Ad Code

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ កំណត់​ឲ្យ​ប្រជាពលរដ្ឋ រុះរើ​លំនៅដ្ឋាន ​ដែល​សាងសង់​នៅ​តាម​មាត់​ច្រាំងទន្លេ​ក្នុង​ភូមិ​ចុង​កោះ​ឲ្យ​អស់​មុន​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ



កំពង់ឆ្នាំង ​៖​ សមត្ថកិច្ច​នគរបាល​សណ្ដាប់ធ្នាប់​ក្រុង និង​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ​​បាន​សហការ​គ្នា​ចុះ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​តាម​មាត់​ច្រាំងទន្លេ​ក្នុងភូមិ​ចុង​កោះ​អោយ​រើរុះ​ផ្ទះសម្បែង​របស់​ខ្លួន​ចេញ​ឲ្យ​អស់ នៅមុន​ថ្ងៃ​២៥ ខែកុម្ភៈ​នេះ តាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​រួមគ្នា​ប្រារព្ធ​ធ្វើបុណ្យ​ទន្លេ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ខាងមុខនេះ។



លោក​ហង្ស ប៊ុន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង ជា​អ្នកដឹកនាំ​ក្រុមការងារ​សមត្ថកិច្ច​ចម្រុះ បាន​និយាយ​ដឹងថា ​៖ អនុវត្តតាម​ផែនការ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​កំណត់​អោយ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច សហការ​គ្នា​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅតាម​ច្រាំងទន្លេ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ត្រូវ​រុះរើ​ផ្ទះ​របស់ខ្លួន​ឲ្យ​បាន​អស់​នៅមុន ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ​​ ព្រោះថា តាម​ផែនការ​បន្លាស់​ទី​ផ្ទះ​នៅតាម​ច្រាំង​​​ទន្លេ ប្រជាពលរដ្ឋ​ជាង​២៥០​គ្រួសារ សុទ្ធ​បានទទួល​គោ​ល​នយោបាយ​ដីធ្លី​នៅ​ជិត​ផ្សារ​កំពង់ឆ្នាំង​ថ្មី​ពី​អាជ្ញាធរខេត្ត​រួច​អស់ហើយ។

ករណី​មានការ​រឹងរូស​មិន​អនុវត្តតាម​ផែនការ​នេះ សមត្ថកិច្ច និង​អាជ្ញាធរ នឹង​ចាត់វិធានការ​រដ្ឋបាល​ប្រើប្រាស់​កម្លាំងចម្រុះ​ចុះ​រើ​ផ្ទះសម្បែង​ទាំងអស់នោះ​ចេញ ដោយ​មិន​ទទួល​ការខុសត្រូវ​លើ​ការខូចខាត​បាក់​បែក​ឡើ​យ។ ដោយឡែក​សំណង់​តូចតាច​នៅ​មុខ​វត្ត​យាយ​ទេព ក៏ត្រូវ​អោយ​រុះ​រើចេញ​អោយអស់​ផងដែរ​។​ ចំណែក​ផ្ទះ​ស្នាក់នៅ​របស់​កម្មករ​កំ​ពង់​ផែ​នៅ​ជិត​កំពង់ផែ​ចាស់​ចុង​កោះ មួយចំនួន​ ម្ចាស់​គាត់​បាន​ស្ម័គ្រចិត្ត​រុះរើ​​ដោយ​ខ្លួនឯង​ហើយ​ ដោយឡែក​មួយចំនួន​ទៀត​បាន​សន្យាថា នឹង​រុះរើ​ជា​បន្ទាប់​អោយបាន​មុន​ផែនការ​របស់​ខេត្ត​។​



អាជ្ញាធរខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មេ​ត្តា​ចូលរួម​អនុវត្តន៍​ផែនការ​រៀបចំ​ធ្វើ​បុណ្យ​ទន្លេ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥​ដល់​១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ​អោយ​ទទួលបាន​ជោគជ័យ ដែល​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ សម្តេច ហ៊ុន សែន និង​សម្តេច​កត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ផង​ដែរ។

​នៅក្នុង​ពិធីបុណ្យ​នេះដែរ ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​សង្ឃឹមថា នឹង​ទទួលបាន​នូវ​ចំណងដៃ​អ្វីមួយ​ពីស​ម្តេច ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​ចង់បាន​ជាងគេ​នោះ គឺ​ស្ពាន​ឆ្លងទន្លេ​ផ្សារ​ក្រោម ឆ្ពោះទៅកាន់​ស្រុក​កំពង់លែង ដែល​អាច​ឆ្លងទៅ​កាត់​ខេត្តកំពង់ធំ និង​ខេត្ត​សៀមរាប បាន​ឆាប់រហ័ស ចំណេញ​ពេលវេលា និង​អាច​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង៕
   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu