Ad Code

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ចាប់ផ្តើម​បើក​សេវា​វះកាត់​អ្នកជំងឺ​គ​ថ្លង់​តាម​បច្ចេកវិទ្យា​ទំនើប​ជា​លើកដំបូង​នៅ​កម្ពុជា



​ភ្នំពេញ ​៖ ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​ចាប់ផ្តើម​បើក​សេវា​វះកាត់​អ្នកជំងឺ​គ​ថ្លង់​តាម​បច្ចេកវិទ្យា​ទំនើប​និង​មាន​ប្រសិទ្ធភាព​ខ្ព ស់​ជា​លើកដំបូង​នៅ​កម្ពុជា​ដែល​នឹង​ជួយ​ឲ្យ​ពួកគេ​អាច​ស្តាប់ឮ​និង​និយាយបាន​ដូច​មនុស្ស​ទូទៅ​។



ថ្លែង​នៅក្នុង​ពិធី​បើក​សេវា​វះកាត់​ជំងឺ​គ ថ្លង់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​១៧​តុលា​នេះ លោក​សាស្ត្រាចារ្យ លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​ឲ្យ​ដឹងថា ​សេវា​វះកាត់​ជំងឺ​គ​‑​ថ្លង់​នេះ​បានចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៨​នេះ​ តទៅ​ហើយ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​តែមួយគត់​ដើម្បី​ធ្វើការ​វះកាត់​និង​ព្យាបាល​អ្នកជំងឺ​គ ថ្លង់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ទទួល​បាន​នូវ​ជីវិត​ថ្មី​និង​មាន​សិទ្ធិ​រស់នៅ​បាន​ពេញលេញ​នៅក្នុង​សង្គម​។



លោក​សាស្ត្រាចារ្យ លូ លី​ឃាង បាន​បន្ត​ថា ​ការវះកាត់​ជំងឺ​គ​‑​ថ្លង់​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ម៉ាស៊ីន​ដែល​មាន​បច្ចេកវិទ្យា​ថ្មី​ទំនើប​ដែល​អាច​ឲ្យ​អ្នកជំងឺ​មានលទ្ធភាព​ស្តាប់​ឮ​និយាយ​បាន​និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ទូទៅ​បាន​ដូច​មនុស្ស​ធម្មតា​ពិសេស​កុមារ​អាច​ចូលរៀន​បាន​ផង​ដែរ​ខណៈដែល​មុន​វះកាត់​ពួកគេ​ធ្វើ​ទំនាក់ទំនង​គ្នា​តាមរយៈ​ភាសា​កាយវិការ​តែប៉ុណ្ណោះ​។

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា ​ចំពោះ​សេវា​វះកាត់​អ្នកជំងឺ​គ​ថ្លង់​នេះ​គឺ​អ្នកជំងឺ​ត្រូវ​បង់ប្រាក់​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​មិនបាន​បញ្ជាក់​ថា​ នឹង​ត្រូវ​បង់​ប៉ុន្មាន​នោះ​ទេ​។ ប៉ុន្តែ​នៅក្នុង​ពិធី​បើក​សេវា​វះកាត់​ជំងឺ​គ ថ្លង់​ជា​លើកដំបូង​នៅ​កម្ពុជា​តាម​បច្ចេកវិទ្យា​ទំនើប​នេះ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​កូរ៉េ​បានផ្តល់​ការវះកាត់​ដល់​អ្នកជំងឺ​គ ថ្លង់​ចំនួន​៤​នាក់​ដោយ​មិន​គិតថ្លៃ​។



លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀតថា​ ការវះកាត់​ជំងឺ​គ​‑​ថ្លង់​នេះ​គឺ​មន្ទីរពេទ្យ​បា​នប​ញ្ជូន​គ្រូពេទ្យ​ជំនាញ​វះកាត់​ទៅ​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េខាងត្បូង​ហើយ​ក្រុម​គ្រូពេទ្យ​កូរ៉េ​ក៏បាន​មកជួយ​បង្ហាត់បង្រៀន​បន្ថែម​ដល់​គ្រូពេទ្យ​យើង​នៅក្នុង​មន្ទីរពេទ្យ​ផងដែរ​។

លោក​ប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​បន្ថែមទៀត​ថា ​ក្នុងពេលដែល​មន្ទីរពេទ្យ​បើក​សេវា​វះកាត់​ជំងឺ​គ​‑​ថ្លង់​នេះ​មន្ទីរពេទ្យ​នៅតែ​បន្ត​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មកពី​កូរ៉េ​រហូតដល់​គ្រូពេទ្យ​កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​វះកាត់​ជំងឺ​គ​ថ្លង់​នេះ​ដោយ​ខ្លួនឯង​។

​យ៉ាងណាក៏ដោយ​លោក​សាស្ត្រាចារ្យ លូ​លី​ឃាង បាន​បន្ថែមថា​ នៅពេល​ធ្វើការ​វះកាត់​រួចហើយ​មន្ទីរពេទ្យ​នឹង​ប​ញ្ជូន​អ្នកជំងឺ​គ​ថ្លង់​ទៅកាន់​សាលា​គ​ថ្លង់​ដើម្បី​ឲ្យ​គ្រូ​ជួយ​បង្ហាត់បង្រៀន​អ្នកជំងឺ​ពី​របៀប​ក្រឡាស់​អណ្តាត​ឲ្យ​ចេះ​និយាយ​។



លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ​កុមារ​ដែល​មាន​ជំងឺ​គ​ថ្លង់​អាច​បង្រៀន​ឆាប់​ចេះ​និយាយ​ជាង​មនុស្ស​ចាស់​ដោយ​សារ​តែ​កុមារ​ងាយស្រួល​ហាត់​ពុត​សំឡេង​ផ្ទុយ​ពី​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​គ​ថ្លង់​ត្រូវការ​ពេលវេលា​យូរ​ក្នុងការ​ហាត់​ពុត​អណ្តាត​។

លោក​សាស្ត្រាចារ្យ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​សាច់ញាតិ​មាន​ជំងឺ​គ ថ្លង់​ត្រូវ​មកកាន់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ដើម្បី​ធ្វើការ​វះកាត់​ដើម្បី​ជួយ​ឲ្យ​ពួកគេ​មាន​ក្តីសង្ឃឹម​ឡើងវិញ​និង​អាច​ចូលរួម​នៅក្នុង​ការងារ​សង្គម​បាន​ពេញលេញ​ដូច​មនុស្ស​ទូទៅ​ដែរ​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​នៅ​កម្ពុ​ជា​មាន​ជនពិការ​ទាំងអស់​ជាង​៥២​ម៉ឺន​នាក់​ក្នុងនោះ​ជនពិការ​គ ថ្លង់​មាន​ចំនួន​ជាង​៤០​ភាគរយ​៕



Source: Kampuchea Thmey Daily

Post a Comment

1 Comments

  1. ក្មេងស្រីអាយុ ២២ ឆ្នាំ តើអាចទទួលការវះកាត់ត្រចៀកបានជោគជ័យទេ? គាត់ដាចក្រដាសត្រចៀកអស់ហើយ

    ReplyDelete

Close Menu