ភ្នំពេញ ៖ រថយន្តស្ទូច១គ្រឿង ដែលគេឃើញមានដឹករ៉ូឡូ១គ្រឿងផង បានបើកបុកម៉ូតូ១គ្រឿងបណ្ដាលឲ្យរងបួសធ្ងន់និងស្រាលចំនួន៣នាក់ ជាម្តាយ និងកូន ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១០១៥ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនរងគ្រោះទាំង៣នាក់នោះ ១/ឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ។ ២/ឈ្មោះ សុខ ស៊ីថា ភេទស្រី អាយុ១៦ឆ្នាំ។ ៣/ឈ្មោះ ឱម សុខនាថ ភេទប្រុស អាយុ១០ឆ្នាំ ជាសិស្សសាលាបឋមសិក្សាភ្នំពេញថ្មី។ ជនទាំង៣នាក់ជាម្តាយ និងកូន មានទីលំនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។
សាក្សីម្នាក់ឈ្មោះ ចុន ជាមន្ត្រីសន្តិសុខសណ្ដាប់ធ្នាប់នៅសង្កាត់ភ្នំពេញថ្មីបាននិយាយថា នៅមុនពេលកើតហេតុ ស្ត្រី សុខ ដាលីន បាជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខភ្នំពេញ1AD8542 ដឹកកូនទៅរៀននៅសាលាបឋមសិក្សាភ្នំពេញថ្មី ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០១៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុនៅត្រង់ផ្លូវកែងលេខ១៩៦៦ ក៏ត្រូវរថយន្តធុនធំ១គ្រឿង
ម៉ាកFuso ពាក់ស្លាកលេខ ភ្នំពេញ3A0842 ជារថយន្តស្ទូចមានដឹករ៉ូឡូ១គ្រឿងផង បើកតាមផ្លូវលេខ១៩៦៦ ក្នុងទិសដៅពីកើតទៅលិច បានរេចង្កូតមកបុកភាគីម៉ូតូប្រាវ បណ្ដាលឲ្យរងរបួសធ្ងន់កូនៗ២នាក់ និងម្តាយរបួសស្រាល។ ចំណែកភាគីអ្នកបើកបររថយន្តបង្ក ភ័យពេករត់គេចខ្លួនបាត់ភ្លាមៗ នៅសល់តែព្រូឡានម្នាក់ឈ្មោះ ហុង។
ប៉ូលិសមូលដ្ឋានបាននាំយកយានយន្តទាំង២ភាគីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការសម្របសម្រួលដោះស្រាយគ្នាតាមផ្លូវច្បាប់ ហើយជនរងគ្រោះកំពុងទៅមន្ទីរពេទ្យ៕
ឡានស្ទូចបើកបុកម៉ូតូ របួសធ្ងន់-ស្រាល៣នាក់ ម្តាយ និងកូន
0 Comments