Ad Code

គ្មាន​ការ​បង្ហើប​លទ្ធផល​នៃ​ការសាកសួរ​ចម្លើយ​បុរស​៣​នាក់ ​ដែល​បាន​វាយ​តំណាងរាស្ត្រ​

ភ្នំពេញ​ ៖ បុរស​៣​នាក់​ដែល​សារភាព​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​បណ្ដាល​ឲ្យ​រង​របួស ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​មក​តុលាការ​ ដើម្បី​ធ្វើការ​សាក​សួរ​បន្ថែម​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥នេះ។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា លទ្ធផល​នៃ​ការសាកសួរ​រវាង​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់ និង​លោក​ចៅក្រម​ស៊ើបសួរ អ៊ី ថាវរៈ ពុំ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ណាមួយ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។​



បុរស​ទាំង​៣​នាក់​នេះទី១​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទី២​ឈ្មោះ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង និង​ទី​ឈ្មោះ សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង មាស ច័ន្ទ​ពិសិដ្ឋ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឲ្យ​​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។​



យោង​តាម​មាត្រា​២១៨ និង មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា ជន​ដៃ​ដល់​ទាំង​៣​នាក់ អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៤​ឆ្នាំទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៨​លាន​រៀល ដល់ ២០​លាន​រៀល។​



ពាក់ព័ន្ធ​ករណីនេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បង្ហើប​ឲ្យ​ដឹង​ថា បុរស​ទាំង​៣​នាក់​នេះ​បាន​សារភាព​ប្រហាក់​ប្រហែលគ្នា​ប្រាប់​តុលាការ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ពួកគេ​ទាំង​៣​នាក់​បាន​អង្គុយ​ផឹក​កាហ្វេ​នៅ​ម្តុំ​វិមានឯករាជ្យ ស្រាប់តែ​ទទួល​បាន​ព័ត៌មាន​ថា មាន​បាតុកម្ម​មុខ​រដ្ឋសភា​ទាមទារ​ឲ្យ​ទម្លាក់​ លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​រដ្ឋសភា។​ ពេលនោះ​ពួកគេ​ក៏​ធ្វើដំណើរ​មក​ខាងមុខ​រដ្ឋសភា ហើយ​ចូលក្នុង​ហ្វូង​បាតុករ ដើម្បី​ក្តាប់​សភាពការណ៍​អំពី​រឿង​ហេតុ​នេះ។ លុះ​ពេល​បាតុកម្ម​ត្រូវ​បាន​បញ្ចប់ ហើយ​បាតុករ​បាន​រំសាយ​ជា​បណ្ដើរ​ៗ​នោះ ពួកគេ​ពុំ​ទាន់​ទៅ​ណា​ទេ ពោល​គឺ​នៅ​រង់ចាំ​ចេញ​ក្រោយ​គេ​បង្អស់ ព្រោះ​ពួកគេ​មិន​មែន​ជា​ក្រុម​បាតុករ។​



បន្ទាប់មក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ចំនួន​២​រូប​បាន​ជិះ​រថយន្ត​ចេញ​មក ហើយ​បើក​កញ្ចក់​រថយន្ត​ស្រែក​ជេរ​ថា “​ពួក​អាយ៉ង​យួន​” ទើប​ធ្វើឲ្យ​ពួកគេ​មាន​កំហឹង​ក៏​វាយ​លើ​តំណាងរាស្ត្រ​នោះ​តែ​ម្តង។​



ប៉ុន្តែ ទោះ​បី​យ៉ាង​ណា តំណាងរាស្ត្រ​ទាំងពីរ​រូប គឺ លោក គង់ សុភា និង លោក ញ៉យ ចំរើន បាន​បដិសេធ​ថា ពួកគាត់​ពុំបាន​ប្រើ​ពាក្យ​ថា “​ពួក​អាយ៉ង​យួន​” នោះ​ទេ៕



គ្មាន​ការ​បង្ហើប​លទ្ធផល​នៃ​ការសាកសួរ​ចម្លើយ​បុរស​៣​នាក់ ​ដែល​បាន​វាយ​តំណាងរាស្ត្រ​

Post a Comment

0 Comments

Close Menu