កំពង់ធំ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអំពាវនាវឲ្យបញ្ចប់រឿងអតីតសង្ឃ ស្រិល វណ្ណា និងស្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលការអំពាវនាវរបស់សម្តេចនេះ ក្នុងគោលបំណងដើម្បីការពារនូវតម្លៃព្រះពុទ្ធសាសនា និងការពារនូវតម្លៃស្ត្រីខ្មែរ។ សម្តេច បានបញ្ជាក់ថា រឿងមនុស្សតែពីរនាក់ កុំបង្កើតរឿងរំជួយមេឃរំជួយដី... រឿងនេះគឺជារឿងមិនសមហេតុផលទាល់តែសោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ ៦ ពីថ្នល់កែង ខេត្តកំពង់ចាម ទៅអង្ក្រង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៨។
រឿងដែល លោក ផែង វណ្ណៈ និងលោក ខ័ណ្ឌ ច័ន្ទសុផល បានវែកញែកតាមរយៈការផ្សាយផ្ទាល់ជាវីដេអូ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយល្បីដល់ សម្ដេច ហ៊ុន សែន នោះ គឺករណីផ្ទុះរឿងអាស្រូវរបស់អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។ សម្ដេច ហ៊ុន សែន ចាត់ទុកបុគ្គល ផែង វណ្ណៈ និង ខ័ណ្ឌ ច័ន្ទសុផល ជាក្រុមបង្ករឿងលើបណ្ដាញហ្វេសប៊ុក ។ បង្ករឿងត្រង់ថា បុគ្គលទាំងពីរ បាននាំគ្នាទៅសម្ភាសន៍ភាគីសាមីខ្លួនម្ខាងៗ ដើម្បីឲ្យចេញមុខបកស្រាយវាយប្រហារគ្នាទៅវិញទៅមក។ សម្រាប់ សម្ដេច ហ៊ុន សែន សកម្មភាពប្រើប្រាស់ហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ និងលោក ខ័ណ្ឌ ច័ន្ទសុផល ជាទង្វើដែលកំពុងខុសឆ្គង និងបំពុលបរិយាកាសក្នុងសង្គម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា "ខ្ញុំសូមអំពាវនាវឲ្យបញ្ចប់ រឿងពោតដុត ពោតស្ងោរ ដើម្បីការពារនូវតម្លៃព្រះពុទ្ធសាសនានិងការពារនូវតម្លៃស្ត្រីខ្មែរ រឿងមនុស្សតែពីរនាក់ កុំបង្កើតរឿងរំជួយមេឃរំជួយដី ធ្វើឲ្យពោតឡើងថ្លៃ ធ្វើឲ្យពោតចុះថ្លៃ រឿងនេះគឺជារឿងមិនសមហេតុផលទាល់តែសោះហើយ"។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មចំពោះរឿងនេះ បន្ទាប់ពីរឿងរ៉ាវបានបញ្ចប់ទៅហើយ ៗអ្នកដែលប្រព្រឹត្តខុសត្រូវបានទទួលវិន័យសង្ឃនិងស្ត្រីនោះក៏មានការអៀនខ្មាស់។ ក៏ប៉ុន្តែវាមានអ្នកដែលទៅសម្ភាសន៍ដុតឲ្យរឿងនេះនៅតែបន្ត។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រឿងនេះវាចាប់ផ្តើមចេញពីអ្នកដែលពូកែបង្កើតរឿងគឺ ផែង វណ្ណៈ ដែលទៅសម្ភាសន៍ខាង លោក ឲ្យល្មមបានហើយ ឯទី២ គឺ ខ័ណ្ឌ ច័ន្ទសុផល ទៅសម្ភាសន៍ខាងស្រី វាមិនខុសពីចាប់សង្អារឲ្យជុលគ្នាទេ បង្កើតរឿងវែងឆ្ងាយទៅដល់ណាទៀត អស់លោកមិនខំរំងាប់អធិករណ៍ទេ ហើយរឿងបុគ្គលពីរនាក់ធ្វើឲ្យរំជួយមេឃកក្រើកផែនដី តើវាមានផលចំណេញអីទៅ ។ សម្តេចតេជោបានសុំឲ្យអ្នកលេងហ្វេសប៊ុកទាំងឡាយ តើបង្ករឿង ដល់ណាទៀត ...សម្តេចតេជោបានបន្តថា តើដំណើរជាតិរបស់យើងវាយ៉ាងណាទៅ ? បើគ្រាន់តែរឿងប៉ុណ្ណឹង យើងធ្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនា មិនត្រូវអាប់អោនដោយសារតែព្រះសង្ឃមួយអង្គ ពីរអង្គនោះទេ ហើយស្ត្រីខ្មែរ ក៏មិនត្រូវបានបង្ខូចកិត្តិយសដោយសារស្ត្រីម្នាក់ឬពីរនាក់បាននោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកទាំងពីរនាក់នោះជាមន្ត្រីយោធា ដូចនេះ បើគេមិនស្តាប់តាមការអំពាវនាវទេ គួរតែត្រូវបណ្តេញចេញពីជួយកងទ័ព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា "តើខ្ញុំអាចសុំបានទេ ពីមន្ត្រីយោធាទាំងពីររូបនេះ បើសុំមិនបាន ជម្រើសដែលនៅសេសសល់ គឺបណ្តេញចេញពីជួរកងទ័ព ហើយឲ្យពួកគេទៅធ្វើអ្នកហ្វេសប៊ុកតែម្តងទៅ កុំឲ្យវានៅក្នុងជួរទ័ពនាំចង្រៃកងទ័ពតទៅទៀត "។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា និយាយពី ផែង វណ្ណៈ នោះ អាជ្ញាធរខេត្តសៀមរាបគេប៉ុនមេឃ ប៉ុនដី ឯងទៅចេះដឹងរឿងប្លន់មេឃ ប្លង់ដី ឯណាតើគេធ្វើស្អីគេ គេចង់ល្បីខាងហ្វេសប៊ុកឬ ...? ចង់ធ្វើតុលាការប៉ាវចិនឬស្អី ? ឬចង់បញ្ជូនអាហ្នឹងឲ្យ ហ៊ុន សែន បានដឹងឬ ? ខ្ញុំទូរស័ព្ទសួរផែង វណ្ណៈ ផែង វណ្ណៈ បានសុំទោស ហើយខ្ញុំឲ្យ ផែង វណ្ណៈ សួរថា ស្គាល់រឿងនេះប៉ុណ្ណា ? ផែង វណ្ណៈ សុំទោស ហើយអ្នកពឹង ផែង វណ្ណៈ ឲ្យបើកផ្លូវនៅខេត្តសៀមរាបមិនត្រូវយកជាការតទៅទៀតទេ...។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា " តើទាហានពីរនាក់នេះ វាអត់ការងារធ្វើឬ ? តើវាពាក់សក្តិប៉ុន្មានអាពីរនាក់នេះ ...។ រឿងមនុស្សពីរនាក់សោះ គ្នាបានជាអញ្ចឹងទៅហើយ ទុកពេលវេលាឲ្យគ្នាកែប្រែទៅបានទេ... ហើយបើគ្នាមានរឿង រឿងតែពីរនាក់ទៅ មិនបាច់ទៅពង្រីករឿងឲ្យអាស្រូវពេញពិភពលោកនោះទេ។... ក្បាល កញ្ចាស់អស់ហើយនោះ គួរដាក់ទោសអាពីរនាក់នេះ ជាមន្ត្រីយោធាទៀត ហេតុអីទៅបង្កើតរឿង ហើយនេះ ខ្ញុំប្រដៅ ហើយនេះមិនមែនជារឿងបញ្ចេញមតិទេ តែជារឿងបំពានលើសិទ្ធិសេរីភាពរបស់អ្នកដទៃផង "។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ស្ងប់អារម្មណ៍ ហើយទុករឿងនេះទៅឲ្យតុលាការគេធ្វើការទៅបានទេ។ សម្តេចតេជោបានបន្តថា ខ្ញុំសុំថា រឿងនេះនឹងត្រូវបានស្ងប់ហើយតាំងចិត្តឲ្យស្ងប់រៀងខ្លួន ហើយបើចង់ទៅតាមផ្លូវតុលាការ ក៏ទៅតាមផ្លូវតុលាការដែលមានមេធាវីរៀងៗខ្លួន ហើយតុលាការកាត់ក្ដី ដោយយុត្តិធម៌ទៅ បិទទំព័រវាទៅ នៅថ្ងៃនេះ។
សម្តេចតេជោ បានបន្តថា កុំចាត់ទុកថា បាននាយករដ្ឋមន្ត្រីស្តីឲ្យលោកឯងល្បីឲ្យសោះប្រយ័ត្នតែខាងយោធាគេពិនិត្យឃើញថា លោកឯងខុសវិន័យទ័ពនោះ គេក៏អាចបណ្តេញលោកឯងចេញពីកងទ័ព ក៏បាន កុំថាឡើយឧត្តមសេនីយ៍ សូម្បីលោកខែ ក៏អាចដកបានដែរ ហើយបើលោកឯងត្រឹមសក្តិ ៥ដកត្រឹមរដ្ឋមន្ត្រីការពារជាតិក៏បានដែរ។
សម្តេចតេជោបន្តថា ព្រះពុទ្ធសាសនារបស់យើងមិនត្រូវអាប់ឱនទៅជាមួយបុគ្គលម្នាក់ ២ នាក់ ដែលប្រព្រឹត្តខុសរហូតដល់មានអ្នកខ្លះ សូម្បីតែក្មួយស្រីម្នាក់ យប់មិញប្រហែលជានៅអាមេរិក គាត់ថា គាត់ចេញមកបកស្រាយក្រោយគេ មានគេចូលទៅជេរនៅក្នុងនោះ ជេរទាំងក្មួយស្រីនឹងផង ជេរទាំងអាចោរថង់យាមទៀត ចុះបើអាចោរថង់យាម វាមិនប៉ះលោកទាំងអស់ ឲ្យជេរអាត្រងោល មិនប៉ះលោកទាំងអស់គ្នា រួចជេរមីស្រីខូច អីចេះ អីចុះ ជេរចឹងៗ បានជាចឹង បានជាបង្កើតរឿងច្រើនពេក ហើយខ្ញុំសុំថា រឿងនេះនឹងត្រូវបានស្ងប់ហើយតាំងចិត្តឲ្យស្ងប់រៀងខ្លួនទៅ។
គួរបញ្ជាក់ថា ព្រះចៅអធិការវត្តភ្នំបាក់លើខេត្តបន្ទាយមានជ័យ ដែលត្រូវបានមន្ទីរធម្មការ និង ថ្នាក់ដឹកនាំសង្ឃ ផ្សឹកចាកវិស័យសាសនា កាលពីថ្ងៃទី៥ មិថុនានេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូដែលមានសំឡេងសន្ទនាជាមួយមនុស្សស្រីក្នុងវីដេអូផងដែរ។ វីដេអូដែលបានបង្ហោះជាសាធារណៈលើបណ្ដាញសង្គមនេះកើតចេញពីនារីម្នាក់ដែលអះអាងថា ខ្លួនជាអ្នកមានទំនាក់ទំនងជាមួយព្រះចៅអធិការវត្តខាងលើ និងទាមទារឲ្យមានការទទួលខុសត្រូវលើរូបនាងទៀតផង៕
Source: Kampuchea Thmey Daily
0 Comments