ភ្នំពេញ ៖ រឿងរ៉ាវក្នុងគ្រួសារមួយ ខណៈពេលដែលជូនដំណើរកូនស្រីទៅបម្រើការតាមផ្ទះនៅប្រទេសជប៉ុន តែពេលមកដល់ផ្ទះ ស្រាប់តែកូនប្រុសពៅធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ។
តាមប្រភពពីលោកអនុសេនីយ៍ឯក ទេព បូរ៉ា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែមិថុនានេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមចាន់ថាមានយុវជនម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន។
លោកនាយប៉ុស្តិ៍បានបន្តថា តាមប្រភពពីស្ត្រីឈ្មោះឌិត គន្ធា អាយុ៥០ឆ្នាំ មុខរបរលក់បាយ បាននិយាយថា កូនប្រុសរបស់គាត់ឈ្មោះសៅ សុជាតិ អាយុ២០ឆ្នាំ បានចងកសម្លាប់ខ្លួន ខណៈនៅមុនពេលកើតហេតុក្រុមគ្រួសាររបស់បងស្រី បានជូនកូនស្រីទៅបម្រើការងារតាមផ្ទះនៅប្រទេសជប៉ុន ហើយជនរងគ្រោះនៅចាំផ្ទះ។
ម្តាយសពបាននិយាយទៀតថា កូនប្រុសពៅរបស់គាត់ ទើបនឹងមកពីខេត្តបន្ទាយមានជ័យបាន២ថ្ងៃប៉ុណ្ណោះ។ គាត់ជាម្តាយមិនដឹងថា កូនប្រុសមានវិបត្តិអ្វីទេ ទើបបានជាសម្រេចចិត្តចងកសម្លាប់ខ្លួនទាំងនៅវ័យក្មេង ដែលឪពុកម្តាយកំពុងស្រឡាញ់ពេញបេះដូង។
តាមការពិនិត្យធ្វើកោសល្យវិច័យទៅលើសពគឺនគរបាលអះអាងថា ជនរងគ្រោះ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន៕
Source: Kampuchea Thmey Daily
0 Comments