Ad Code

លោក​សាស្ត្រាចារ្យ ធា​ គ្រុយ​ បាន​ចូលរួម​បើក​សន្និបាត​ការងារ​សុខាភិបាល ​ឆ្នាំ​២០១៨​ និង​ លើក​ទិសដៅ​ឆ្នាំ​២០១៩ ​​



​បន្ទាយមានជ័យ​ ៖ ពេញ​១​ថ្ងៃៗ​ទី​៣ ​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ នៅ​សាលប្រជុំ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមាន​ជ័យ បាន​បើក​សន្និបាត​បូកសរុប​ការងារ​សុខាភិបាល​ឆ្នាំ​២០១៨​ លើក​ទិសដៅ​ឆ្នាំ​២០១៩ ​ផ្តោត​ទៅ​លើ​លោក​វេជ្ជបណ្ឌិត គ្រូពេទ្យ​ទាំងអស់ ​ក្នុង​ការផ្តល់សេវា​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព​ និង​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

កិច្ចប្រជុំ​សន្និបាត​បូកសរុប​នេះ​ មានការ​ចូលរួម​លោក​សាស្ត្រាចារ្យ​ ធា​ គ្រុយ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោកស្រី ប៉ុក​ណា​ឌី អភិបាលរង​ខេត្ត លោក​វេជ្ជបណ្ឌិត​ កែវ​ សុ​ភ័​ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​ និង​លោកគ្រូ​ពេទ្យ​ មកពី​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម​ផងដែរ​។​

កិច្ចប្រជុំ​សន្និបាត​បូកសរុប​នោះ​ លោក​វេជ្ជបណ្ឌិត​កែវ ​សុ​ភ័​ត្ត្រា​ បាន​មានប្រសាសន៍​ទៅកាន់​លោក​វេជ្ជបណ្ឌិត​ និង​គ្រូពេទ្យ​ថា​ ក្នុង​សន្និបាត​បូកសរុប​ឆ្នាំ​២០១៨​ លើក​ទិសដៅ​ឆ្នាំ​២០១៩ ​ក្នុង​គោល​បំណង​អភិវឌ្ឍន៍​ចំណេះដឹង​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ​ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​កែលំអ​រាល់​ចំណុច​ខ្វះខាត​របស់​លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់ ​ក្នុង​ការផ្តល់សេវា​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​កាន់តែ​មាន​គុណ​ភាព ​និង​ប្រសិទ្ធភាព​ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

លោក ​កែវ​ សុ​ភ័​ត្ត្រា ​បានបញ្ជាក់​ទៀតថា ​ក្នុង​សន្និបាត​នេះ​ផងដែរ​ ដើម្បី​ពិនិត្យមើល​ឡើងវិញ​រួមគ្នា​ពី​សមិទ្ធផល​លើ​ការងារ​ដែល​មន្ទីរ​សុខាភិបាល​រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ និង​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍ ​ដើម្បី​ស្វែង​យល់​ឲ្យ​កាន់តែច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​សុខាភិបាល ដែល​ត្រូវ​យកទៅអនុវត្ត​ ដោយ​ឈរ​លើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង ​សមធម៌​ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​ទៀតផង​។

​ក្នុងនោះ​ លោកស្រី​ ប៉ុក​ ណា​ឌី​ បាន​មានប្រសាសន៍ថា ​ក្នុង​សន្និបាត​នេះ​ មាន​សា​រះ​សំខាន់​ណាស់​សម្រាប់​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​សុខាភិបាល វិស័យ​ឯកជន អាជ្ញាធរ រដ្ឋ​អំណាច​មូលដ្ឋាន បាន​ចូលរួម​ធ្វើការ​វាយ​តម្លៃ​សមិទ្ធផល ​និង​វឌ្ឍនភាព​វិស័យ​សុខាភិបាល​ប្រចាំឆ្នាំ​លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ និង​ត្រូវ​ជំរុញ​ការអនុវត្ត​ការងារ​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ​នូវ​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ក្នុងនោះដែរ​ លោក​សាស្ត្រាចារ្យ​ ធា​ គ្រុយ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បានធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក​វេជ្ជបណ្ឌិត ​និង​លោកគ្រូ​ពេទ្យ​ទាំងអស់ ​ត្រូវបំពេញ​កិច្ចការ​ក្រម​សីលធម៌​វិជ្ជាជីវៈ ​និង​អាកប្បកិរិយា ​ឲ្យ​បាន​សមរម្យ​ ចំពោះ​អ្នក​ជំងឺ ​មិនត្រូវ​ប្រើ​អាកប្បកិរិយា​អសុរោះ​ដល់​អ្នក​ជំងឺ​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវា​សាធារណៈ ហើយ​លោក​បានធ្វើ​ការកោតសរសើ​រ​ដល់​លោក​វេជ្ជបណ្ឌិត​ និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ ឆ្នាំ​២០១៨​កន្លងមក​។ ​កត្តា​ជោគជ័យ​ទាំងអស់​នេះហើយ​ បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​យ៉ាង​ល្អប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​ទៀតផង​៕

    

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu