Ad Code

ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​រមណីយដ្ឋាន​អាង​ត្រពាំង​ថ្ម​ជិត​១​ម៉ឺន​នាក់​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​

​បន្ទាយមានជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១២ ​ខែតុលា​ ឆ្នាំ​២០១៥​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ពី​ក្នុង​ និង​ក្រៅ​ខេត្ត​ជាង​១​ម៉ឺន​នាក់​បាន​នាំ​គ្នា​ទៅលេង​រមណីយដ្ឋាន​អាងទឹក​ត្រពាំង​ថ្ម ស្ថិតនៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។


​លោក​យ៉​ត សុផល​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែតុលា​ថា ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ជាង​១​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃៗ​បាន​ទៅលេង​អាងទឹក​តំបន់​អភិរក្ស​សត្វ​ក្រៀល អាង​ត្រពាំង​ថ្ម​នេះ​។ ប៉ុន្តែ​អ្នក​ទៅលេង​នៅ​អាងទឹក​ត្រពាំង​ថ្ម​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​គឺ​មាន​ចំនួន​តិច បើ​ធៀប​នឹង​រាល់​ឆ្នាំ​។​


លោក​យ៉​ត សុផល​និយាយ​បន្ត​ថា ទោះ​យ៉ាង​ណា​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ត្រី​អាត់ ខែម​ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​គណៈ​បញ្ជាការ​កងឯកភាព​រដ្ឋបាល​ខេត្ត និង​ស្រុក​គឺ​កម្លាំង​នគរ​បាល​រាប់​សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បី​បង្ក​លក្ខណ​សប្បាយរីករាយ​ជូន​ភ្ញៀវ និង​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​កម្លាំង​កងរាជអាវុធហត្ថ ប្រជា​ការពារ និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ក៏​មាន​ប្រចាំការ​នៅ​ទី​នោះ​ដែរ​។


​លោក​យ៉​ត ​សុផល​បាន​និយាយ​បន្ត​ទៀត​ថា ​នៅ​អាងទឹក​ត្រពាំង​ថ្ម​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​ទឹក​ច្រើន​។ តែ​មាន​ទូក និង​កាណូត ពោះវៀន​កង់ឡាន​តិច​ជាង​មុន​សម្រាប់​ភ្ញៀវ​ជួល​លេង​កម្សាន្ត​។ ភ្ញៀវ​ច្រើន​កុះករ​បាន​កម្សាន្ត​ខុសៗ​គ្នា​ដោយ​ខ្លះ​ចុះ​ហែល​ទឹក​ជាមួយ​ពោះវៀន​កង់ឡាន ខ្លះ​ជិះទូក ឬ​កាណូត និង​ខ្លះទៀត​ចុះ​លេង​ទឹក​ក្រោម​ស្ពាន ខ្លះ​នាំគ្នា​អង្គុយ​ដំកង់ ជួបជុំ​ផឹកស៊ី និង​ស្តាប់ភ្លេង​ចម្រៀង​តាម​អាយ​ផេ​ត ឬ​ទូរស័ព្ទ និង​ធុងបាស​តូចៗ​។​ល​។​


ដើម្បី​ទៅកាន់​អាងទឹក​កេរ្តិ៍​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ហើយ​ជួសជុល​អភិវឌ្ឍន៍​ឡើងវិញ​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដោយ​ប្រើ​ជំនួយ​ជប៉ុន​ដំណាក់កាល​ទី​១ និង​កម្ចី​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​ដំណាក់​កាល​ទី​២​នេះ​គឺ​គេ​អាច​ធ្វើ​ដំណើរ​តាមផ្លូវ​កៅស៊ូ​ពី​ត្រង់​ព្រៃ​មាន់ នៅ​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦ និង​តាម​ផ្លូវលំ​ក្រាល​គ្រួស​ជាច្រើន​ខ្សែ ពី​គ្រប់​ទិស​ផ្សេងទៀត​។​



អាង​នេះ​មាន​ទំហំ​១០​គីឡូម៉ែត្រ​ក្រឡា​ជា​អាង​ធំ​ជាង​គេ​ក្នុង​ប្រទេស​។ នៅ​អាងទឹក​នោះ​ក៏​ជា​តំបន់​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំង​ថ្ម​ដោយមាន​សត្វ​កម្រ​ជិត​ផុត​ពូជ និង​សត្វ​ស្លាប​ជាង​២៤០​ប្រភេទ សត្វ​ល្មូន ម្រឹគ និង​មច្ឆជាតិ​រាប់​សិប​ប្រភេទ​ទៀត​។ លើ​ខ្នង​អាង​ក៏​មាន​លក់​ចំណីអាហារ​ជាច្រើន​ឈ្ងុយឆ្ងាញ់ ហើយ​ត្រូវ​មន្ត្រី​អះអាង​ថា គ្រប់គ្រង​តម្លៃ​មិន​ឲ្យ​មានការ​លក់​ថ្លៃ កោរ​ភ្ញៀវ​ផង​ដែរ​៕


13-10-2015e



ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​រមណីយដ្ឋាន​អាង​ត្រពាំង​ថ្ម​ជិត​១​ម៉ឺន​នាក់​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​

Post a Comment

0 Comments

Close Menu