Ad Code

ផ្លូវ​វិនិយោគ​អាជីវកម្ម​ផ្ទេរ​BOT​ ​ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​គ្រប់គ្រង​វិញ

សៀមរាប ​៖ ​ផ្លូវ ​ហ៊ុន សែន សន្តិភាព ឬ ផ្លូវ​ក្រវាត់​ក្រុង​ ឬ​ផ្លូវ​វាង​ក្រុង​សៀមរាប ដែល​មាន​ចម្ងាយ​១៨ គ​.​ម​ចាប់​ចេញពី​ចំណុច​ផ្លូវជាតិ​លេខ​៦(​ខាងកើត​ក្រុង​) ភូមិ​ចុង​កៅស៊ូ ​សង្កាត់​ស្លក្រាម​ ឆ្ពោះ​ទៅ​ដល់​ចំណុច​ផ្លូវជាតិ​លេខ​៦​( ខាងលិច​ក្រុង​) ភូមិ​សណ្ដាន់​ សង្កាត់​ទឹក​វិល​ កសាង​ឡើង​ក្រោម​រូបមន្ត​វិនិយោគ​អាជីវកម្ម​ផ្ទេរ​ BOT និង​​ប្រើប្រាស់​ដោយ​បង់​ប្រាក់​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ក្រោម​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប​គ្រប់គ្រង ថែរក្សា និង​ដាក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​សាធារណៈ។ នេះ​បើ​យោង​តាម​កិច្ច​ព្រមព្រាង​មួយ ដែល​បាន​ធ្វើឡើង ​និង​ចុះហត្ថលេខា ប្រគល់ ទទួល ដោយ​លោក ស៊ុម ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ( ភាគី​ប្រគល់​) ជាមួយ លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​(​ភាគី​ទទួល​) នា​រសៀល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៥។


លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​ឃឹម​ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​ថា​ ៖ ​នេះ​គឺ​ជា​ចំណងដៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ដើម្បី​ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក៏ដូចជា​សាធារណជន​ទូទៅ​ផង​ដែរ​​ ព្រោះ​ថា ផ្លូវ​អាជីវកម្ម​ផ្ទេរ BOT គឺជា​ប្រភេទ​ផ្លូវ​ដែល​គេ​កសាង​ឡើង​ក្រោម​រូបមន្ត​នៃ​ការ​ធ្វើ​វិនិយោគ ដែល​ត្រូវ​បាន​​​ប្រើប្រាស់​ថវិកា​ឯកជន ដែល​ក្នុង​នោះ​រួមមាន​៣​ដំណាក់កាល គឺ​ដំណាក់កាល​សាងសង់ ដំណាក់កាល​ប្រតិបត្តិការ​អាជីវកម្ម និង​ដំណាក់កាល​ផ្ទេរ​ជូន​រដ្ឋ។ ក្រោយ​ការសាងសង់​រួច ផ្លូវ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ការ​បង់ប្រាក់ តាំងពី​ដើម​ឆ្នាំ​២០១០ ​ លើ​ប្រភេទ​បណ្ដា​យានយន្ត​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ ដូចជា​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរ ​ និង​ដឹកទំនិញ​ផ្សេងៗ ជាដើម ក៏ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​តទៅ គឺ​ផ្លូវ​នេះ ត្រូវ​បាន​ក្លាយ​ជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ជូន​សាធារណជន​ប្រើប្រាស់ ដោយ​ឥតមាន​បង់​ប្រាក់​ទៀត​ឡើយ។


លោក​ឡុង កុសល​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​អំពី​សាវតារ​នៃ​ការ​កកើត​ឡើង​នៃ​ផ្លូវ​នេះ​ថា ​៖ ​អាស្រ័យ​ដោយ​ការ​រីកចម្រើន​របស់​ខេត្ត​សៀមរាប​, ការ​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប មាន​ភាព​ចង្អៀត,ស​ ការធ្វើដំណើរ និង​ដឹកទំនិញ​ផ្សេងៗ​ចូល​តាម​ច្រក​ខាងលិច កាន់​តែ​មាន​ទំហំ​ច្រើនឡើង, ដូចនេះ ផ្លូវ​មួយ​នេះ ត្រូវ​បាន​កសាង​ឡើងជា​យុទ្ធសាស្ត្រ​ដឹកជញ្ជូន ច្រក​ខាងលិច​ក្រុង​សៀមរាប ក្នុង​គម្រោង​ថវិកា​វិនិយោគ​ជាង​៤​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ​២០០៧ ដោយ​ក្រុមហ៊ុន សូ​ណា​វ៉ិ​ច ក្នុង​ភាគហ៊ុន ៥១% និង​អាជ្ញាធរ​អប្សរា ៤៩%។ ក្រោយពី​ដំណើរការ​សាង​​​សង់​បាន​ប្រមាណ​៣០% ភាគហ៊ុន​នៃ​ក្រុមហ៊ុន សូ​ណា​ម៉ិច មាន​បញ្ហា ដូច្នេះ​ផ្លូវ​នេះ​ត្រូវបាន​វិនិយោគ​បន្ត​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ជា​ឯកតោភាគី។


លោក​ស៊ុម ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា​ ​៖​ ការប្រើប្រាស់​ផ្លូវ​តាម​រូបមន្ត BOT មួយ​នេះ មិនទាន់​ដល់​កិច្ចសន្យា​ប្រគល់​ជូន​រដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​សាធារណៈ រាជរដ្ឋាភិបាល បានសម្រេច ដក​ចេញពី​ផ្លូវ​នេះ​ពី​គម្រោង BOT មុន​កាលកំណត់៕




ផ្លូវ​វិនិយោគ​អាជីវកម្ម​ផ្ទេរ​BOT​ ​ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​គ្រប់គ្រង​វិញ

Post a Comment

0 Comments

Close Menu