Ad Code

ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​ទន្លេមេគង្គ Mekong Club Championship ត្រូវ​រំសាយ​ចោល​នៅ​ឆ្នាំ​២០១៨​នេះ



​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេរ​មេគង្គ Toyota Mekong Club Championship (TMCC) ដែល​ធ្លាប់​បាន​រៀបចំឡើង​បាន​៤​លើក​មកនេះ ត្រូវបាន​តំណាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​អះអាងថា​ នឹង​មិន​រៀបចំ​នោះ​ទេ នៅ​ឆ្នាំ​២០១៨នេះ ​ដោយ​ហេតុផល​ថា​ សកម្មភាព​ប្រកួត​បាល់ទាត់​របស់​ប្រទេស​ក្នុង​តំបន់​មានការ​មមាញឹក​ខ្លាំង​។

តំណាង​ក្រុមហ៊ុន​រថយន្ត Toyota ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ក្នុង​ពានរង្វាន់​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បានសម្រេច​មិន​រៀបចំ​ការប្រកួត​ពាន​រង្វាន់​TMCC ឆ្នាំ​២០១៨​នេះ​ទេ​។ មូលហេតុ​ចម្បង​ដែល​ក្រុមហ៊ុន​សម្រេច​រំសាយ​ការប្រកួត​នៅ​ឆ្នាំនេះ​គឺ​ដោយសារ​មើលឃើញថា កាលវិភាគ​ប្រកួត​រប​ស់​លី​គ​ក្នុងប្រទេស​តាម​ដង​ទន្លេរ​មេគង្គ​មានការ​មមាញឹក​ខ្លាំង​។ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​បន្តសកម្មភាព​រៀបចំ​ទិវា​បាល់ទាត់ (Football Clinic) ដល់​ក្រុមយុវជន​តាម​ប្រទេស​ក្នុង​តំបន់​នេះ​ដដែល​។

ពានរង្វាន់ TMCC ដែល​ធ្លាប់​រៀបចំ​កន្លងមក​មាន​រូបមន្ត​ប្រកួត​ផ្សេងៗ​គ្នា​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈ​ឆ្នាំ​២០១៤ ដែល​ជា​ឆ្នាំ​ដំបូង​គឺ​មាន​ក្រុម​ចំនួន​៤​ប្រទេស​ប៉ុណ្ណោះ ដែល​ចូលរួម​ពោល​គឺ​ក្រុម​ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​ប្រទេស​កម្ពុជា​,​វៀតណាម​,​ឡាវ និង​មី​យ៉ាន់​ម៉ា ខណៈ​ការប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​Gò Đậu Stadium ក្នុង​ទីក្រុង​Thủ Dầu Một ខេត្ត Bình Dương​របស់​វៀតណាម​។ កាលនោះ​ក្រុម​Becamex Bình Dương របស់​វៀតណាម ជា​ម្ចាស់​ជើងឯក ហើយ​ក្រុម​Ayeyawady United របស់​មី​យ៉ាន់​ម៉ា ជា​ជើងឯក​រង ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា ជា​ក្រុម​លេខ​៣​និង​ក្រុម​Hoang Anh Attapeu របស់​ឡាវ ជាប់​លេខ​៤​។



នៅ​ឆ្នាំ​២០១៥ មាន​មាន​ក្រុម​ចូលរួម​ចំនួន​៥​ដោយ​បូក​បន្ថែម​ក្រុម​មកពី​ប្រទេស​ថៃ​១​ទៀត ដោយ​ការប្រកួត​ធ្វើឡើង​នៅតាម​ទឹកដី​រៀងៗ​ខ្លួន​។ ការប្រកួត​ចែកចេញជា​៣​វគ្គ​ដោយ​វគ្គ​ទី​១​ក្រុម​នៅ​ប្រទេស​កម្ពុជា​,​ឡាវ និង​មី​យ៉ាន់​ម៉ា ប្រកួត​គ្នា​រក​ក្រុម​ខ្លាំង​ឡើងទៅ​ប៉ះ​ក្រុម​របស់​វៀតណាម ដែល​ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ​វគ្គ​នេះ​ត្រូវ​ឡើងទៅ​ប៉ះ​ក្រុម​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជា​លទ្ធផល​ក្រុម Buriram United របស់​ថៃ ឈ្នះ​ជើងឯក ហើយ​ក្រុម​បឹងកេត​របស់​កម្ពុជា ជា​ជើងឯក​រង ខណៈ​ក្រុម Becamex Bình Dương​។

នៅ​ឆ្នាំ​២០១៦ វិញ​តម្រូវឱ្យ​ក្រុម​នៅ​ប្រទេស​វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា ប្រកួត​គ្នា​សិន​មុន​ឡើងមក​ប៉ះ​ក្រុម​កម្ពុជា នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ មុន​បន្ត​ឡើងទៅ​ប៉ះ​ក្រុម​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។ ជា​លទ្ធផល​ក្រុម Buriram United របស់​ថៃ​ឈ្នះ​ជើងឯក​ហើយ​ក្រុម Lanexang United របស់​ឡាវ ឈ្នះ​ជើងឯក​រង និង​ក្រុម​បឹងកេត ឈរ​លេខ​៣​ម្តង​។

​ចំណែក​នៅ​ឆ្នាំ​២០១៧ វិញ​ក្រុម​មកពី​មី​យ៉ាន់​ម៉ា សុំ​មិន​ចូលរួម​ប្រកួត​ដោយ​តម្រូវឱ្យ​ក្រុម​វៀតណាម ប៉ះគ្នា​ជាមួយ​ក្រុម​កម្ពុជា មុន​ឡើងទៅ​ប៉ះ​ក្រុម​ឡាវ នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​បន្ត​ឡើងទៅ​ប៉ះ​ក្រុម​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រុម​Muangthong United របស់​ថៃ ជា​ម្ចាស់​ជើងឯក ហើយ​ក្រុម​Sanna Khánh Hòa របស់​វៀតណាម ឈ្នះ​ជើងឯក​និង​ក្រុម​Lao Toyota របស់​ឡាវ ឈ្នះ​លេខ​៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu