Ad Code

សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​ពង្រឹង​សន្ដិសុខ​សណ្ដាប់ធ្នាប់​តាម​ព្រំដែន



ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​ពង្រឹង​ស្ថិរភាព​សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​នៅ​តាម​ព្រំដែន​ឲ្យ​បានល្អ​ប្រសើរ ​ខណៈ​បច្ចុប្បន្ន​បទល្មើស​នៅ​តាម​ព្រំដែន​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​នោះ។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ដើម្បី​ផ្លាស់ប្ដូរ​សភាពការណ៍​ និង​រៀបចំ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​សហការ​ដោះស្រាយ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រសិទ្ធភាព​ពិសេស​បទល្មើស​ឆ្លងដែន​ផ្សេងៗ។

ការជំរុញ​របស់​សម្តេច​ក្រឡាហោម​នេះ ​បាន​ធ្វើឡើង​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ ​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ បន្ទាប់ពី​នៅ​តែ​មាន​បាតុភាព​កើត​ឡើង​ជារឿយៗ​នៅ​តាម​ព្រំដែន​ពាក់ព័ន្ធ​នឹង​ បទល្មើស​និង​ការ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ដែល​ជា​បច្ច័យ​អាក្រក់​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​តំបន់​ព្រំដែន ​ ប៉ះពាល់​ដល់​មិត្តភាព​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​កម្ពុជា​។​

ដើម្បី​ពង្រឹង​ការងារ​ទាំងនេះ​ឲ្យ​បានល្អ​ប្រសើរ​នោះ​សម្តេច​ ក្រឡាហោម​សខេង​បាន​ណែនាំ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​យកចិត្តទុកដាក់​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​និង​សណ្តាប់ធ្នាប់​តាមរយៈ​ប្រមែប្រមូល​ព័ត៌មាន​ជាប្រចាំ​ដើម្បី​មាន​វិធានការ​ទាន់​ពេល​វេលា​ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើ​ស្រប់​ប្រភេទ​ប្រកបដោយ​ប្រសិទ្ធភាព​ដូចជា​អំពើ​ភារវកម្ម​ការ​ជួញដូរ​ដឹក​​ជញ្ជូន​គ្រឿង​អាវុធជាតិផ្ទុះ ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម​ខុសច្បាប់ ការដឹក​ជ​ញ្ជូន​អនុផល​ព្រៃឈើ​ខុសច្បាប់​។​

ជាមួយគ្នានេះ​ត្រូវ​សហការ​ជាមួយ​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ​សហគ្រាស សិប្បកម្ម និង​វិស័យ​ឯកជន​ដើម្បី​អប់រំ​និង​គ្រប់គ្រង​និយោជិត បុគ្គលិក​និង​កម្មករ​និង​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ច្បាប់​បទ​បញ្ញាតិ​ព្រំដែន របៀបរបប​ចេញចូល​ប្រទេស​និង​មិន​ធ្វើដំណើរ​ដោយ​ខុសច្បាប់​។​
​សម្តេច​ក្រឡាហោម​សខេង​បាន​បន្ថែមថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ពង្រឹង​វិធានការ​ការត្រួតពិនិត្យ​ច្រក​ឆ្លងកាត់​ចេញចូល​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​លើក​កម្ពស់​សមត្ថភាព​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​ច្រកទ្វារព្រំដែន​។ ​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ចេញចូល​ព្រំដែន​ស្របច្បាប់​ដើម្បី​ប្រកបមុខរបរ​ប្រចាំថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម​ឬ​មានធុរៈ​ចាំបាច់​ផ្សេងៗ​។​ ទន្ទឹម​នឹង​នេះ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ចេញចូល​មិន​ស្របច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ជាពិសេស​ ត្រូវ​លុប​បំបាត់​ច្រករបៀង​តាម​ព្រំដែន​ទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន។

ចំណែក លោក មឿង តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​បាន​​​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦​ ខែមិថុនា​ឲ្យ​ដឹងថា ​«​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​វិធានការ​នេះ​ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់បន្ថយ​បទល្មើស​ឆ្លងដែន​ផ្សេងៗ ​និង​ជួយ​គាំពារ​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ធ្វើដំណើរ​ទៅ​ប្រទេសជិតខាង​កាន់តែ​មាន​សុវត្ថិភាព​ថែមទៀត​»​។​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu