Ad Code

ផ្លូវជាតិ​លេខ​៧៦ ​ត​ភ្ជាប់​ពី​ខេត្ត​រតនគិរី​ ទៅ​ខេត្ត​មណ្ឌលគិរី ​កំពុង​រង​ការ​ខូច​ខ្ទេច​ជា​បណ្ដើរៗ​ ដោយ​សារ​អាជ្ញាធរ​ពាក់ព័ន្ធ​លែង​រវល់​ក្នុង​ការ​ថែទាំ​ជួសជុល​..!!



រតនគិរី ៖ ផ្លូវជាតិ​លេខ​៧៦​ របស់​រាជរដ្ឋាភិបាល​សាងសង់​ឡើង​នៅ​ឆ្នាំ​២០១៣​ ហើយ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ដែល​ត​ភ្ជាប់​ពី​ខេត្ត​រតនគិរី ទៅ​ខេត្ត​មណ្ឌលគិរី​ បច្ចុប្បន្ន​នេះ​បាន​រង​ការខូចខាត​ជា​បណ្ដើរៗ​ស្ទើរ​គ្រប់​ទីកន្លែង​បាន​ក្លាយ​ជា​សំបុក​មាន់ និង​ថ្លុក​ទឹក​បង្ក​ឲ្យ​មានការ​លំបាក​ដល់​អ្នក​ធ្វើដំណើរ​តាម​ទោច​ចក្រយានយន្ត​ផ្សេង​រហូតដល់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​។​

ជាក់ស្តែង​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ​នៅត្រង់ចំណុច ភូមិ​ព្រួក ស្ថិតក្នុង​ឃុំ​ប៉ា​តាង ស្រុក​លំផាត់​ដែល​មាន​ប្រវែង​ជាង​មួយរយ​ម៉ែត្រ ​បាន​របើក​ជ័រកៅស៊ូ​ចេញ​ទាំងស្រុង​តែម្តង នៅ​សល់​តែ​ដុំថ្ម​ និង​ដី​សុទ្ធ ក្លាយ​ជា​ជង្ហុក​ជ្រៅ​ទៅៗ ​​រហូត​​​បង្ក​​ជា​គ្រោះ​ថ្នាក់​កើតឡើង​ ​​​​​​ ​​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច ​ថ្ងៃទី​៨​ ខែ​ឧសភា ​ឆ្នាំ​២០១៩។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ឃើញ​រថយន្ត​ម៉ាក​ព្រូស ពណ៌ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-5222 បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​គោលបំណង​ឆ្ពោះទៅកាន់​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលគិរី​។ តែ​ជា​ចៃដន្យ​ខណៈ​មកដល់​ចំណុចកើតហេតុ ​ត្រង់ចំណុច​(​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូច​យ៉ាងដំណំ​នោះ​) ដោយ​ខាង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​របស់​ខេត្តរតនគិរី​ពុំបាន​បិទ​ស្លាកសញ្ញា​សម្គាល់​អ្វី​ផង​នោះ ត្រូវ​បាន​រថយន្ត​មួយគ្រឿង​នេះ​វ៉ាក់អើ​គ្រប់គ្រង​ស្ថានការណ៍​លែងកើត​ស្លន់ស្លោ ​ក៏​ជាន់​ហ្វ្រាំង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ខាងលិច​ចិញ្ចើមផ្លូវ​ក្រឡាប់​ពីរ​បី​ត្រឡប់​អ្នកដំណើរ​បួន​ប្រាំ​នាក់​រួមទាំង​តៃកុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​រណូករណែល​ ចំណែក​រថយន្ត​ក៏​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​តែ​ទាំងស្រុង​។

ប្រភព​បាន​បន្តថា ក្រោយពេល​កើតហេតុ​ភ្លាមៗ ​គេ​ឃើញ​ក្រុម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ា​តាង​ចុះ​មកដល់ ធ្វើការ​វាស់វែង​បំពេញ​កំណត់ហេតុ​ និង​ចាត់ចែង​មធ្យោបាយ​ដឹកបញ្ជូន​អ្នករងគ្រោះ​ទៅកាន់​គ្លី​និ​ក​ឯកជន​ក្នុង​ក្រុង​បាន​លុង ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ជាបឋម​។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ា​តាង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​សរុប​ចំនួន​៥​នាក់​(​អ្នក​ខេត្ត​សៀមរាប​)​ដែល​ជួប​ឧបទ្ទវហេតុ​ខណៈ​នោះ​រួមមាន ៖
ទី​១-​ឈ្មោះ វង្ស មួយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ រង​របួស​ធ្ងន់ធ្ងរ​ត្រង់​​​ចង្កាកឺម​(​ប្រពន្ធ​)
ទី​២-​ឈ្មោះ ពៅ ជីវិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​(​ប្តី​)​រងរបួស​ស្រាល​។​
ទី​៣-ឈ្មោះ តាំង គីម​សួ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួស​ធ្ងន់​ត្រង់​ដើមទ្រូង​។​
ទី​៤-​ឈ្មោះ តាំង គីម​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ រងរបួស​ត្រង់​ក្បាល​ (​តៃកុង​រថយន្ត​)​។ និង​ទី​៥-ភេទ​ស្រី មិនទាន់​ស្គាល់​អត្តសញ្ញាណ​រង​របួស​ធ្ងន់​ឡើង​ឡាន​សង្គ្រោះ​ផុត​។ រីឯ​រថយន្ត​រង​គ្រោះ ​ត្រូវបាន​ម្ចាស់​ជួល​រថយន្តស្ទូច​វិលត្រឡប់​ទៅ​ជួសជុល​ឯ​ខេត្ត​សៀមរាប​វិញ​។​

​គួរ​រំលឹក​ថា កំណាត់​ផ្លូវ ​ដែល​រង​ការ​ខ្ទេចខ្ទាំ​មាន​ប្រវែង​តែ​ជាង​មួយរយ​ម៉ែត្រ​ប៉ុណ្ណោះ ​បាន​ដង្ហោយ​ហៅ​ខាង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​ឲ្យ​ចុះ​ធ្វើការ​ជួសជុល​ឲ្យ​ដូចដើម ព្រោះ​ទុកចោល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​។ សូម្បីតែ​ស្លាកសញ្ញា​សំគាល់​ក៏​ពុំបាន​ដាក់​ឡើយ​។

ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រតនគិរី ដាក់​ការរិះគន់​ចំៗ​ទៅលើ លោក ស៊ុន ប៉ូ​លិ​ន ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី ក្នុងអំឡុងពេល​លោក​ចូលកាន់​ដំណែង​ពី​ឆ្នាំ​២០១៦ រហូតមកទល់​ឆ្នាំ​២០១៩​នេះ​ មាន​រយៈកាល​៣​ឆ្នាំ ចំពោះ​ស្នាដៃ​ដែលជា​សមិទ្ធផល​របស់​លោក​នៅមាន​កម្រិត​នៅឡើយ ពុំទាន់​ឃើញ​លេចធ្លោ ជា​ដុំកំភួន​ឆ្លើយតប​ស្រប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ថ្ងៃ​ចូលកាន់​ដំណែង​នោះ​ផងដែរ​។​

ជាក់ស្ដែង​សមិទ្ធផល​ថ្មីៗ​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ខេត្ត​រតនគិរី គឺ​ទី​១-​ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​អូរ​ជុំ​ទៅ ​ស្រុក​តា​វែង​ លោក​សាងសង់​បាន​ជាង​ពាក់កណ្ដាល ​ហើយក៏​ទុកចោល​ដក​យក​គ្រឿង​ចក្រ​ចាកចេញ​ទៅធ្វើ​កន្លែង​ថ្មី​។​ ទី​២-ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​បរ​កែវ​ទៅ​ស្រុក​អណ្តូង​មាស លោក​ប្រធាន​សាងសង់​បាន​ជាង​ពាក់កណ្ដាល​ហើយ ក៏​ទុកចោល​រើ​គ្រឿងចក្រ​ទៅធ្វើ​កន្លែង​ថ្មី​ទៀត​​ ទុក​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា​ក្នុង​ការ​ធ្វើដំណើរ​ទាំង​រដូវ​ប្រាំង​ និង​រដូវវស្សា​ជាដើម​។​..ល​។ ហើយ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ និង​ភ័យខ្លាច​នៅ​រាល់​ការស្ថាបនា​សាងសង់​ផ្លូវ​ពី​សំណាក់​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​នៅមាន​កម្រិត​បែបនេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu