កណ្តាល ៖ នគរបាលស្រុកពញាឮខេត្តកណ្តាលបានធ្វើការឃាត់ខ្លួនបុរសម្នាក់យោងតាមពាក្យបណ្តឹងស្តីពីការប៉ុនប៉ងចាប់រំលោភស្ត្រីមានកូនតូចដែលមានមុខរបរលក់ស្រាថ្នាំនៅផ្ទះ។
លោកវរសេនីយ៍ ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃអង្គារ៩កើត ខែភទ្របទ ឆ្នាំច ២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង១០ព្រឹក ចំនុចសហគមន៍ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះស.ណ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរស៊ីឈ្នួលបោកខោអាវឲ្យគេ មានទីលំនៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះភាព សុភ័ក្រ. ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក .ស្រុកពញាឮ ខេត្តកណ្តាល។
លោកអធិការបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានទៅអង្គុយផឹកស្រាថ្នាំនៅក្រោមផ្ទះរបស់ជនរងគ្រោះតែម្នាក់ឯង។ លុះពេលផឹកអស់ស្រាជនសង្ស័យក៏ដើរចេញមកក្រៅបាន បន្តិចក៏ដើរចូលទៅក្រោមផ្ទះជនរងគ្រោះវិញ ជួនពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពង់ងូតទឹកចងពុងសារុងនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ឆ្លៀតពេលនោះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ទឹកចាប់អោបជនរងគ្រោះ តែពេលនោះកូនប្រុសរបស់ជនរងគ្រោះអាយុប្រហែល៣ឆ្នាំឃើញក៍យំហើយជនសង្ស័យក៏លែងជនរងគ្រោះរួចដើរចេញមកក្រៅផ្ទះមក។
លុះដល់ព្រឹកថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាតបន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments