Ad Code

ឯកអគ្គរដ្ឋទូត​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ជួប​ប្រធានាធិបតី ដើម្បី​ជូន​សារតាំង​បំពេញការងារ​ជា​ផ្លូវការ



ភ្នំពេញ ​៖ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ លោក ជុំ សុន្ទរី រួម​ជា​មួយ​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​ចំនួន​១១​ប្រទេស​ផ្សេងទៀត បាន​ចូលជួប​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​ជូន​ព្រះរាជសារ​តាំងរបស់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ដែល​បាន​តែងតាំង​លោក​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​ព្រះរាជសារ​បញ្ចប់​អាណត្តិ​បេសកម្ម​របស់​ឯកអគ្គរាជទូត​មុន​។

នៅក្នុង​ចំណាប់អារម្មណ៍ នា​ឱកាស​នោះ​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា កម្ពុជា​សម្រេច​បានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច សង្គម ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមក​នេះ បន្ទាប់ពី​ទទួលបាន​មកវិញ​នូវ​សន្តិភាព និង​ស្ថិរភាព​ទាំងស្រុង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ លោក​បន្ត​ថា ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជំនួយ​អភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិក បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​រីកលូតលាស់​របស់​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​បាន​ជំរុញ​បន្ថែម​ទៀត ដោយ​ការ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ របស់​លោក​ប្រធានាធិបតី ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (Consolidated Appropriation Act 2018) ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងចំណោម​នោះ ក៏មាន​កម្ពុជា​ផងដែរ សម្រាប់​រយៈពេល​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ ទៅដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។

ឆ្លើយតប​ចំពោះ​ចំណាប់អារម្មណ៍​របស់លោក ជុំ សុន្ទរី លោក​ប្រធានាធិបតី​អាមេរិក បាន​លើកឡើង​ថា ការ​អញ្ជើញ​មកដល់​របស់​ឯកអគ្គ​រាជទូត​កម្ពុជា នៅ​ទីក្រុង​វ៉ាស៊ីនតោន ពិត​ជា​មាន​សារៈសំខាន់​នៅក្នុង​កម្រិត​ជាច្រើន​។ វា​មាន​អត្ថន័យ​បញ្ជាក់​អំពី​ទំនាក់ទំនង ដែល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ក្នុង​រយៈកាល​ជាង​២៥​ឆ្នាំ ដែល​យើង​ទទួល​បាន បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

លោក​បញ្ជាក់​ថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ក្នុង​ពេលនេះ គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ហើយ​សហរដ្ឋអាមេរិក មាន​មោទនភាព ដែល​ជា​ដៃគូ​នៅក្នុង​កិច្ចអភិវឌ្ឍន៍​នេះ​។​

​លោក ដូ​ណា​ល់​ត្រាំ​លើកឡើង​ទៀត​ថា “​យើង​ដឹងថា កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ធំធេង​ជាង​នេះ នៅក្នុង​អនាគត ហើយ​យើង​មាន​ក្តី​រីករាយ​ធ្វើការ​ជាមួយគ្នា​។ នៅ​ចំពោះ​មុខការ​ប្រឈម និង​កាលានុវត្តភាព​ជាច្រើន​អនេក​។ យើង​មានការ​រំពឹងថា នឹង​មាន​ការ​រីកចម្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី និង​ត្រឹមត្រូវ សន្តិសុខ​តំបន់ និង​អភិបាលកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រជាធិបតេយ្យ ហើយ​យើង នឹង​ខិតខំ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សុខាភិបាល​ទូទៅ”។

នៅ​ទី​បញ្ចប់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សារ​រដ្ឋ​អា​មេ​រិក​បាន​បញ្ជាក់ថា​”​ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​ជាមួយ​ឯកឧត្តម ដើម្បី​ជំរុញ​របៀបវារៈ​រួម​របស់​យើង ហើយ​និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​”៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu