ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៩ពាន់ ៨រយលានរៀល ស្មើនឹងជិត ២.៥លានដុល្លារអាមេរិក ឧបត្ថម្ភដល់កម្មការិនី ដែលសម្រាលកូនជាង ២ម៉ឺន ៤ពាន់នាក់ និងសម្រាលកូនបានជិត ២ម៉ឺន ៥ពាន់នាក់នៅក្នុងរយៈពេលជាង៥ខែឆ្នាំ២០១៨កន្លងមកនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភដល់កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅពេលដែលពួកគេសម្រាលកូន។ គោលការណ៍ឧបត្ថម្ភនេះ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ។
តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានកម្មការិនី ដែលសម្រាលកូនជាង ២ម៉ឺន ៤ពាន់នាក់ និងសម្រាលកូនបានជិត ២ម៉ឺន ៥ពាន់នាក់បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ដោយកំណត់ថា កម្មការិនី សម្រាលបានកូន១ ទទួលបានការឧបត្ថម្ភ ៤០ម៉ឺនរៀល, កម្មការិនីសម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល សម្រាប់កម្មការិនីទទួលបានកូនភ្លោះ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។ ការសម្រេចនេះ ក្នុងគោលបំណងជួយសម្រួលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់កម្មការិនី។
តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងទៀតថា នៅក្នុងរយៈពេលជាង៥ខែឆ្នាំ២០១៨កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៩ពាន់៨រយលានរៀល ស្មើនឹងជិត ២.៥លានដុល្លារអាមេរិក ឧបត្ថម្ភដល់កម្មការិនី ដែលសម្រាលកូនជាង ២ម៉ឺន ៤ពាន់នាក់ និងសម្រាលកូនបានជិត ២ម៉ឺន ៥ពាន់នាក់៕
Source: Kampuchea Thmey Daily
0 Comments