កំពង់ចាម ៖ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះម្នាក់។ ប៉ូលិសបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២២និង១៥នាទី សមត្ថកិច្ចប្រទះឃើញជនរងគ្រោះ ឈ្មោះ អាង តារ៉ា ហៅខ្នៅ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានដេកស្លាប់ដោយមានស្នាមរបួសពេញខ្លួន ដេកលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ភ្លាមៗ ជំនាញបានធ្វើការពិនិត្យស្លាកស្នាមសព ឃើញថា មានភាពមិនប្រក្រតី ក៏បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត រហូតដល់វេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបកំណត់បានថា ជាករណីឃាតកម្ម មិនមែនគ្រោះថ្នាក់ និងបាននាំជនពាក់ព័ន្ធ ០២នាក់ មកសាកសួរមានឈ្មោះដូចខាងក្រោម ៖
១-ជនដៃដល់ ឈ្មោះ សុខ ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិដីឡូត៍ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយដាល់លើផ្ទៃមុខជនរងគ្រោះចំនួន៣ដៃចំផ្ទៃមុខបណ្តាលឲ្យដួលសន្លប់។ ហើយ ឈ្មោះ វរ័ ពៅ ភេទស្រី ជាម្ចាស់តូបលក់ ប្រាប់ខ្លួនឲ្យអូសយកទៅទុកចោលក្បែរថ្នល់ជាតិពិតប្រាកដមែន។
ជនសង្ស័យបានបញ្ជាក់ថា នៅល្ងាចថ្ងៃកើតហេតុ ខ្លួន និងជនរងគ្រោះ ផឹកស៊ីជាមួយគ្នានៅនឹងផ្ទះឈ្មោះ វរ័ ពៅ ហើយក៏មានទំនាស់វាយគ្នាទៅវិញទៅមករហូតដល់ស្លាប់។
ចំណែក ឈ្មោះ វរ័ ពៅ ភេទស្រី អាយុ៤៨ឆ្នាំ ជាអ្នកលក់ដូរស្រា និងសាច់ក្លែមបានឆ្លើយសារភាពថានៅពេលដែលជនសង្ស័យ និង ជនរងគ្រោះផឹកស៊ីជាមួយគ្នា មានទំនាស់ ហើយវាយតប់គ្នាទៅវិញទៅមក នៅពេលនោះ ជនសង្ស័យបានដាល់ ហើយឡើងជិះច្រកគៀវសង្កត់ពីលើជនរងគ្រោះ និងកាន់ដុំថ្មអុកទៅលើជនរងគ្រោះជាច្រើន នៅនឹងមុខផ្ទះរបស់ខ្លួន ហើយខ្លួនបានប្រាប់ទៅជនសង្ស័យថាបើឯងវាយវាងាប់ហើយ ឯងអូសវាចេញឲ្យផុតពីដីអញទៅ។
ក្រោយពីជនសង្ស័យអូសជនរងគ្រោះយកទៅទុកក្បែរចិញ្ចើមថ្នល់ ខ្លួនក៏បានបណ្ដើរកង់របស់ជនរងគ្រោះយកទៅដាក់លើថ្នល់ជាតិ ស្ថិតនៅខាងត្បូងក្បែរជនរងគ្រោះ ដើម្បីបន្លំជាករណីគ្រោះថ្នាក់ចរាចរណ៍ បង្វែរឲ្យផុតពីករណីឃាតកម្ម និងមិនរាយការណ៍ពីរឿងអ្វីដែលកើតឡើងទាំងអស់។
ប៉ូលិសបានបញ្ជាក់ថា ជំនាញបាននាំខ្លួនជនសង្ស័យទាំង២នាក់ មកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments