នៃការធ្វើបុណ្យទន្លេនៅក្នុងថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ។
ដោយឡែក ក្នុងពេលនេះ គណៈកម្មាធិការបុណ្យទន្លេយើង កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមសុទ្ធក្រុមហ៊ុនមេឌាអាក់សិន( media action ) កំពុងតំឡើងគ្រោងឆ្នាំង ដែលជានិមិត្តសញ្ញារបស់ខេត្តកំពង់ឆ្នាំងចំនួន២៤កន្លែង រៀបចំតុបតែងលំអភ្លើងអគ្គិសនីចម្រុះពណ៌ និងកំពុងធ្វើប៉ាណូតូចធំចំនួន ៧៥ ដាក់តាំងនៅតាមដងផ្លូវជាតិលេខ៥ នៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីបិទរូបភាពការអភិវឌ្ឍនានាសម្រាប់អបអរការធ្វើបុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណរិទ្ធ ក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមជួយរៀបចំប្រព័ន្ធភ្លើងអគ្គិសនីតុបតែងលំអ នៅតាមគេហដ្ឋាន និងនៅតាមមន្ទីរអង្គភាពរបស់ខ្លួនឲ្យបានស្អាតល្អ ដើម្បីរួមគ្នាធ្វើឲ្យទីក្រុង នៃខេត្តកំពង់ឆ្នាំង មានសោភ័ណភាពល្អ ដើម្បីសហការគ្នាធ្វើបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យទទួលបានជោគជ័យ។
ទន្ទឹមគ្នានេះដែរ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ព្រោះថាការរៀបចំបុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង និងការដាក់តាំងប៉ាណូ និងរូបនិមិត្តសញ្ញា នៃខេត្តកំពង់ឆ្នាំង អាចនឹងធ្វើឲ្យមានការប៉ះពាល់ស្ទះចរាចរណ៍ខ្លះមិនខានឡើយ។
ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរយោគយល់អធ្យាស្រ័យ និងសូមរួមគ្នាគោរពច្បាប់ចរាចរណ៍ គោរពល្បឿនកំណត់ នៅក្នុងទីក្រុង ក្នុងទីប្រជុំជន ទើបអាចទប់ស្កាត់ និងកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែក តំណាងក្រុមហ៊ុនមេឌាអាក់សិន media action ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកធ្លាប់មានបទពិសោធន៍ កសាងរូបភាព និងតុបតែងលំអរូបភាពផ្សេងៗនៅក្នុងបុណ្យសង្ក្រានចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប និងបុណ្យទន្លេនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កន្លងមក ទទួលបាននូវជោគជ័យ។ ដូច្នេះ ក្នុងការរៀបចំលំអប្រព័ន្ធភ្លើង នៃរូបភាពនានាសម្រាប់បុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង លោកនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អទៅតាមគម្រោងផែនការ របស់គណៈកម្មការការបុណ្យទន្លេខេត្តកំពង់ឆ្នាំង ដោយក្រុមហ៊ុនមេឌាអាក់សិន របស់លោកសង្ឃឹម និងមានការគាំទ្រពីប្រជាពលរដ្ឋយើង៕
Source: Kampuchea Thmey Daily
0 Comments