ភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់អះអាងថា ក្រសួងធម្មការ និងសាសនា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានបើកវគ្គបបណ្តុះបណ្តាលដល់អាចារ្យ-អាចារិនីចំនួន២៨វគ្គរួចហើយ ដោយមានអាចារ្យ-អាចារិនីជិត ១ម៉ឺននាក់ទទួលការបណ្តុះបណ្តាលតាមក្បួនខ្នាត ពិសេសត្រូវនឹងគន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
នេះជា ការលើកឡើងរបស់លោកហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីមកពីទូទាំងប្រទេសប្រមាណ១ពាន់នាក់នាសាលសន្និសីទចតុមុខ ព្រឹកថ្ងៃទី៦ មិថុនានេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ពិធីសំណេះសំណាលដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជាឱកាសសម្រាប់អង្គពិធីទាំងមូល ជាពិសេស អាចារ្យ-អាចារិនី បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ ដើម្បីធ្វើឱ្យការងារសេវាកម្មអាចារ្យកាន់តែល្អប្រសើរ។ លើសពី នេះទៀត ការកសាងសមត្ថភាពអាចារ្យ ពិតជាជួយលើកតម្កើងការថែរក្សា ទំនៀមទម្លាប់ប្រពៃណី និងអរិយធម៌ វប្បធម៌ និងសាសនារបស់ជាតិយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថា យើងទាំងអស់គ្នាចាត់ទុកថា វិស័យវប្បធម៌ និងសាសនាមិនមែនត្រឹមជាអត្តសញ្ញាណរបស់ជាតិ តែក៏ជាមូលដ្ឋានដ៏សំខាន់រួមចំណែកកសាងវិបុលភាពសង្គម សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល និងសុខដុមរមនាសម្រាប់ប្រទេសជាតិយើងផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យសាសនា វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ជាតិ តាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែររហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ និងគួរជាទីមោទនៈដូចពេលនេះ។ លោកជំទាវ បានសុំឲ្យអាចារ្យ-អាចារិនី បំពេញតួនាទីឲ្យបានល្អប្រសើរ សក្តិសមជាអ្នកដឹកនាំកិច្ច អ្នកបង្ហាត់បង្រៀន អ្នកពន្យល់បង្ហាញ និងជាបុគ្គលដែលគួរគោរព និងចូលរួមក្នុងការថែរក្សានូវកេរ្តិ៍មរតកវប្បធម៌ ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតទៅ៕
Source: Kampuchea Thmey Daily
0 Comments