Ad Code

ផ្ទះ​១​ខ្នង​ ឈើ​លើ ​ថ្ម​ក្រោម​ ត្រូវ​ភ្លើង​ឆេះ​ម៉ត់ ​នៅ​សាលា​លេខ​៥ ក្នុងស្រុក​កំពង់ត្រឡាច



កំពង់ឆ្នាំង​ ៖​ ដោយសារ​ការ​ដុត​ធូប​ទៀន​ចោល​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ថ្ងៃសីល ផ្ទះ​មួយ​ខ្នង​ឈើ​ខាងលើ​និង​ថ្ម​ពីក្រោម​ បាន​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង។

គ្រោះ​អគ្គិភ័យ​ខាង​លើ​នេះ ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​សាលា​លេខ​៥ ស្ថិតក្នុង​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។​

​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​ មកដល់ពេលនេះ ​ករណី​ភ្លើង​ឆេះ​ផ្ទះ​ខាង​លើ​នេះ គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំ​ នៃ​ការខូចខាត​ច្បាស់លាស់​នៅឡើយ​ទេ ចំពោះ​មូលហេតុ​ នៃ​គ្រោះ​អគ្គិភ័យ​នេះ​សង្ស័យថា ​ដោយសារ​​​ភ្លើង​ធូប​ទៀន។​

​ដោយឡែក ​ប្រជាពលរដ្ឋ​នៅរស់​នៅ​ជិត​ផ្ទះ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ម្ចាស់ផ្ទះ ​ជា​អ្នក​ប្រកប​មុខរបរ​លក់​បង្អែម នៅក្នុង​ផ្សារ​សាលា​លេខ​៥ ហើយ​ករណី​ឆេះ​ផ្ទះ​នេះ សង្ស័យ​ថា​បណ្តាលមកពី​ការ​អុច​ភ្លើង​ធូប​ទៀន​ក្នុង​ថ្ងៃសីល ដោយពេល​ឆេះ​អស់​ភ្លាមៗ​ ម្ចាស់​មិនដឹង​ឡើយ ទើប​បង្ក​ឲ្យ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង រហូត​ឆេះ​ផ្ទះ​ស្ទើរតែ​ទាំងស្រុង​តែម្តង ទើប​មានការ​អន្តរាគមន៍​ពី​រថយន្ត​បាញ់​ទឹក​របស់​នគរបាល​ស្រុក​កំពង់ត្រឡាច។​

​សមត្ថកិច្ច​នគរបាល​បានឲ្យ​ដឹងថា​ ក្នុង​ការជួយ​ពន្លត់​ និង​ទប់ស្កាត់​កុំឲ្យ​រាលដាល​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើ​សកម្មភាព ដោយ​ប្រើប្រាស់​ទឹក​អស់​៣​ឡាន ​ទើប​គ្រប់គ្រង​សភាពការណ៍​បាន។ ដោយឡែក​ ក្នុង​គ្រោះ​អគ្គិភ័យ​នេះ មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​ឡើយ ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ និង​ផ្ទះ​ទាំងស្រុង៕


​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu