ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួងបានចាប់ផ្តើមបើកសេវាវះកាត់អ្នកជំងឺគថ្លង់តាមបច្ចេកវិទ្យាទំនើបនិងមានប្រសិទ្ធភាពខ្ព ស់ជាលើកដំបូងនៅកម្ពុជាដែលនឹងជួយឲ្យពួកគេអាចស្តាប់ឮនិងនិយាយបានដូចមនុស្សទូទៅ។
ថ្លែងនៅក្នុងពិធីបើកសេវាវះកាត់ជំងឺគ ថ្លង់ជាផ្លូវការកាលពីរសៀលថ្ងៃទី១៧តុលានេះ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា សេវាវះកាត់ជំងឺគ‑ថ្លង់នេះបានចាប់ផ្តើមពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ តទៅហើយនៅមន្ទីរពេទ្យព្រះអង្គឌួងតែមួយគត់ដើម្បីធ្វើការវះកាត់និងព្យាបាលអ្នកជំងឺគ ថ្លង់នៅប្រទេសកម្ពុជាឲ្យទទួលបាននូវជីវិតថ្មីនិងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម។
លោកសាស្ត្រាចារ្យ លូ លីឃាង បានបន្តថា ការវះកាត់ជំងឺគ‑ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើបដែលអាចឲ្យអ្នកជំងឺមានលទ្ធភាពស្តាប់ឮនិយាយបាននិងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតាពិសេសកុមារអាចចូលរៀនបានផងដែរខណៈដែលមុនវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ចំពោះសេវាវះកាត់អ្នកជំងឺគថ្លង់នេះគឺអ្នកជំងឺត្រូវបង់ប្រាក់ប៉ុន្តែលោកសាស្ត្រាចារ្យមិនបានបញ្ជាក់ថា នឹងត្រូវបង់ប៉ុន្មាននោះទេ។ ប៉ុន្តែនៅក្នុងពិធីបើកសេវាវះកាត់ជំងឺគ ថ្លង់ជាលើកដំបូងនៅកម្ពុជាតាមបច្ចេកវិទ្យាទំនើបនេះមន្ទីរពេទ្យព្រះអង្គឌួងបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េបានផ្តល់ការវះកាត់ដល់អ្នកជំងឺគ ថ្លង់ចំនួន៤នាក់ដោយមិនគិតថ្លៃ។
លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា ការវះកាត់ជំងឺគ‑ថ្លង់នេះគឺមន្ទីរពេទ្យបានបញ្ជូនគ្រូពេទ្យជំនាញវះកាត់ទៅបណ្តុះបណ្តាលនៅប្រទេសកូរ៉េខាងត្បូងហើយក្រុមគ្រូពេទ្យកូរ៉េក៏បានមកជួយបង្ហាត់បង្រៀនបន្ថែមដល់គ្រូពេទ្យយើងនៅក្នុងមន្ទីរពេទ្យផងដែរ។
លោកប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានបន្ថែមទៀតថា ក្នុងពេលដែលមន្ទីរពេទ្យបើកសេវាវះកាត់ជំងឺគ‑ថ្លង់នេះមន្ទីរពេទ្យនៅតែបន្តសហការជាមួយក្រុមគ្រូពេទ្យមកពីកូរ៉េរហូតដល់គ្រូពេទ្យកម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវះកាត់ជំងឺគថ្លង់នេះដោយខ្លួនឯង។
យ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យ លូលីឃាង បានបន្ថែមថា នៅពេលធ្វើការវះកាត់រួចហើយមន្ទីរពេទ្យនឹងបញ្ជូនអ្នកជំងឺគថ្លង់ទៅកាន់សាលាគថ្លង់ដើម្បីឲ្យគ្រូជួយបង្ហាត់បង្រៀនអ្នកជំងឺពីរបៀបក្រឡាស់អណ្តាតឲ្យចេះនិយាយ។
លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា កុមារដែលមានជំងឺគថ្លង់អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ដោយសារតែកុមារងាយស្រួលហាត់ពុតសំឡេងផ្ទុយពីមនុស្សចាស់ដែលមានជំងឺគថ្លង់ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។
លោកសាស្ត្រាចារ្យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ ថ្លង់ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួងដើម្បីធ្វើការវះកាត់ដើម្បីជួយឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញនិងអាចចូលរួមនៅក្នុងការងារសង្គមបានពេញលេញដូចមនុស្សទូទៅដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជាមានជនពិការទាំងអស់ជាង៥២ម៉ឺននាក់ក្នុងនោះជនពិការគ ថ្លង់មានចំនួនជាង៤០ភាគរយ៕
Source: Kampuchea Thmey Daily
1 Comments
ក្មេងស្រីអាយុ ២២ ឆ្នាំ តើអាចទទួលការវះកាត់ត្រចៀកបានជោគជ័យទេ? គាត់ដាចក្រដាសត្រចៀកអស់ហើយ
ReplyDelete