កំពង់ឆ្នាំង ៖ សហគមន៍កសិករដាំបន្លែគ្មានសារធាតុគីមី បានរួមគ្នាប្រមូលផលិតផលរបស់ខ្លួនមកដាក់លក់នៅទីផ្សារសហគមន៍កសិកម្ម នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រយៈពេល៤ខែហើយ ដោយក្នុង១សប្ដាហ៍មានលក់តែ៣ថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ និង អាទិត្យ តែប៉ុណ្ណោះ និងមានអ្នកគាំទ្រច្រើន បើចង់មានសុខភាពល្អសូមមកទិញបន្លែសរីរាង្គ គ្មានសារធាតុគីមី ពិតជាមិនខុសបំណងឡើយ។
លោកស្រី មាស សូភី តំណាងឲ្យសហគមន៍ អ្នកដាំបន្លែសរីរាង្គ ឬបន្លែគ្មានសារធាតុគីមី បាននិយាយឲ្យដឹងថា សមាជិកសហគមន៍ដាំដំណាំ គឺប្រើតែជី លាមកគោ ជីកំប៉ុសទឹក ជីកំប៉ុសគោកតែប៉ុណ្ណោះ មិនប្រើសារធាតុគីមីនោះទេ ចំពោះថ្នាំសម្លាប់សត្វល្អិត ក៏ប្រើតែថ្នាំបែបបុរាណដែរ។
ដូច្នេះ បើយើងបរិភោគអាហារគ្មានសារជាតិគីមី នឹងធ្វើឲ្យមិនប៉ះពាល់ដល់សុខភាព គ្មានរាករូស និងជំងឺផ្សេងផ្សេងនោះឡើយ។ ដោយឡែក សហគមន៍កសិករ ដាំបន្លែគ្មានសារធាតុគីមី បានបង្កើតទីផ្សាររបស់ខ្លួន ដើម្បីប្រមូលផលិតផលមកលក់នៅភូមិទួលក្រឡាញ់នេះ មានរយៈពេល៤ខែហើយ ដែលមកដល់ពេលនេះ គឺមានអតិថិជន ស្គាល់ និងដឹងឮច្រើន និងនាំគ្នាមកកាន់ទីផ្សារនេះ ទិញបន្លែ និងត្រីសាច់ គ្មានគីមីមិនសូវសល់សល់ឡើយ។ សហគមន៍ដែលនាំគ្នាយកផលិតផលរបស់ខ្លួនគ្មានសារធាតុគីមីមកលក់នៅក្នុងទីផ្សារសហគមន៍នេះ មានមកពីឃុំក្រាំងលាវ ឃុំច្រណូក ឃុំពង្រ ឃុំអញ្ចាញរូង និងឃុំនានា មួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង។
លោកស្រី មាស សូភី បានបញ្ជាក់ទៀតថា ខាងមុខនេះ សហគមន៍ នឹងបង្កើត ផ្សារម៉ាតមួយកន្លែងទៀត នៅទីនេះ ដោយដាក់លក់បន្លែ ត្រី សាច់ ដែលគ្មានសារធាតុគីមី ដោយមានទូទឹកកកក្លាសេទុកត្រឹមត្រូវ ដើម្បីដាក់លក់ឲ្យបានរៀងរាល់ថ្ងៃ។ ដូចនេះសមាគមកសិករសំណូមពរដល់អតិថិជនទាំងអស់ សូមចូលរួមគាំទ្រផលិតផលកសិករគ្មានសារធាតុគីមី ដើម្បីលើកស្ទួយសុខភាពឲ្យបានល្អទាំងអស់គ្នា។
ដោយឡែក ម៉ូវ សុភាព ដែលជាអ្នកទិញបន្លែជាប្រចាំនៅទីនោះបាននិយាយថា ផ្សារផលិតផលនេះមានលក់តែថ្ងៃសុក្រ-សៅរ៍- និងអាទិត្យ តែប៉ុណ្ណោះ ដោយគាត់មកទិញជារៀងរាល់សប្ដាហ៍ ព្រោះថាបន្លែនៅទីនេះ គឺពិតជាល្អគ្មានសារធាតុគីមី ព្រោះពេលគាត់ទិញយកទៅបរិភោគមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ ដោយគាត់ទិញមានស្ពៃ សាឡាត់ ត្រសក់ និងត្រកួនជាដើម យកទៅក្លាស្សេទុកសម្រាប់មួយសប្ដាហ៍ទើបមកទិញនៅទីនេះម្ដងទៀត៕
Source: Kampuchea Thmey Daily
0 Comments