ភ្នំពេញ ៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំយុវជន និងកីឡា នឹងបង្កើនការបណ្តុះបណ្តាលដល់នាយកសាលា និងគ្រូបង្រៀនដើម្បីគ្រប់គ្រងសាលានិងការបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតស្របទៅតាមការធ្វើកំណែទម្រង់របស់វិស័យអប់រំ។
លោកបានបន្តថា ការបណ្តុះបណ្តាលដល់នាយកសាលាគឺផ្តោតទៅលើការគ្រប់គ្រងសាលាឲ្យបានល្អ ទាំងអភិបាលកិច្ច គុណភាពការបង្រៀន ការរៀន និងការវាយតម្លៃរបស់សិស្សក្នុងន័យអន្តរាគមន៍ដើម្បីកែលម្អ ការរៀបចំផែនការ ការអនុវត្តផែនការ ការរៀបចំថវិកានិងអធិការកិច្ចតាមសាលានីមួយៗជាដើម។
លោកបានបន្ថែមទៀតថា លើសពីនេះទៀតការតែងតាំងនាយកសាលានីមួយៗគឺអនុវត្តទៅតាមអនុក្រឹត្យស្របតាមប្រតិភូកម្មអំណាចដល់ថ្នាក់ក្រោមជាតិដោយចាប់ពីអនុប្រធានមន្ទីរអប់រំ ប្រធានការិយាល័យ នាយកនាយករងសាលាគឺតែងតាំងដោយថ្នាក់ក្រោមជាតិតែត្រូវធ្វើសំណើមកក្រសួងអប់រំយុវជននិងកីឡាដើម្បីពិនិត្យលើកិត្យានុកូលភាព។
ពាក់ព័ន្ធបញ្ហានេះ លោករស់សាលីន បានបន្ថែមទៀតថា ក្រសួងបានរៀបចំរួចហើយពីលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសធ្វើម៉េចឲ្យនាយកសាលាឬប្រធានអង្គភាពនោះមានសមត្ថភាពទាំងកម្រិតគុណវុឌ្ឍទាំងអតីតភាពការងារ បទពិសោធន៍ និងភាពរឹងមាំក្នុងការដឹកនាំអង្គភាពដើម្បីមានការរីកចម្រើនស្របទៅតាមបរិបទនៃកំណែទំរង់វិស័យអប់រំបច្ចុប្បន្ន។
ទន្ទឹមនឹងបណ្តុះបណ្តាលនាយកសាលាក្រសួងអប់រំយុវជននិងកីឡាក៏បានបណ្តុះបណ្តាលដល់គ្រូបង្រៀនផងដែរដើម្បីបង្រៀនសិស្សឲ្យមានគុណភាពខ្ពស់។
លោករស់សាលីនបានមានប្រសាសន៍ទៀតថា «ជារួមក្រសួងតែងអនុវត្តរាល់ឆ្នាំដើម្បីបង្កើនគុណវុឌ្ឍគ្រូបង្រៀនតាមប្រព័ន្ធពន្លឿន ដែលនេះជាឆ្នាំទី៣ហើយដែលឆ្នាំទី១បានដំឡើងគ្រូពី១២បូក២ទៅបរិញ្ញាបត្រកម្រិតមធ្យមសិក្សាបាន១ពាន់នាក់ឆ្នាំ២០១៧បាន៨០០នាក់នឹងឆ្នាំ២០១៨នេះប្រមាណ៨០០នាក់ដែរ»។
លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្លាប់បានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានបង្កើនថវិកាបន្ថែមទៀតដល់ក្រសួងអប់រំដែលជាក្រសួងអាទិភាពក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនិងជាគន្លឹះធានាដល់កំណើនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិហើយកន្លងមកក្រសួងនេះបានធ្វើកំណែទំរង់បានល្អច្រើន។
លោកបានបន្តថា ថវិកាសម្រាប់ឆ្នាំ២០១៨នេះគ្រោងផ្តោតទៅលើគ្រូបង្រៀន និងសាលារៀនដូចជាគាំទ្រដល់ការកែសម្រួលរចនាសម្ព័ន្ធ និងអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់ក្រសួងអប់រំ គាំទ្រដល់ការអប់រំកម្រិតនៅបឋមសិក្សា និងមធ្យមសិក្សាដោយផ្តោតលើការទ្រទ្រង់កម្រិតការចុះឈ្មោះនៃការចូលរៀន និងបង្កើនគុណភាពអប់រំនៅកម្រិតបឋមសិក្សា, បង្កើនលទ្ធភាពចូលរៀន និងគុណភាពអប់រំនៅកម្រិតមធ្យមសិក្សាឱ្យកាន់តែល្អប្រសើរថែមទៀត, តាមរយៈការពង្រឹងការគ្រប់គ្រងសាលារៀន, ការផ្គត់ផ្គងសម្ភារៈសិក្សា និងថវិកា, ការពង្រឹងវិន័យគ្រូបង្រៀន ព្រមទាំងទាក់ទាញការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនៅហ្នឹងកន្លែង។
លោកបានបន្ថែមថា លើសពីនេះទៀត គាំទ្រដល់ការកែទម្រង់ការប្រឡង ការរៀបចំកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល បន្តវិនិយោគលើការសាងសង់អគារសិក្សាបន្ថែមទៀត និងបន្តគាំទ្រដល់ការបន្តបង្កើតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ថែមទៀតបន្តពង្រីកសាលាជំនាន់ថ្មី ជាពិសេសនៅកម្រិតបឋមសិក្សា រួមទាំងឧត្តមសិក្សាព្រមទាំងលើកទឹកចិត្តដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ទាំងខាងផ្នែកវិទ្យាសាស្ត្រ និងទាំងផ្នែកសង្គមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments