ក្រចេះ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១២ ខែសីហានេះ ដោយជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រជាពលរដ្ឋ ក្នុងរឿងដីធ្លីនៅស្រុកស្នួល។
ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលឃាត់ខ្លួន ពីបទករណីឆបោក និងករណីជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈនៅចំណុចគីឡូម៉ែត្រ១១៥ ភូមិជើងឃ្លេ ឃុំ២ធ្នូរ និងចំណុចត្រពាំងស្រែ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពកៀរគរ និងឆបោក ដោយប្រមូលលុយពីប្រជាពលរដ្ឋប្រមាណជា៤០០នាក់ ក្នុងម្នាក់ចំនួន២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ដោយសន្យារត់ការសុំប័ណ្ណកាន់កាប់ដីធ្លីពីប្រមុខរដ្ឋាភិបាលបែងចែកដីជូនប្រជាពលរដ្ឋនៅតំបន់នោះ។
ជនសង្ស័យទាំង៥នាក់ មានទី១-ឈ្មោះ ជឹម សំណាង ហៅ(គង់ សុជាតិ) ជាមេខ្លោង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតេជោ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ មុខរបរមិនពិតប្រាកដ ,ទី២-ឈ្មោះ ស៊ីវ សុថន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង មុខរបរជាអ្នកសារព័ត៌មានមរតកតេជោ ,ទី៣-ឈ្មោះ សៃ យ៉ង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិស្ទៀង រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ,ទី៤-ឈ្មោះ គី ហេម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិស្ទៀង រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ,ទី៥-ឈ្មោះ ខាត់ ឡិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិស្ទៀង រស់នៅភូមិត្រពាំងស្រែ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកាលពីព្រឹកមិញនេះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
បញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅតុលាការ ពីបទឆបោកប្រជាពលរដ្ឋក្នុងរឿងដីធ្លី នៅស្រុកស្នួល
0 Comments