ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងកម្លាំងសណ្ដាប់ធ្នាប់និងប្រជាការពារខណ្ឌជាច្រើននាក់នៅ រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ បានចុះទៅរុះរើតូបលក់ដូរ ( ប្រហិត គ្រឿង សមុទ្រ និងភេសជ្ជៈ ) នៅជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ែកខាងក្រោយ និងជាប់របងសាលាបឋមដូនពេញស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ការចុះទៅរុះរើតូប និងស្នើឱ្យផ្អាកអាជីវ កម្មលក់ដូរគ្រឿងហូបចុកខាងលើនេះ បាន ធ្វើឡើងតបទៅតាម កិច្ចព្រម ព្រៀងរវាងក្រុមអាជីវករ និងអាជ្ញាធរខណ្ឌដូនពេញ កាល ពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៤កន្លងទៅនេះខណៈដែលលោកអភិបាលខណ្ឌដូនពេញ បានកោះអញ្ជើញក្រុមអាជីវករដែលលក់ដូរនៅតាមដងផ្លូវនោះដោយតម្រូវឱ្យបញ្ចប់អាជីវកម្ម របស់ខ្លួន នាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះ។
លោកគឹម វុត្ថា ដែលដឹកនាំកម្លាំងសន្ដិសុខ ចុះទៅរុះរើតូបលក់ដូរ និងផ្អាកអាជីវកម្មលើចិញ្ចើមថ្នល់ សាធារណៈ ខាងលើនេះ បានបញ្ជាក់ថា ដោយយោងតាមការណែនាំពីសំណាក់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន លើការ អនុវត្ដកិច្ចព្រមព្រៀងរវាងអាជីវករនិងអាជ្ញាធរនោះ គឺតម្រូវឱ្យពួកគាត់ផ្អាកអាជីវកម្មនេះតែម្ដង ហើយទៅ ស្វែងរកកន្លែងលក់ដូរនៅទីតាំងផ្សារ ដែលសមស្របរៀងៗខ្លួន។
លោក គឹម វុត្ថា បានបញ្ជាក់ថា ការចុះទៅណែនាំ និងប្រាប់ឱ្យពួកគាត់បញ្ចប់អាជីវកម្មនៅតាមដងផ្លូវ សាធារណៈខាងលើនេះ គឺពុំមានការតវ៉ា ឬរារាំងណាមួយពីក្រុមអាជីវករទាំងនេះឡើយ ពោលពួកគាត់បាន យល់ព្រមតបទៅ តាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា កាលពីប៉ុន្មានខែមុននោះ។
មន្ដ្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ការដែលហាមឃាត់មិនឱ្យមានការលក់ដូរ គ្រឿងហូបចុកនៅលើ ចិញ្ចើមផ្លូវសាធារណៈ នាទីប្រជុំនោះ ក្នុងគោលបំណងលើកម្ពស់ សោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបញ្ហាបរិស្ថាន ជាដើម។
យុទ្ធនាការក្នុងរូបភាពបែបនេះ អភិបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វើការ កែលំអជាបន្ដបណ្ដើរៗមិនថា នៅជាប់របង វិទ្យាល័យព្រះស៊ីសុវត្ថិនិងសាលាបឋមដូនពេញនោះទេ ប៉ុន្ដែតាមគោលដៅផ្សេងៗទៀតត្រូវធ្វើបន្តបន្ទាប់។ ប្រជាពលរដ្ឋបានគេរិះគន់អជ្ញាធរខណ្ឌដូនពេញថាសព្វថ្ងៃនេះបាននឹងកំពុងមើលរំលងនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ដែលចាប់ពីខាងត្បូងស្ពានជ្រោយចង្វារហូតមកដល់ដើមពោធិខាងមុខបារទន្លេសាប ត្រូវបានគេដាក់តាំងលក់ដូរគ្រឿងហូបចុកពាសពេញចិញ្ចើមផ្លូវនោះព្រោះតែបានសំណែនបន្តិចបន្តួចសុខចិត្តបណ្តែតបណ្តោយឲ្យមានការលក់ដូរបែបអនាធិបតេយ្យបែបនេះមិនត្រឹមតែប៉ុណ្ណោះ ក៏មានការកកស្ទះចរាចររាល់តែយប់ថ្ងៃតែម្តង។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះនៅក្នុងមូលដ្ឋានសង្កាត់ស្រះចកគឺសម្បូរទៅដោយហាងការហ្វេវៀតណាមដែលបង្កប់សេវាបំរើផ្លូវភេទ បានបើកយ៉ាងគឃ្លើននៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ និងកែងផ្លូវលេខ៨០បានរីកដូចផ្សិតដែលសព្វថ្ងៃគេឃើញស្ត្រីរកស៊ីទាំងនោះបើកទ្វារបក់ដៃហៅម៉ូយដើម្បីចូលរកសេវាផ្លូវភេទ ហាក់ដូចជាបង្កភាពអនាធិបតេយ្យខ្លាំងណាស់។ ចំណែកអាជ្ញាធរវិញមិនមានវិធានការអ្វីសោះឡើយ លុះត្រាណាខាងអង្គភាពផ្សេងមកចាប់បង្ក្រាប ទើបកាត់បន្ថយខ្លះ៕

0 Comments