ភ្នំពេញ ៖ ក្រុមកម្មកររោងចក្រចំនួន៤០នាក់ តំណាងឲ្យកម្មករ២០០នាក់ បាននាំគ្នាធ្វើដំណើរមកសាលាសង្កាត់ចោមចៅ៣ ដើម្បីសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ រឿងគេឆបោកយកលុយរត់បាត់ដោយអះអាងថា ខ្លួនជារដ្ឋបាលរោងចក្រតម្រូវឲ្យធ្វើការជ្រើសរើសកម្មកររោងចក្រ២០០នាក់ដោយមានបង់លុយមុននឹងបានចូលធ្វើការ។ កម្មករបាននាំគ្នាមកសាលាសង្កាត់កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
បើតាមយុវជនម្នាក់ឈ្មោះផេង ចាន់ថូ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញក្រដាស ដែលគេបិទតាមបង្គោលភ្លើង និងជញ្ជាំងតាមផ្លូវថា ត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ និង មិនត្រូវការមានបទពិសោធន៍ទេ ទើបរូបគាត់ទំនាក់ទំនងតាមទូរស័ព្ទនិងណាត់ជួបបុរសម្នាក់ឈ្មោះតុលា។
ប្រភពបន្តថា លុះនៅថ្ងៃ២០ ខែឧសភា ឆ្នាំដដែល រូបគាត់ក៏មកជួបបុរសម្នាក់ឈ្មោះតុលា ដែលអះអាងថា ជារដ្ឋបាលរោងចក្រ ហើយបានតម្រូវឲ្យបង់លុយមុនចំនួន៥០ដុល្លារ និងសន្យាថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងនាំចូលធ្វើការហើយ តែរហូតមកដល់ថ្ងៃនេះរូបគាត់ និងក្រុមកម្មករជាច្រើននាក់ទៀត បាននាំគ្នាមកចូលធ្វើការតាមអ្វីដែលបុរសរដ្ឋបាលនោះសន្យា តែអ្វីដែលហួសចិត្តនោះ ខណៈដែលក្រុមកម្មករជាង២០០នាក់ បានមកធ្វើការបែរជាកន្លែងរោងចក្រឆ្លើយថា មិនមានរើសបុគ្គលិកនោះទេ ហើយក៏មិនស្គាល់ឈ្មោះតុលា ដែលអះអាងថា រដ្ឋបាលដែរទើបនាំគ្នាភ្ញាក់ខ្លួនថា ចាញ់បោកគេ ហើយបាននាំគ្នាទៅសាលាសង្កាត់ចោមចៅ៣ សុំការអន្តរាគមន៍តែម្ដង។
ក្រុមជនរងគ្រោះបានបញ្ជាក់ថា រោងចក្រដែលបុរសឆបោកប្រាប់ឲ្យមកធ្វើនោះឈ្មោះ វីនសាន់ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តែពួកគេមកប្រគល់លុយនៅក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ៣ទៅវិញ។ ក្នុងករណីនេះក្រុមកម្មករខ្លះបានបង់លុយរហូតដល់១០០ដុល្លារ និង មានលើសពីនេះទៅទៀតក៏មានដែរ៕
Source: Kampuchea Thmey Daily
0 Comments