លោក ប៉ែន ផាត អតីតកីឡាករជម្រើសជាតិកម្ពុជា ជំនាន់ទសវត្សទី ៦០ កំពុងតែដឹកនាំក្រុមបាល់ទាត់យុវជន១ក្រុមនៅក្នុងប្រទេសថៃ ស្របពេលលោកក៏មិនមានការងារដែលធ្វើពាក់ព័ន្ធនឹងបាល់ទាត់នៅប្រទេសកម្ពុជា ដែលជាស្រុកកំណើត។
សាលាបាល់ទាត់ថ្មីដែលលោក ប៉ែន ផាត ទៅដឹកនាំនោះមានឈ្មោះសាលាបាល់ទាត់ Thai Kid Soccer។ បង្កើតឡើងប្រមាណ១៦ឆ្នាំមកហើយ និងផ្ដោតលើការអភិវឌ្ឍយុវជន មិនត្រឹមតែលើបាល់ទាត់ទេ តែក៏ផ្ដល់ឱកាសរៀនសូត្រដើម្បីអភិវឌ្ឍជីវិត ដោយមានទាំងកីឡាផ្សេងៗ, សិល្បៈ និងតន្ត្រី ទៀតផង។ ក្រុមរបស់នេះមានយុវជនពីចន្លោះអាយុ១១ឆ្នាំដល់១៨ឆ្នាំ ដោយហូបចុកស្នាក់នៅក្លិបតែម្ដង។
អតីតវីវបុរសក្រុមជម្រើសជាតិកម្ពុជា បានឱ្យដឹងថា ៖ «ខ្ញុំបានចុះកិច្ចសន្យាដឹកនាំក្រុមនេះ គឺបង្ហាត់ក្មេងៗ។ ពួកគេសុទ្ធតែចង់ចេះលេងបាល់ឱ្យពូកែដូចខ្ញុំ។ ម្យ៉ាងខ្ញុំចេះភាសាថៃស្រាប់ ដោយសារខ្ញុំធ្លាប់ធ្វើការនៅទីនោះក្នុងនាមជាកីឡាករមិនពិបាកក្នុងការទំនាក់ទំនងជាមួយកីឡាករ។ ខ្ញុំចុះកិច្ចសន្យារយៈពេលមួយព្រោះគិតថាចង់ធ្វើការងារអីផ្សេងទៀត»។ នេះជាឆ្នាំទី២ហើយ ដែលលោក ប៉ែន ផាត ប្រកបអាជីពជាគ្រូបង្វឹកបាល់ទាត់យុវជនថ្នាលនៅប្រទេសថៃ ខណៈកាលពីឆ្នាំមុនលោកធ្វើនៅខេត្តឈុនបូរី។
សូមរំលឹកថាលោក ប៉ែន ផាត ធ្លាប់បានត្រឡប់មកប្រទេសកម្ពុជា វិញកាលពីឆ្នាំ២០១៥-២០១៦ កន្លងទៅដោយដឹកនាំក្រុមវេស្ទើនភ្នំពេញ ប៉ុន្តែដឹកនាំបានមួយរយៈលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសបារាំងវិញ ដោយសារក្លិបមិនអាចធ្វើតាមអ្វីដែលលោកចង់បាន។ តែយ៉ាងណាក្តីលោកនៅតែមិនដាច់អាល័យពីកម្ពុជាដែរ ដោយលោកនៅជាសមាជិកក្រុមបាល់ទាត់វ័យចាស់របស់កម្ពុជា នាពេលបច្ចុប្បន្នផងដែរ។
អំឡុងពេលមានសង្គ្រាម លោក ប៉ែន ផាត និងក្រុមគ្រួសារបានរត់គេចទៅស្នាក់នៅប្រទេសបារាំង ហើយលោកបានធ្វើដំណើរមកកាន់កម្ពុជាកាលពីចុងខែ កក្កដា ឆ្នាំ២០១៥ កន្លងទៅ ដើម្បីចូលដឹកនាំក្រុមវេស្ទើន។ លោកមានអាយុ ៧០ឆ្នាំ ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាកាលពីទសវត្ស១៩៦០-៧០ ហើយជំនាន់នោះលោកក៏បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរនៅក្នុងក្លិប Rapracha នៃក្របខណ្ឌកំពូលរបស់ថៃនាសម័យនោះ រហូតទទួលបានរហស្សនាមថា «ពស់កេងកង»។ ម្យ៉ាងទៀតលោកជាសមាជិកម្នាក់ដែលបានជួយឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤នៃ ពានរង្វាន់ទ្វីបអាស៊ី Asian Cup កាលពីឆ្នាំ១៩៧២៕
Source: Kampuchea Thmey Daily
0 Comments